៥ ខែដំបូងឆ្នាំ ២០២០ កម្ពុជាទទួលបានចំណូលជាង ១៨ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ៥ ​ខែ ដំបូងនៃ ​ឆ្នាំ ២០២០ នេះ គឺទទួលបានប្រមាណ ១៨ លានដុល្លារ ​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​​អង្គរ​ ដែល​ជា​ស្ថាប័នរដ្ឋ​​គ្រប់គ្រង​ការ​លក់​សំបុត្រ​សម្រាប់​តំបន់​ទេសចរណ៍​​ខេត្តសៀមរាបនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០នេះ ។​

យោង​តាមរយៈសេចក្ដីប្រកាសដដែលបាន​ឲ្យ​ដឹង​ថា គិតចាប់ពីខែ មករា ដល់ ខែ ឧសភា នេះ ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​​អង្គរ​​មាន​​​ចំនួន ១៨,០២១,៣៣៦ ដុល្លារ ធ្លាក់ចុះ ៦៤.១៨ភាគរយ ​ ​បើ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ខណៈចំនួនសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវបរទេសចំនួន ៣៨៦,០៩៣ នាក់។

ជាមួយគ្នានេះ សម្រាប់ប្រាក់ចំណូលជាង ១៨ លានដុល្លារនេះ ត្រូវដកចំនួនជាង ៧៧ ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការ ព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

 

លោកស្រី ឆាយ​ ស៊ីវលីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាធ្លាប់លើកឡើងកាលពីពេលកន្លងយ៉ាងដូច្នេះថា៖ «​ការ​ធ្លាក់​ចុះ​​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​អង្គរ​​ អាច​បណ្តាល​មក​ពី​មាន​ការ​ប្រកួត​ប្រ​ជែង​ខ្លាំង​ជាមួយ​ប្រទេស​ជិត​ខាង ភ្ងៀវទេសចរមានចំណាប់អារម្មណ៍ជាមួយប្រទេសជិតខាងជាង»

ទន្ទឹមនឹងនេះ បញ្ហាដែលចោទធ្ងន់ធ្វើឲ្យកម្ពុជា បាត់បង់ភ្ងៀវទេសចរនោះគឺបណ្ដាល់មកពីការរីករាលជាសាកលនៃជំងឺកូវីត​ ១៩ ដែលធ្វើឲ្យមនុស្សជាច្រើនខ្លាចរអាមិនហ៊ានចេញដើរទៅណាផ្ដេសផ្ដាស់។ មិនមែនតែ កម្ពុជា នោះទេដែលទទួលរងផលប៉ះពាល់ សូម្បីតែបណ្ដាលប្រទេសធំៗ ដែលជាមហាអំណាចផ្នែកសេដ្ឋកិច្ចជាច្រើនក៏ជួបនឹងបញ្ហាទាំងអស់នេះដូចគ្នា។

ជាក់ស្ដែង ដើម្បីចូលរួមដោះស្រាយបញ្ហាមួយនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានចូលរួមបើកនូវកិច្ចប្រជុំពិសេស ស្តីពីផលប៉ះពាល់នៃជំងឺ កូវីត១៩ លើវិស័យទេសចរណ៍អាស៊ាន តាមរយៈវីដេអូ Video Conference ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជួយសង្ក្រោះវិស័យទេសចរណ៍នៅចំពោះមុខ។

បន្ថែមពីនេះ ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖

១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ

២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ

៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ

ចំពោះការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។

គួរបញ្ជាក់ បច្ចុប្បន្ននេះ វិស័យទេសចរណ៍របស់ កម្ពុជា ត្រូវបានជាប់គាំងស្ទើរតែទាំងស្រុងដោយសារតែការរឹតត្បិតក្នុងការធ្វើដំណើរខ្លាំង ដែលជាហេតុធ្វើឲ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះជាង ៩០ ភាគរយគិតត្រឹមខែ មេសា ឆ្នាំនេះ។ តែទោះជាយ៉ាងណាក្ដី ក៏មានការអះអាងថា វានឹងត្រលប់មកល្អប្រសើរឡើងវិញ ក្រោយកូវីត ១៩ បញ្ចប់នៅក្នុងរយៈពេលខាងមុខ។ រីឯចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាក៏ត្រូវបានគេជឿជាក់ថានឹងកើនឡើងទ្វេដង ឬ បីដង៕

ដោយ៖ ស្រីពេជ្រ