៥ ខែ នៃដើមឆ្នាំ ២០២០ កម្ពុជា នាំចេញអង្ករទៅ ចិន ប្រមាណ ១៣ ម៉ឺនតោន ខណៈប្រទេសនេះនៅតែទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់ កម្ពុជា

សម្រាប់រយៈពេល ៥ ខែ នៃដើមឆ្នាំ ២០២០ នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ប្រទេសចិនប្រមាណ ១៣.៦ ម៉ឺនតោន បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានការកើនឡើង ២៥% ស្មើនឹង ៣៨% នៃការនាំចេញសរុប។ ខណៈប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករ កម្ពុជា កាលពី ។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងបន្ដទៀតថា កម្ពុជា សម្រេចបានការនាំចេញអង្ករសរុបប្រ ៣៥៦ ០៩៧ តោន ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២០ ដែលមានកំណើន ជាង ៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០ ​១៧២ តោន។

ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ខែ គឺជាង ២៧ ម៉ឺនតោន ឬ ៧៧% ជាប្រភេទអង្ករក្រអូប ហើយ ១៨% ជាប្រភេទអង្ករស ក្រៅពីនោះជាង ៥% គឺជាអង្ករសរីរាង្គ អង្ករចំហុយ និង​អង្ករដំណើប។ យើងសង្កេតឃើញថា កំណើននាំចេញក្នុងរយៈពេល​ ៥ខែនេះ គឺអង្ករក្រអូបមានកំណើនជាង ​៣១% តែ អង្ករស មានកំណើនជាង ៧៩% ៦២ ៧៧៩តោន ដែល ៥ខែ នៃដើមឆ្នាំ២០១៩ មានត្រឹមតែ ៣៤ ៩៨៩​តោនប៉ុណ្ណោះ។ អង្ករសរីរាង្គក៏មានកំណើននាំចេញល្អផងដែរ គឺមានកំណើនជាង ​២៤% បើ​ ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

ទាក់ទិននឹងការនាំចេញ អង្ករ របស់ កម្ពុជា ទៅកាន់ទីផ្សារ ចិន លោក លន់ យ៉េ​ង អគ្គលេខាធិការនៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​បញ្ជាក់​​ថា ការ​នាំ​ចេញ អង្ករ​របស់​កម្ពុជា​ទៅ​ចិន នៅ​តែ​រក្សា​ក្នុង​កូតា​ដដែល ៤០ ​ម៉ឺន​តោន បែបនេះទើបជំរុញឲ្យមានការឡើង​។

លោកក៏បានបន្ដថា ម៉្យាងទៀត កាលពីអំឡុង​ពេល​មាន​ផ្ទុះ​កើតឡើង​នៃ កូវីត ១៩ ខ្លាំងក្នុងប្រទេសចិន សម្តេច តេ​ជោ ហ៊ុន សែន បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ដែលធ្វើ​ឲ្យ​ប្រជាជន​ចិន មានក្ដីរំភើប និងកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះ​ទឹកចិត្ត​របស់ សម្ដេច ​ ចំពោះ​ប្រទេស​ចិន ក៏​ដូច​ជា​ជន​ចិន បែបនេះហើយទើប​ពួក​គេ​ហាក់ដូចជាកាន់តែ​ចាប់អារម្មណ៍​ជាមួយ​កម្ពុជា ក៏​ដូច​ជា​ផលិតផល​អង្ករ​ និងផ្សេងៗ ទៀតរបស់​កម្ពុជាផងដែរ ​​។

បន្ថែមពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានបង្ហាញពីក្ដីរំពឹងថា ក្នុងឆ្នាំ ២០២០ នេះ ការនាំចេញអង្ករសរុប របស់កម្ពុជា នឹងអាចសម្រេចបានប្រមាណ ៨០ ម៉ឺនតោន បើទោះបីជាកាលពីឆ្នាំ ២០១៩ សម្រេចបានតែប្រមាណ ៦២ម៉ឺនតោន ក៏ដោយ។

គួរបញ្ជាក់ផងដែរ ក្រៅពីប្រទេស ចិន ក្នុងឆ្នាំ ២០២០ នេះប្រទេស កម្ពុជា ក៏បាននាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារដទៃទៀតដែលរួមមានដូចជា ប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤% ប្រមាណ ១២២ ០១០ តោន បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន ១៣% ប្រមាណ ៤៥ ៨២៥ តោន និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក ។ល។ មានចំនួន ១៥% ប្រមាណ ៥១ ៤៣៧ តោន៕

ដោយ៖ ស្រីពេជ្រ