៤ ឆ្នាំចុងក្រោយនេះ ទុនវិនិយោគលើវិស័យសំណង់ក្នុងខេត្ត ព្រះសីហនុ កើនដល់ជាង ៧ ពាន់លានដុល្លារ

រយៈពេល ៤ ឆ្នាំ ចុងក្រោយមកនេះ ទុនវិនិយោគលើវិស័យសំណង់ក្នុង ខេត្ព ព្រះសីហនុ ត្រូវបានរាយការណ៍ថា មានចំនួនកើនឡើងរហូតដល់ជាង ៧ ពាន់លានដុល្លារ ដែលសរុបទៅមានគម្រោងសាងរហូតដល់ ១៣៥៥ គម្រោង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបនៅទីស្ដីការគណរដ្ឋមន្ត្រី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ៖«ទាក់ទិននឹងការអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺកត់សម្គាល់ឃើញថាមានភាពរីកចម្រើនខ្លាំង  ដែលបានទាក់ទាញលំហូរទុនវិនិយោគបានរហូតដល់ជាង ៧ ពាន់លានដុល្លារ»។

លោកបានមានប្រសាសន៍ទៀតថា គិតចាប់ពីឆ្នាំ ២០១៧ រហូតដល់ ខែ ឧសភា ឆ្នាំ ២០២០ នេះ គម្រោងសាងសង់នៅទូទាំងខេត្ត ព្រះសីហនុ ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន ១៣៥៥ គម្រោង ហើយសាងសង់លើផ្ទៃដីសរុប ១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបជាង ៧.០៩៩.៤១៧.២២៧ លានដុល្លារអាមេរិក។

លោកក៏បានបន្ថែមទៀតថា មុនពេលផ្ទុះឡើងនូវជំងឺ កូវីត១៩ ការវិនិយោគផ្ទាល់ពីបរទេសនៅខេត្តនេះ ភាគច្រើនមកពីប្រទេសចិនដោយកត់សម្គាល់ថាអ្នករស់នៅក្រុងព្រះសីហនុគឺជាជនជាតិចិនពាក់កណ្តាលផងដែរ។

ទន្ទឹមនឹងនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានមានប្រសាសន៍ថា ខេត្តព្រះសីហនុបានក្លាយជាទិសដៅដ៏មានប្រជាប្រិយបំផុត សម្រាប់វិនិយោគិនបរទេស និងជាតំបន់មួយដែលត្រូវបានគេឃើញថាមានការកើនឡើងខ្លាំងនៃការវិនិយោគ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

តាមរយៈ លោក ចេង ស្រុង ដែលជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដី បានថ្លែងប្រាប់ឲ្យដឹងថា ការអភិវឌ្ឍន៍ និងគ្រប់គ្រងលើវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ ត្រូវបានបង្កើនការយកចិត្តទុកដាក់ រឹតបណ្តឹងទៅលើគុណភាពសំណង់ ដែលគោរពស្របទៅតាមវិធានការ និងការណែនាំត្រឹមត្រូវពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ គិតចាប់ពីឆ្នាំ ២០០៥ រហូតដល់ ២០២០ សម្រាប់សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត ព្រះសីហនុ មានកម្ពស់ចាប់ពី ៥ ដល់ ៥៣ ជាន់ មានចំនួន៥២៩គម្រោង៕

ដោយ៖ ស្រីពេជ្រ