៧ហេតុផលដែលសិស្សនិទ្ទេសCតែងជាបុគ្គលជោគជ័យជាងគេនៅក្នុងលោក

មនុស្សជាច្រើន ចូលចិត្ដធ្វើការប្រៀបធៀប និងព្យាករណ៍ថា បុគ្គលនេះនឹងជោគជ័យ បុគ្គលនោះនឹងជោគជ័យតិចតួច ចំណែកបុគ្គលនោះនឹងមិនជោគជ័យអ្វីនៅក្នុងជីវិតឡើយ តាមរយៈយកស្ដង់ដារនៃការសិក្សារៀនសូត្ររបស់ពួកគេមកប្រៀបធៀប។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏គេតែងសង្កេតឃើញសិស្សដែលបាននិទ្ទេស C ច្រើនតែជោគជ័យនៅក្នុងមុខរបរច្រើនជាងសិស្សនិទ្ទេសផ្សេងៗទៀត ដោយហេតុផលមួយចំនួនដូចខាងក្រោម៖

១. ពួកគេដឹងពីអ្វីដែលពួកគេចង់បានជាងនរណាៗទាំងអស់

សិស្សនិទ្ទេស C មិនចំណាយពេលវេលាច្រើនម៉ោងមករៀននូវអ្វីដែលពួកគេគិតថាមិនមានសារសំខាន់​សម្រាប់ពួកគេនោះទេ ដែលមិនដូចជាសិស្សផ្សេងទៀតត្រូវតែធ្វើ។ ប្រសិនបើអ្នកចង់ក្លាយជាជាងធ្វើរថយន្ដ អ្នកពិតប្រាកដណាស់មិនត្រូវការសរសេរច្រើនរយពាក្យអំពីវប្បធម៌ ឬតែងសេចក្ដីដែលគិតពីផ្នត់គំនិត វែកញែក អ្វីនោះទេ ឬត្រូវចេះដឹងគ្រប់រឿងគ្រប់ផ្នែកនោះទេ។

២. ពួកគេសាកល្បងអ្វីដែលថ្មីមុនសិស្សផ្សេងទៀត

ភាគច្រើនសិស្សនិទ្ទេស C ចូលចិត្តធ្វើអ្វីមុនពេលវេលាមកដល់ ឬក៏ធ្វើមុនពេលដែលត្រូវធ្វើ ដែលនេះជាហេតុធ្វើឲ្យពួកគេច្រើនតែគេចចេញពីសាលាទៅធ្វើអ្វីដែលពួកគេចង់ធ្វើ និងជាហេតុផលដែលធ្វើឲ្យពិន្ទុរបស់ពួកគេច្រើនតែបានតិច ហើយក៏ជាបទពិសោធន៍ជាក់ស្ដែងដែលសិស្សនិទ្ទេសA តែងតែបាត់បង់ ឬមិនដែលមាន។

៣. ពួកគេតែងតែបានបង្កើតបណ្ដាញ និងទំនាក់ទំនងច្រើនជាងសិស្សពូកែ

នៅខណៈពេលដែលសិស្សពូកែ កំពុងតែផុងជាប់ជាមួយនឹងមុខវិជ្ជាដែលពិបាកៗនៅក្នុងសាលា សិស្សនិទ្ទេស C បានយកពេលនោះទៅស្គាល់មនុស្សថ្មីៗ ទៅរៀនធ្វើទំនាក់ទំនង និងរៀនអ្វីដែលធ្វើឲ្យពួកគេមិនសូវមានសម្ពាធដូចសិស្សពូកែ។ ដូចដែរអ្នកតែងបានសង្កេត បុគ្គលល្បីៗជាច្រើន ទទួលបាននូវភាពជោគជ័យនៅក្នុងអាជីប និងមុខជំនួញដោយសារតែការធ្វើទំនាក់ទំនងពូកែ។

៤. ពួកគេដឹងពីរបៀបដែលធ្វើឲ្យជីវិតរបស់ពួកគេសប្បាយរីករាយ

នៅអំឡុងពេលរៀននៅមហាវិទ្យាល័យពួកគេចូលចិត្តជួបគ្នា ជប់លៀង ឬជជែកកំសាន្ដ ឬរៀនសូត្របន្ទិចបន្តួច ដែលមើលទៅហាក់ដូចជាមិនសូវជាខ្វល់ខ្វាយពីអនាគតរបស់ពួកគេសោះ។ ពិតប្រាកដណាស់ ពួកគេដឹងថាពេលណា ត្រូវសប្បាយ ពេលណាត្រូវរៀន។ មិនដូចជាសិស្សពូកែ ពួកគេតែងខ្វាយខ្វល់ច្រើនពីអនាគតរបស់ពួកគេថានឹងអ្វីកើតឡើង ឬសម្រុកមើលមេរៀនដោយដាក់កំហិតការដើរហើររបស់ខ្លួនដែលធ្វើឲ្យពួកគេច្រើនតែមានគំនិតអវិជ្ជមានច្រើន នៅពេលដែលឃើញសកម្មភាពរបស់អ្នកដទៃ។ ប៉ុន្ដែអ្នកត្រូវចាំថា នៅកន្លែងការងារ ជំនាញរបស់អ្នកវារឿងដែលសំខាន់ហើយ តែអ្វីដែលសំខាន់ជាងហ្នឹងទៅទៀត នោះគឺគំនិតវិជ្ជមានដែលមាននៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះ ចូរប្រយ័ត្ននៅចំណុចមួយនេះ ព្រោះអ្នកដែលពូកែច្រើនតែប៉ឹងម៉ាត់ហួស ដែលធ្វើឲ្យអ្នកច្រើនតែមិនចុះសម្រុងនឹងមនុស្សនៅជុំវិញខ្លួន។

៥. ពួកគេតែងតែស្វែងរកវិធីងាយៗមកដោះសា្រយបញ្ហា

លោក Bill Gates ធ្លាប់បាននិយាយថា “ខ្ញុំតែងតែជ្រើសរើសមនុស្សដែលខ្ចិលមកធ្វើការដែលលំបាកៗ ដោយសារតែពួកគេតែងតែរកវិធីងាយៗ​ និងមានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហា”។ ជាការពិត មនុស្សដែលពូកែពេលខ្លះមើលបញ្ហាដែលសាមញ្ញ អាចក្លាយជាបញ្ហាដែលធំពិបាកសម្រេចចិត្ដក៏ថាបាន ប៉ុន្ដែមនុស្សដែលធម្មតាតែងមើលមកបញ្ហាក្នុងរូបភាពមួយសាមញ្ញ ដែលពួកគេងាយយល់ និងដែលមនុស្សពូកែតែងមើលរំលង។

៦. ពួកគេដើរតាមក្ដីស្រមៃរបស់ពួកគេ

បុគ្គលដែលជោគជ័យជាច្រើននៅក្នុងលោក គឺភាគច្រើន ច្រើនតែដើរតាមក្ដីស្រមៃរបស់ខ្លួន ច្រើនជាងដើរតាមនិន្នាការសង្គម។ ពេលខ្លះបុគ្គលមួយចំនួនសម្រេចចិត្តមិនចូលរៀននៅមហាវិទ្យាល័យ មិនមែនដោយសារតែពួកគេមិនយល់ពីតម្លៃនៃការអប់រំនោះទេ តែដោយសារតែពួកគេដឹងយ៉ាងច្បាស់ថា មហាវិទ្យាល័យមិនមែនជាផ្លូវដែលពួកគេត្រូវចំណាយពេលជាច្រើនមកអង្គុយរៀន ព្រោះក្ដីស្រមៃ និងគោលបំណងរបស់ពួកគេ មិនតម្រូវឲ្យពួកគេចូលរៀននៅមហាវិទ្យាល័យផង តើចាំបាច់អ្វីត្រូវចូលរៀននោះ? ជាក់ស្ដែង ដូចជាមហាសេដ្ឋី Richard Branson ដែលបានបោះបង់ការសិក្សាតាំងតែពីលោកមានវ័យ១៥ឆ្នាំ ហើយពេលនេះលោកបានក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅក្នុងលោក។

៧. ពួកគេយល់ពីអ្វីដែលត្រូវប្រឹងប្រែង

ភាពជោគជ័យគឺតម្រូវឲ្យអ្នកមានភាពឆ្លាតវៃខាងអារម្មណ៍ មានការព្យាយាម និងចំណង់ ហើយអ្វីដែលសំខាន់គឺសមត្ថភាពនៅក្នុងការយកឈ្នះឧបសគ្គ។ នៅក្នុងជីវិតអាជីវកម្ម វាដូចនឹងជីវិតរបស់មនុស្សដែរ គឺមានឡើងមានចុះ ដូច្នេះវាមិនចំលែក និងធ្វើឲ្យរង្គោះរង្គើចិត្ដអ្វីនោះទេសម្រាប់សិស្សនិទ្ទេស C តែប្រសិនបើជាសិស្សនិទ្ទេស A វិញអាចនឹងទទួលយកមិនបាន ព្រោះជីវិតរបស់ពួកគេតែងតែទទួលបាននូវអ្វីដែលល្អឥតខ្ចោះ និងលើសគេជានិច្ច។

ជាចុងក្រោយ ចំណាត់ថ្នាក់គឺគ្រាន់តែជាចំនួនលេខ ដែលវាមិនពាក់ព័ន្ធអ្វីនឹងជីវិតនៃការរកស៊ី ឬបើកអាជីវកម្មអ្វីឡើយ ឬរឹតតែមិនអាចវាយតម្លៃពីអនាគតរបស់បុគ្គលនីមួយៗ ថានឹងទទួលបានភាពជោគជ័យ ឬបរាជ័យនោះទេ។​ និយាយបែបនេះ មិនមែនមានន័យថា មិនឲ្យមនុស្សប្រឹងប្រែងរៀនសូត្រដើម្បីទទួលបាននូវពិន្ធុល្អនោះទេ​ ប៉ុន្ដែអត្ថបទនេះគឺចង់ពញ្ញាក់ស្មារតីដល់សាធារណជនថា ធ្វើជាមនុស្សមិនត្រូវពឹងផ្នែកតែលើផ្លូវមួយច្រក ឬត្រង់ភ្លឹង មិនបត់បែន មិនមើលអ្នកដទៃ មិនវាយតម្លៃពីគុណភាពជីវិតរបស់អ្នកដទៃដោយប្រើពិន្ទុ ឬចំណាត់ថ្នាក់នៅសាលានោះទេ។ ហើយមូលហេតុពិតប្រាកដ និងសំខាន់ដែលសិស្សនិទ្ទេស C ច្រើនតែទទួលបាននូវភាពជោគជ័យជាងគេ ព្រោះនៅក្នុងលោកនេះសម្បូរទៅដោយសិស្សនិទ្ធេស C នេះឯង។ គួររំលឹកថា​ ប្រសិនបើអ្នកចង់ក្លាយជាអ្នកជំនាញ ឬបច្ចេកទេសនៅលើផ្នែកណាមួយ នោះច្បាស់ណាស់ថាពិន្ទុ និងលទ្ធផលនៃការធ្វើតេស្ដសមត្ថភាពរបស់អ្នក ឬសញ្ញាបត្ររបស់អ្នកគឺសំខាន់បំផុត។ ដូច្នេះអ្នកត្រូវប្រឹងសិក្សារៀនសូត្រឲ្យមែនទែន។ មួយវិញទៀត ទំនងជាដោយសារកម្រិតនិទ្ទេស C ជាកម្រិតមធ្យម ដូច្នេះអ្វីៗជាច្រើនតែងមានតុល្យភាពនៅក្នុងការជីវិតរបស់ពួកគេជានិច្ច៕

អត្ថបទដោយ៖ ឡាយ ឧត្ដម