៥ ចំណុចសំខាន់ៗ ដើម្បីធ្វើឲ្យអាជីវកម្មរបស់លោកអ្នកដើរបានយូរ និងទទួលបានជោគជ័យ

ការបើកអាជីវកម្មខ្លួនឯងគឺវាមានភាពខុសគ្នាពីការធ្វើការងារឲ្យគេ គឺអ្នកត្រូវលះបង់ការឈប់សម្រាកនៅថ្ងៃចុងសប្ដាហ៍ អ្នកអាចនឹងចូលគេងយប់ជ្រៅហើយក៏គ្មានប្រាក់ខែសម្រាប់អ្នកដែរ។ ព្រោះនៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មខ្លួនឯងពេលនោះអ្នកគឺជាម្ចាស់កម្មសិទ្ធិលើខ្លួនឯង ហើយអ្នកត្រូវចេះគ្រប់គ្រងរាល់ការចំណូល និងចំណាយផ្សេងៗ ដើម្បីធ្វើឲ្យអាជីវកម្មអ្នកដើរទៅមុខបាន។ ប៉ុន្ដែទន្ទឹមនឹងនោះផងដែរអ្នកត្រូវសួរខ្លួនឯងថា តើអ្នកប្រាកដទេដែលថាអាជីវកម្មរបស់អ្នកដើរទៅយ៉ាងរលូននឹងទទួលបានជោគជ័យ ? ដើម្បីធ្វើឲ្យការវិនិយោគរបស់អ្នកទទួលបានភាពជោគជ័យអ្នកត្រូវសិក្សាកត្ដាមួយចំនួនឲ្យបានច្បាស់នឹងស៊ីជម្រៅជាមុនសិន។

១. ការយល់ច្បាស់អំពីទីតាំងភូមិសាស្ត្រ

ការសិក្សារពីទីតាំងភូមិសាស្ត្រវាពិតជាសំខាន់ណាស់ក្នុងការបើកអាជីវកម្មគ្រប់ប្រភេទ ព្រោះបើសិនជាយល់ច្បាស់អំពី ទីកន្លែង ប្រទេស ឬតំបន់ ភូមិ ស្រុក នោះវាធ្វើឲ្យអ្នកងាយស្រួលក្នុងការជ្រើសរើសថា អាជីវកម្មប្រភេទណាដែរអ្នកគួរបើកដំណើរការនៅតំបន់នោះហើយទទួលបានជោគជ័យ។

២. ការសិក្សាអំពីប្រជាជន

ការយល់ច្បាស់អំពីប្រជាជនវាក៏ជាផ្នែកមួយដែលសំខាន់ផងដែរ យើងត្រូវស្វែងរកព័ត៌មានដែលអ្នកទាក់ទងនឹងពួកគាត់ថា អ្វីជាចំណង់ចំណូលចិត្តរបស់ពួកគាត់ ប្រពៃណី ជំនឿ ទំនៀមទំលាប់ សាសនា និងវប្បធម៌។ ការយល់ដឹងបែបនេះអាចឲ្យយើងងាយស្រួលក្នុងការដាក់ប្រភេទ ផលិតផល​ ឬក៏ទំនិញរបស់យើងចូលទៅ ហើយទទួលបានការគាំទ្រច្រើន។

៣. ការសិក្សាអំពីស្ថានភាពសេដ្ឋកិច្ច

បើសិនជាយើងយល់ដឹងអំពី ជីវភាពរបស់ពួកគាត់ ការងារ មុខរបរ ប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់មនុស្សដែលរស់នៅក្នុងតំបន់នោះ នោះវានឹងបង្ករភាពស្រួលដល់យើងក្នុងការដាក់តម្លៃទៅលើផលិតផល និងទំនិញរបស់យើង ដើម្បីឲ្យទទួលបានភាគរយខ្ពស់ក្នុងការលក់។

៤.​ ការសិក្សាអំពីនយោបាយ

ការសិក្សាទៅលើនយោបាយ ក៏ដូចជាច្បាប់ទម្លាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃតំបន់នោះ ឬប្រទេសនោះ វាក៏ជាផ្នែកមួយដែលអាចឲ្យយើងដឹងថា តើយើងអាចសុំសិទ្ធិចូលទៅបើកអាជីវកម្មនៅក្នុងតំបន់នោះបានដែរឬអត់។

. ការសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ

ការយល់ដឹងបែបនេះវាក៏មានសារៈប្រយោជន៍ដែរ ព្រោះគឺយើងត្រូវមើលទៅលើស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់នោះផងដែរថា តើវាមានភាពងាយស្រួលទេដែរអតិថិជនធ្វើដំណើរមកកាន់ទីតាំងរបស់យើង និងមានភាពរហ័សក្នុងការដឹកជញ្ជូនដែរឬទេ។ ជាពិសេសយើងក៏ត្រូវសិក្សាទៅលើ ប្រព័ន្ធទឹកប្រើប្រាស់ ប្រព័ន្ធអគ្គិសនី ក៏ដូចជាការផ្គត់ផ្គង់ភ្លើងឲ្យប្រើប្រាស់នៅក្នុងតំបន់នោះផងដែរ ។

ជាចុងក្រោយ ការបើកអាជីវកម្មមួយមិនមែនមានន័យថាឲ្យតែយើងមានដើមទុនគ្រប់គ្រាន់យើងសុទ្ធតែអាច​​បើក​​ដំណើរការបាននោះទេ គឺយើងត្រូវសិក្សាកត្ដាដែលបានរៀបរាប់ខាងលើជាមុនសិនទើបពេលបើកដំណើរ​ការអាជីវកម្មយើងអាចដើរទៅមុខបានយូរនឹងទទួលបានភាពជោគជ័យ៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា