៥ ចំណុចដែលមិនអាចខ្វះបាន សម្រាប់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ដើម្បីត្រៀមខ្លួនក្នុងការបើកដំណើរការហាងឡើងវិញម្ដងទៀតបន្ទាប់ពី COVID-19

យើងទាំងអស់គ្នាបានដឹងហើយថានៅក្នុងឆ្នាំ ២០២០ នេះគឺនៅស្ទើតែគ្រប់បណ្ដារប្រទេសទាំងអស់សុទ្ធតែជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺឆ្លង COVID-19 ហើយនៅប្រទេសរបស់យើងក៏ដូចគ្នាដែរ។ ដោយហេតុផលនេះទើបធ្វើឲ្យម្ចាស់អាជីវកម្មមួយចំនួនសម្រេចចិត្តបិទទ្វាមួយរយៈរង់ចាំដល់ស្ថានភាពមានភាពល្អប្រសើឡើងវិញ។ យ៉ាងណាមិញសម្រាប់ភោជនីយដ្ឋានក៏មិនខុសគ្នាដែរគឺធ្វើការបិទអាជីកម្មរបស់ខ្លួនមួយរយៈដោយសារតែគម្លាតសង្គម។ ប៉ុន្ដែតើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យភោជនីយដ្ឋានរបស់យើងមិនងាយក្នុងការបិទទ្វាម្ដងទៀត នៅពេលយើងបើកហាងឡើងវិញ ?

ខាងក្រោមនេះគឺជា ចំណុច៥សំខាន់ៗក្នុងការត្រៀមខ្លួនបើកភោជនីយដ្ឋានឡើងវិញ ៖

១. បង្ហាត់បង្រៀនបុគ្គលិករបស់អ្នកតាម Online មុនពេលមកធ្វើការផ្ទាល់

គោលការណ៍របស់ក្រុមហ៊ុន និងភោជនីយដ្ឋានមួយចំនួនបានធ្វើការផ្លាស់ប្ដូដោយសារតែជម្ងឺរាតត្បាត ដូច្នេះហើយក្នុងនាមអ្នកជាម្ចាស់ភោជនីយដ្ឋានអ្នកគួរតែទាក់ទងទៅរាល់បុគ្គលិករបស់អ្នកដើម្បីឲ្យពួកគេបានដឹងពី គោលការណ៍ថ្មី ការរចនាម៉ូតទៅលើមុខម្ហូបថ្មីៗ ការបម្រើសេវាកម្មថ្មី មុនពេលដែលពួកគេត្រលប់មកធ្វើការវិញ។ ការបណ្ដុះបណ្ដាលតាម Online គឺវាបង្ករភាពងាយស្រួលដល់បុគ្កលិករបស់អ្នកឲ្យយល់កាន់តែច្បាស់ពីតម្រូវការរបស់អតិថិជន និងមុខងារបស់ពួកគេ។

២. ដាក់គោលការណ៍ក្នុងការណែនាំសុវត្ថភាពដល់បុគ្គលិកនិងអតិថិជន

នៅខណៈពេលដែលបុគ្គលិករបស់អ្នកត្រូវបានបណ្ដុះបណ្ដាលបានយ៉ាងល្អក្នុងការបើកដំណើរការម្ដងទៀត អ្នកក៏គួរតែយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាពរបស់ពួកគេនិងអតិថិជនផងដែរ។ អ្នកគួរតែធ្វើប័ណ្ណបិទប្រកាសនៅលើជញ្ជាំង ការដាក់ទឹកអាល់កុលសម្រាប់សម្លាប់មេរោគ ដាក់សញ្ញាសំគាល់នៅលើឥដ្ឋប្រហែលចម្ងាយ ៦ ហ្វីត សម្រាប់កន្លែងគិតលុយរបស់អ្នក ដើម្បីក្រើនរំលឹកទៅដល់ពួកគាត់ឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ ។

៣. កំណត់ចំនួនអតិថិជនដែលអាចចូលក្នុងភោជនីយដ្ឋាន

ដរាបណាការដាក់ គម្លាតសង្គមដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលនៅតែបន្ដអនុវត្តន៍ នោះមានន័យថាភោជនីយដ្ឋានរបស់អ្នកក៏ត្រូវកំណត់ចំនួនភ្ញៀវដែលចូលមកក្នុងហាងដែរជៀសវាងមានមនុស្សច្រើនដែលអាចបង្ករហានិភ័យបាន។ ការកាត់បន្ថយចំនួនតុ និងដាក់តុឲ្យមានគម្លាតពីគ្នាគឺជាវិធីសាស្ត្រដែលល្អ ហើយចំណុចដែលល្អបំផុតគឺធ្វើការកក់ទុកជាមុនដើម្បីកុំឲ្យមានភ្ញៀវរងចាំនៅក្នុងហាងរបស់អ្នកច្រើន ។

៤. យកចិត្តទុកដាក់ទៅលើសុវត្ថិភាពបុគ្គលិករបស់អ្នកជាចម្បង

បុគ្កលិករបស់អ្នកគឺជាមនុស្សដែលប៉ះពាល់ជាមួយភ្ញៀវជាច្រើនបំផុត ដូច្នេះអ្នកត្រូវបា្រកដថាពួកគេមានសុវត្ថិភាព និងមានឧបករណ៍ការពារគ្រប់គ្រាន់សម្រាប់ខ្លួនពួកគេ និងអតិថិជនរបស់អ្នក។ អ្នកក៏គួរតែចំណាយលើការទិញឧបករណ៍ដែលចាំបាច់ខ្លះៗសម្រាប់ឲ្យពួកគេមានសុវត្ថិភាព និងមានអារម្មណ៍ថាសុវត្ថិភាពកំឡុងពេលបម្រើការងារផងដែរ ដូចជា  របំាងការពារមុខ ស្រោមដៃ ម៉ាស និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅដើម្បីការពារដល់ពួកគេ។

៥. ការបង្កើតកុ្រមដើម្បីផ្លាស់ប្ដូរគ្នាក្នុងការបម្រើសេវាកម្ម

ជាចុងក្រោយនេះ ជម្រើសដែលល្អបំផុតគឺការបែងចែកបុគ្គលិករបស់អ្នកជា ២ ឬ៣ក្រុមក្នុងការប្ដូវេនគ្នា ដើម្បីងាយស្រួលនៅពេលដែលមានក្រុមមួយឈប់សម្រាក់នឹងមានក្រុមមួយទៀតចូលមកបម្រើការងារបន្ដ ជៀសវាងធ្វើឲ្យហាងរបស់អ្នកបិទទ្វាម្ដងទៀត នឹងធ្វើឲ្យខាតបង់ប្រាក់ចំណូល។ ហើយអ្នកក៏ត្រូវតែឲ្យប្រាកដដែលថាបុគ្គលិករបស់អ្នកធ្វើការសម្អាតសម្ភារៈ ដែលប្រើប្រាស់បានស្អាតល្អ ដើម្បីកុំឲ្យមានការឆ្លងរោគផ្សេងៗ ។

សរុបជារួមមក នៅពេលដែលហាងរបស់អ្នកបិទទ្វាមួយរយះហើយក៏ចាប់ផ្ដើមក្នុងការបើកដំណើរការឡើងវិញអ្នកគួរតែយកចិត្តទុកដាក់ទៅលើកត្ដា៥ខាងលើដើម្បីបង្កើនការលក់របស់លោកអ្នកនឹងមិនងាយក្នុងការបិទទ្វាម្ដងទៀត ។

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា