៦ចំនុចសំខាន់ៗ ដែលសហគ្រិនគ្រប់រូបគួរតែរៀនសូត្រពីសត្វតោ

សត្វតោ ត្រូវបានគេចាត់ទុកថាជាស្ដេចសត្វ ដែលមានអំណាចនៅលើដីគោក វាជាសភាវៈមួយដែលមានភាពឆ្លាតវៀងវៃ រហ័សរហួន ចក្ខុមុតស្រួច ហេតុបែបនេះហើយទើបសត្វតោ តែងតែត្រូវបានមនុស្សយកមកធ្វើជាសត្វតំណាងនៅតាមស្ថាប័នផ្សេងៗ ក៏ដូចជា Logo ក្លឹបបាល់ទាត់ និងយីហោមួយចំនួនក្នុងពិភពលោក ដើម្បីបញ្ជាក់ និងប្រៀបប្រដូចពីភាពមោះមុត អង់អាច របស់ខ្លួនទៅនឹងសត្វតោ ។ ខាងក្រោមនេះជាក្បួនច្បាប់ទាំង ៦ ដែលអ្នកគួរតែរៀនសូត្រតាមសូត្រសត្វតោ៖

១ ភាពបរាជ័យ គឺជាមេរៀន 

ថ្វីបើត្រូវគេចាត់ទុកជាស្ដេចសត្វ តែសត្វតោក៏ធ្លាប់ធ្វើឲ្យចំណីរបស់ខ្លួនរត់រួចជារឿយៗ ក៏ប៉ុន្ដែវាមិនដែលគិតថានឹងបោះបង់ និងមានអារម្មណ៍ថាអស់សង្ឃឹមឡើយ ផ្ទុយទៅវិញវាកាន់តែប្រឹងប្រែងលើសមុនដើម្បីធ្វើយ៉ាងណាអាចចាប់បាននូវរបស់ខ្លួន។ ត្រង់នេះ វាក៏មិនខុសពីជីវិតមនុស្សជាក់ស្ដែងឡើយ មិនថាអ្នកមានឋានៈជាអ្វីក៏អ្នកមិនអាចនឹងទទួលបាននូវភាពជោគជ័យរហូតដែរ តែងតែមានភ្លាត់ តែអ្វីដែលសំខាន់កុំបាក់ទឹកចិត្ត ហើយចេះទទួលស្គាល់ និងស្វែងយល់ពីកំហុសរបស់ខ្លួន រួចអភិវឌ្ឍន៍ខ្លួនម្ដងបន្ដិចៗ រហូតដល់ដើរដល់គោលដៅរបស់ខ្លួន។

២ ការកំណត់គោលដៅ 

សត្វតោ វាបានកំណត់គោលដៅរបស់វារួចជាស្រេចមកហើយ នោះគឺត្រូវចាប់សត្វដទៃជាអាហារ និងគ្រប់គ្រងសត្វដទៃ មិនថាទោះបីជាមានឧបសគ្គយ៉ាងណា ក៏មិនអាចធ្វើឲ្យគោលដៅរបស់វាប្រែប្រួលបានឡើយ។ ស្រដៀងគ្នាដែរ កើតមកជាមនុស្សអ្នកត្រូវតែមានគោលដៅ និងកំណត់វាឲ្យបានច្បាស់លាស់ បើអ្នកមានភាពស្រពិចស្រពិល បែងចែកមិនដាច់ថាខ្លួនអ្នកចង់បានអ្វី ធ្វើអ្វីឲ្យប្រាកដនោះជីវិតអ្នកនឹងវិលវល់រកផ្លូវចេញទៅណាមិនរួចឡើយ។

៣) ការជឿជាក់លើគ្នា 

ភាគច្រើនយើងសង្កេតឃើញថា សត្វតោតែងតែចេញរកចំណីជាក្រុម និងសហការគ្នាបានយ៉ាងល្អក្នុងការចាំស្ទាក់ចំណីរបស់វា ជាលទ្ធផលឲ្យតែសត្វតោនេះរួមកំលាំងគ្នា គោលដៅរបស់វាពិតជាលំបាកក្នុងការគេចផុតណាស់។ ចំពោះមនុស្សក៏ដូចគ្នា បើចង់ទទួលបានជោគជ័យធំ ការធ្វើការជាក្រុមពិតជារឿងសំខាន់ ពីព្រោះបើគ្មានការសហការគ្នា ទំនុកចិត្តរវាងគ្នានឹងគ្នាពិតជាពិបាកធ្វើវាឲ្យសម្រេចទៅដោយរលូនណាស់។

៤) ផ្ដោតលើចំណុចសំខាន់ 

នៅពេលដែលពពួកសត្វតោចេញដើររក និងចាប់ចំណីជាអាហារ ពួកវាតែងតែរក្សាភាពស្ងប់ស្ងាត់ មិនជ្រួលច្របល់ ហើយអ្វីដែលសំខាន់វាផ្ដោតលើតែចំណីរបស់វាប៉ុណ្ណោះ។ ដូចគ្នាផងដែរ នៅពេលដែលអ្នកសម្រចចិត្តធ្វើអ្វីមួយ អ្នកគួរតែផ្ដោតអារម្មណ៍ឲ្យខ្លាំងទៅលើវា កុំមានគំនិតងាករេចង់ធ្វើរឿងច្រើននៅពេលតែមួយ ពីព្រោះថាបើស្រវាចាប់យកនេះផង យកនោះផង ចុងក្រោយលទ្ធផលអ្វីក៏មិនបានសម្រេច។

៥ ភាពអង់អាចក្លាហាន 

សត្វតោ ជាសត្វមួយដែលមានអំណាច វាមិនដែលខ្លាចរអានឹងគូសត្រូវរបស់វាឡើយ ប្រសិនបើមានអ្វីមករំខាន យាយីជីវិតរបស់វា សត្វនេះមិនខ្លាចឡើយក្នុងការតបតទៅសត្រូវរបស់ខ្លួនវិញ។ និយាយបែបនេះ មិនមែនឲ្យអ្នកវាយបកទៅអ្នកដទៃទាំងទទឹងទិសនោះឡើយ ក៏ប៉ុន្ដែបើមានជនអាក្រក់ព្យាយាមធ្វើបាបអ្នក អ្នកមិនត្រូវចុះចាញ់ឡើយ កុំបណ្ដោយឲ្យពួកគេមកបំផ្លាញជីវិតដ៏មានតម្លែដែលអ្នកខំកសាងឡើងមក ត្រូវធ្វើជាមនុស្សក្លាហានដែលហ៊ានប្រឈមមុខដោះស្រាយបញ្ហា និងរឿងដែលកើតមានឡើងនៅចំពោះមុខ។

៦ ភាពស្រស់បំព្រងក្នុងជីវិត

សត្វតោតែងតែជួបប្រទះជាមួយនឹងឧបសគ្គក្នុងជីវិតរបស់វា ប៉ុន្តែវាមិនដែលអនុញ្ញាតិឲ្យបញ្ហាទាំងនោះមកបំផ្លាញជីវិតរបស់ពួកវានោះទេ។ ជីវិតមនុស្សពិតជាខ្លី គ្មានមនុស្សណាដែលកើតមកគ្មានទុក្ខនោះទេ គ្រាន់តែអ្នកខ្លះជួបច្រើន អ្នកខ្លះជួបតិចប៉ុណ្ណោះ ដូច្នេះកុំបណ្ដោយឲ្យភាពសោកសៅទាំងអស់នោះមកបំផ្លាញជីវិតរបស់អ្នក ត្រូវចេះបង្កើតបរិយាកាសរីករាយដើម្បីជីវិតរបស់ខ្លួន ជួបអ្វីដោះស្រាយនឹងទៅ៕

អត្ថបទដោយ៖ ស្រីពេជ្រ