CEO នៃ NerdWallet ប្រាប់ថាពេលនេះ (ពេលវិបត្ដិកូវីដ១៩) ជាឱកាសល្អក្នុងការបង្កើតអាជីវកម្មថ្មី

លោក Time Chen ដែលជា CEO និងជា co-founder នៃក្រុមហ៊ុន NerdWallet ដែលពេលបច្ចុប្បន្នមានតម្លៃប្រមាណជា៥០០លានដុល្លារអាមេរិក នៅតែមានគំនិតសុទ្ធិដ្ឋិនិយមចំពោះការបើក​អាជីវកម្មនៅក្នុងអំឡុងពេលមានវិបត្ដិកូវីដ១៩នេះ។

ថ្លែងប្រាប់សារព័ត៌មាន CNBC កាលពីពេលកន្លងទៅថា “ពេលនេះជាពេលដែលល្អបំផុតនៅក្នុងការចាប់ផ្ដើមបង្កើតអាជីវកម្មថ្មី”។ លោកបានបន្ដទៀតថា​កាលពីអំឡុងឆ្នាំ២០០៨ ដល់២០០៩ ដែលជាពេលដែលពិភពលោកកំពុងជួបវិបត្ដិហិរញ្ញវត្ថុ លោក រួមទាំងមនុស្សជាច្រើនផ្សេងទៀតបានបាត់បង់ការងារ ប៉ុន្ដែការបាត់បង់នេះ បានធ្វើឲ្យលោកក្លាយជាសហគ្រិនដោយមិនដឹងខ្លួន

លោក Chen ដែលពេលនេះមានវ័យ៣៧ឆ្នាំ និងអាចរកបានចំណូលខ្ទង់រយលានដុល្លារអាមេរិកនៅក្នុង១ខែៗ ដែលដំបូងឡើយ​ លោកមានគំនិតបង្កើតក្រុមហ៊ុន NerdWallet នៅប៉ុន្មានខែបន្ទាប់ពីលោកបានបាត់បង់ការងារនៅក្នុងឆ្នាំ២០០៩ ពោលគឺនៅពេលដែលប្អូនស្រីរបស់លោកដែលរស់នៅប្រទេសអូស្រ្ដាលីបានពឹងពាក់លោកឲ្យជួយស្វែងរកប្រាក់កម្ចីរបស់ក្រុមហ៊ុនណា ដែលមានការចំណាយលើប្រតិបត្ដិការអស់តិចបំផុត។ នៅពេលនោះលោកបានខិតខំស្វែងរកតាមប្រព័ន្ធអ៊ីនធើណេត ជាពិសេសតាមរយៈ Google តែមានការពិបាក និងមិនជាងាយស្រួលរក។ ដោយសារហេតុផលនេះហើយ ទើបគំនិតនៅក្នុងការបង្កើត NerdWallet នេះបានលេចចេញជារូបរាងឡើង។

កាលដំបូងលោកបានចំណាយប្រាក់៨០០$ដើម្បីធ្វើការបង្កើតគេហទំព័រដោយខ្លួនឯង។ នៅពេលបច្ចុប្បន្ន NerdWallet ត្រូវបានគេចូលមើលច្រើនជាង១០លានដងនៅក្នុង១ខែៗ ដែលធ្វើឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលច្រើនជាង៥០០លានដុល្លារអាមេរិកនៅក្នុង១ខែៗ។

លោកបានបញ្ជាក់ថា បើទោះបីជាពេលនេះ ជាពេលដែលអាជីវកម្មបង្កើតដំបូងអាចនឹងទទួលបានការរីកចម្រើនបានឆាប់រហ័សក្ដី ក៏អ្នកមិនត្រូវមានការធ្វេសប្រហែសឡើយ ជាពិសេសការរៀបចំហិរញ្ញវត្ថុ។ គ្រប់សហគ្រិនទាំងអស់សុទ្ធតែមានគំនិតរៀងខ្លួន នៅក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ប៉ុន្ដែអ្នកត្រូវដឹងថា គ្រប់អ្វីៗគ្រប់យ៉ាងនឹងអាចប្រែប្រួលមិនដូចមុនទៀតទេ នៅក្នុងអំឡុងពេលនៃការរីកសាយនៃជំងឺកូវីដ១៩នេះ។ អ្នកចាំបាច់ត្រូវមាននគំនិតថ្មី និងបត់បែនទៅតាមសភាពការឲ្យបានល្អ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម