៥ ខែ ដំបូង ឆ្នាំ ២០២០ កម្ពុជានាំចេញអង្ករ ៣៥ ម៉ឺនតោន កើនឡើងជាង ៤២ ភាគរយ

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ អង្ករ កម្ពុជា សម្រេចការនាំចេញបាន ៣៥៦,០៩៧ តោន កើនឡើងប្រមាណ ១០៥,៩២៥តោន ស្មើនឹង៤២.៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០,១៧២ តោន។ បើយោងតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី  ២៩ ខែឧសភា ឆ្នាំ ២០២០ នេះ។

តាមរយៈរបាយការណ៍ដដែលបន្តថា សម្រាប់ខែ ឧសភា ឆ្នាំ២០២០នេះ ការនាំចេញអង្ករសម្រេចបានចំនួន ៥៥,៨៤៥តោន កើនឡើងចំនួន ១៩,៤៣៦ តោនស្មើនឹង ៥៣.៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១,៦៨៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣,៥៧៨ តោន និងអង្ករចំហ៊ុយមានចំនួន៥៨៤តោន។

ទន្ទឺមនឹងនេះ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអឺរ៉ុបកើនចំនួន ៥១.១០%, ប្រទេសចិនកើនចំនួន២៥.២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន៤៥.៣៩%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន៧៩.៤០%។

ដោយឡែក បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ ចំពោះសន្តិសុខស្បៀងសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញ «អង្ករស» មួយរយៈពេលខ្លីដោយសារ កូវីត១៩ ក៏ដោយ ការនាំចេញអង្ករក្រអូបរបស់កម្ពុជា បានសម្រេចជាង ៦៩ ពាន់តោន ដែលផ្តល់នូវតំលៃមួយយ៉ាងខ្ពស់ សំរាប់អាជីវករ និងអ្នករកស៊ី នៅក្នុងវិស័យស្រូវអង្ករ។

មែនទែនទៅ ការកើនឡើងនូវការនាំចេញអង្ករ ក្នុងរយៈពេល​ ៥ ខែចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ដោយសារតែកំណើនទីផ្សារសហគមន៍អ៊ឺរ៉ុប ងើបឡើងវិញ ខណៈទីផ្សារថ្មីដូចជា ហុងកុង លោតខ្លាំងមែនទែន រីឯអូស្ដ្រាលី ក៏មានការកើនឡើងខ្លាំងដែរ។

ចំពោះប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន៥៤ប្រទេស ដែលនៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងប្រទេសចំនួន ២៣ ផ្សេងទៀត។ បន្ថែមពីនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

គួររំលឹកផងដែរ ​ក្នុងកំឡុងពេល ៤ ខែ ដំបូងនៃ ឆ្នាំ ២០២០ ពោលពីខែ មករា ដល់ មេសា បើទោះជាមានការរីករាលដាលជាសាកលនៃ កូវីត១៩ ក៏ កម្ពុជា អាចនាំចេញអង្ករជាង ៣០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុប ២១០ លានដុល្លារ  ខណៈបរិមាណនាំចេញនេះ មានការកើនដល់កម្រិតខ្ពស់ជាងគេ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ៕

ដោយ៖ ស្រីពេជ្រ