៥ ខែ ដំបូងឆ្នាំ ២០២០ កម្ពុជា រកចំណូលបានជិត ២០០ លានដុល្លារ ពីការនាំចេញកង់ ទៅកាន់ទីផ្សារអន្ដរជាតិ

គិតត្រឹមរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ នេះ កម្ពុជា បាននាំចេញកង់ទៅកាន់ទីផ្សារអន្ដរជាតិ សរុបចំនួន ៨៧  ម៉ឺនគ្រឿង ដែលមានការកើនឡើងប្រមាណ ២០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ និងបានក្លាយជាជាប្រទេសនាំចេញកង់ ឈានមុខគេមួយនៅលើពិភពលោកផងដែរ។

យោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចំណូលដែលបានមកពីការនាំចេញទោចក្រក្រយាននេះ គឺមានរហូតដល់ជាង ១៩៧ លានដុល្លារ ដែលបានកើនឡើង ២៦ ភាគរយ ហើយសហគមន៍អឺរ៉ុបជាទីផ្សារធំជាងគេសម្រាប់ទោចក្រយានកម្ពុជា  ដែលនាំចេញបាន ៤៩៥ ៣៤១ គ្រឿង ក្នុងតម្លៃ ១១៩ លានដុល្លារ ។

ក្នុងនោះផងដែរ ក្រៅពីសហគមន៍អឺរ៉ុប កម្ពុជា បាននាំចេញកង់ទៅ សហរដ្ឋអាមេរិក បានចំនួនប្រមាណជា ២២៣ ៩១២គ្រឿង ក្នុងតម្លៃ ៤៤ លានដុល្លារ ខណៈ អង់គ្លេស មានចំនួន ១២៥ ៦០២ គ្រឿង ក្នុងតម្លៃ ២៥ លានដុល្លារ។ ហើយសម្រាប់ការនាំចេញទៅកាន់ទីផ្សារជប៉ុន ៣៣៨ គ្រឿងមានតម្លៃជាង ៩ ម៉ឺនដុល្លារ និងទីផ្សារផ្សេងៗ ទៀត ចំនួន ៣១៤១៩ គ្រឿង ក្នុងតម្លៃជាង ៩ លានដុល្លារ ។

សម្រាប់ការនាំចេញ កង់ កាលពី​ឆ្នាំ ២០១៩ កម្ពុជា​រកចំណូលបានទឹកប្រាក់​ចំនួនប្រមាណ ៤១៨លាន​ដុល្លារ កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​រកចំណូលបាន​ត្រឹម ៣៣១ លាន​ដុល្លារ​តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្នុងឱកាសពិភាក្សាជាមួយ ឯកអគ្គរាជទូតវិសាមញ្ញ ដែលចប់អណត្តិនៅកម្ពុជា លោក Horinouchi Hidehisa កាលពីពេលកន្លងទៅ  លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក៏ បានលើកឡើងយ៉ាងដូច្នេះថា កម្ពុជា ជាប្រទេសនាំចេញកង់ដ៏ច្រើន ទៅកាន់ទីផ្សារអ៊ឺរ៉ុប ប៉ុន្ដែសម្ភារៈ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលមកពីប្រទេសក្នុងតំបន់ បែបនេះហើយបើមានក្រុមហ៊ុនផលិតកង់ពី ជប៉ុន មកវិនិយោគលើឧស្សាហកម្មនេះគឺពិតជាការប្រសើរ ពីព្រោះកម្ពុជា កំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រទេសប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពីពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រីក៏បានស្នើរឲ្យដល់ លោកឯកអគ្គរាជទូត ឲ្យជួយកៀងគវិនិយោគិនពីប្រទេស ជប៉ុន មកបណ្ដាក់ទុនលើគ្រឿងបង្គុំ និងសម្ភារទោចក្រយាន ដើម្បីជួយលើកស្ទួយ និងពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារអន្ដរជាតិឲ្យកាន់តែបានច្រើនបន្ថែមទៀត។

គួររំលឹកផងដែរ បច្ចុប្បន្នវិស័យតម្លើងទោចក្រយាននៅ កម្ពុជា ក៏បាននឹងកំពុងតែទាក់ទាញក្រុមហ៊ុនតម្លើងកង់ល្បីៗ លើពិភពលោក និងទោចក្រគ្រឿងបង្គំទោចក្រយាន ឲ្យចូលមកវិនិយោគផងដែរ ហើយភាគច្រើនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត៕

ដោយ៖ ស្រីពេជ្រ​