​អភិបាលខេត្ត ប៉ៃលិន ត្រៀម​បង្កើតផ្សារ​ចុង​ស​ប្តា​ហ៍ ​ ដើម្បី​ជួយសម្រួលដល់​កសិករ​រងគ្រោះ​ដោយ​សារ​កូវីដ​១៩

ការរីករាលដាលនៃជំងឺកូវីត ១៩ បានធ្វើឲ្យមានផលប៉ះពាល់ជាច្រើន ខណៈប្រជាកសិករមួយចំនួនក៏កំពុងតែជូបនូវបញ្ហាផងដែរព្រោះគ្មានទីផ្សារលក់ចេញ បែបនេះហើយទើប រដ្ឋាភិបាលបានព្យាយាមស្វះស្វែងរកមធ្យោបាយជាច្រើនធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាកសិករកំឡុងពេលនេះ។

ទន្ទឹមនឹងនេះផងដែរ កាលពី​ថ្ងៃ​ទី ​២៨ ខែ មិថុនា ឆ្នាំ ​២០២០  នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​​​ផលិត​​មាន់​ស្រែ​របស់​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា (AIMS) ស្ថិត​នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រកាសរៀបចំបង្កើត​ផ្សារ​ចុង​ស​ប្តា​ហ៍ ខណៈសន្យាថានឹងជួយទិញមាន់ស្រែពីសមាគមចំនួន ៨៥០ ក្បាលបន្ថែម រៀងរាល់ការប្រមូលផលលក់ចែកចាយទៅកាន់ទីផ្សារម្តងៗ។

លោកអភិបាលខេត្ត បាន​បន្ដថា តាម​រយៈ​គម្រោង​ជំរុញ​ទីផ្សារសម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) គឺ​អាជ្ញា​ខេត្ត​មាន​គម្រោង​សហការ និង​បង្កើត​រៀបចំ​ផ្សារ​ចុង​ស​ប្តា​ហ៍ សម្រាប់​ប្រជា​កសិករ​លក់​ដំណាំ ត្រី សាច់ បន្លែ និង​មាន់​ស្រែ ដែល​ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាម​បែប​ធម្មជាតិ នៅ​ទីតាំង​សួន​កុមារ មុខ​សាលាខេត្ត និង​គ្រោង​រៀបចំ​ពង្រីក​មាន់​ស្រែ​អាំង​តាម​សហគមន៍ និង​តាម​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ចូលរួម​គាំទ្រ​ដល់​ចលនា​ភូមិ​មួយ​ផលិត​មួយ និង​ដោះស្រាយ​នូវ​បញ្ហា​ទីផ្សារ​ជូន​ប្រជា​កសិករ​ផង ខណៈ​កំពុង​រង​ផល​ប៉ះ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូ​វី​ដ-១៩​​។

ជាចុងក្រោយ លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ។ ​ ក្នុងករណីចេញដើរ​ទៅ​កាន់​កន្លែង​សាធា​រណៈ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើនកកកុញ ត្រូវឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល និង​ត្រូវ​ពាក់​ម៉ាស​ជា​ប្រចាំ។ ហើយ​បើចាប់អារម្មណ៍ថា ខ្លួន​មាន​អាការៈមិនប្រក្រតីណាមួយ ​ ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដើម្បី​ទទួល​បាន​សេវា​ពិនិត្យ​ និងព្យាបាល​​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នសមាគមផលិតមាន់ស្រែនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅមានសមាជិក មាន​ចំនួន​ ៤ ​ក្រុម ស្មើនឹង​១៥៩​នាក់ ស្រី​៨២​នាក់ ក្នុង​នោះ​មាន​កសិករ​គម្រូ​ចំនួន​៧​នាក់ ទទួល​បាន​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សរុប​ចំនួន ៤០,៥០០​ដុល្លា​អា​មេ​រិក​ ដោយ​ផលិត​មាន់​ស្រែ​បាន​ក្នុង​១​ខែ​ៗ ប្រមាណ​ជាង ១០០០​ក្បាល ហើយ​ទីផ្សារ​សម្រាប់​លក់​មាន់​ស្រែ​ក្នុង​ខេត្ត គឺ​ផ្សារ​ប៉ា​ហ៊ី ផ្សារ​ព្រំ ផ្សារ​សាលា​ក្រៅ ផ្សារ​ប៉ា​ង​រលឹម និង​ផ្សារ​បាន​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង​ស្រុ​កំ​រៀង ខេត្តបាត់ដំបង ៕

ដោយ៖ ស្រីពេជ្រ

 

 

SHARE