Dan Lok ប្រាប់ពីទម្លាប់ ៣ យ៉ាងដែលអ្នកមានពិតប្រាកដតែងធ្វើមិនរំលង

លោក Dan Lok គឺជាសហគ្រិនជោគជ័យមួយរូបដែលមានដើមកំណើតមកពីហុងកុង ជាអ្នកនិយាយលើកទឹកចិត្តសាធារណៈ ជាអ្នកនិពន្ធសៀវភៅ Unlock it ដែលជាសៀវភៅដែលលក់ដាច់បំផុត និងជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោក ។ លោកក៏ជាស្ថាបនិកនៃ Closer.com ផងដែរ។ មែនទែនទៅ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលម្នាក់ដែលតែងតែចែករំលែកនូវចំណេះដឹងថ្មីៗ ជាច្រើនទាក់ទងនឹងការធ្វើអាជីវកម្ម ក៏ដូចជាចំណេះដឹងទូទៅនានាថែមទៀតផង ។ កាលពីពេលកន្លងទៅ រូបលោកក៏បានចែករំលែកពីទម្លាប់ល្អ ៣ យ៉ាង ដែលអ្នកមានពិតប្រាកដតែងធ្វើមិនរំលង៖

១) រាប់​លុយ​មុនចំណាយ

អ្នក​មាន​ពិត​ប្រាកដតែង​ពិ​និត្យ និងគ្រប់គ្រងប្រាក់ដែលខ្លួនមានយ៉ាងល្អិតល្អន់ ពួកគេមិនមែនជាប្រភេទមនុស្សដែលគ្មានការកត់ត្រាច្បាស់លាស់ទៅលើចំណាយរបស់ខ្លួនឡើយ។ ជាពិសេស ពួកគេតែងតែរាប់ប្រាក់របស់ខ្លួនជានិច្ច មុននឹងដកទិញរបស់របរ ឬចំណាយលើអ្វីមួយ ដើម្បីដឹងពីចំនួនប្រាក់ដែលសេសសល់។ មិនតែប៉ុណ្ណោះ ពួកគេជ្រើសចំណាយលើអ្វីដែលចាំបាច់ខ្លាំងប៉ុណ្ណោះ ដូចជាការ​ហូប​ចុក​ទូទៅ វិក័យ​បត្រចំណាយ​ប្រចាំ​ខែឬប្រចាំឆ្នាំ ឬការ​បង់​ពន្ធជាដើម។ លោក Dan lok ក៏សង្កេតឃើញថា ប្រភេទមនុស្សទាំងនេះ គឺមិនមែនចេះតែចំណាយប្រាក់តាមចិត្តនឹកឃើញឡើយ ប៉ុន្ដែបើពួកគេចំណាយ នោះពួកគេបានមើលឃើញពីចំណុចណាមួយដែលអាចឲ្យពួកគេទាញយកលុយមកវិញជាមិនខាន។

២) ចំណាយ​លើ​ខ្លួន​ឯងជាមុនសិន

ការចំណាយ​លើខ្លួន​ឯងជាមុនសិន នេះមិនបានផ្ដោតទៅលើការ ទិញ​ផ្ទះ​ថ្មី ​ ទិញ​ឡានថ្មី របស់របរទំនើប ឬចំណាយ​លើ​ដំណើរកំសាន្តផ្ទាល់ខ្លួនផ្សេងៗ ឡើយ។ តែសំដៅដល់ការចំណាយប្រាក់ទៅលើអាជីវកម្មដែលខ្លួនឯងកំពុងធ្វើ ដូចជា ទិញអាគារការិយាល័យថ្មី  សម្ភារៈដែលមានប្រយោជន៍ដល់ក្រុមហ៊ុន ឬដំណើរកម្សាន្ដរបស់ក្រុមហ៊ុន ដែលជួយពង្រឹងដល់កិច្ចការងារជាដើម ។ ហើយវាជាការចំណាយដើម្បីខ្លួនឯងដ៏មានតម្លៃបំផុត។​

៣) ​វិនិយោគ​បន្ថែម

អ្នកមានពិត ពួកគេមិនដែលទុកឱកាសរបស់ខ្លួនឲ្យកន្លងហួសទៅដោយទទេរនោះទេ ពួកគេតែងតែរិះរកនឹកនូវវិធីថ្មីៗ ដែលអាចបង្កើតប្រាក់ និងធ្វើយ៉ាងណាឲ្យជីវិតរបស់ពួកគេកាន់តែដើរទៅមុខរហូត។ មិនតែប៉ុណ្ណោះ ពួកគេផ្ដោតលើគោលដៅរបស់ខ្លួនជាធំ និងបន្ដពង្រីកខ្លួនឲ្យកាន់តែធំ។ ត្រង់នេះ លោក Dan lok បញ្ជាក់ថា បុគ្គលទាំងអស់នោះអា​ច​នឹង​យក​ប្រាក់​ទាំង​នោះទៅវិនិយោគបន្ថែម​លើ​អាជីវកម្ម​ដែល​មាន ឬ​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ទៀត ឬ​ដាក់​វា​សន្សំក្នុង​ធនាគារដើម្បីទទួលបានការប្រាក់ ឬ​ផ្សេងៗ ជាច្រើនទៀតតាមស្ថានភាពជាក់ស្ដែង៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភព៖ danlok.com

SHARE