ELON MUSK៖ ក្បួនដឹកនាំ ៣យ៉ាងដែលធ្វើអោយអាជីវកម្មទទួលបាននូវភាពជោគជ័យ

មានម្តងនោះនៅក្នុងកម្មវិធីជជែកពិភាក្សពីរឿងអនាគតនៃពិភពលោក​ មហាសេដ្ឋី Elon Musk ធ្លាប់បាននិយាយថា​ កុំធ្វើត្រឹមតែជាអ្នកប្រើប្រាស់ផ្លូវ​ គប្បីធ្វើជាអ្នកត្រួសត្រាយផ្លូវទើបជារឿងល្អប្រសើរក្នុ​ង​​​ជីវិតរបស់មនុស្សគ្រប់ៗគ្នា។ ហើយទាំងអស់នេះក៏ជាការឆ្លុះបញ្ចាំង ​ឲ្យឃើញពីលក្ខណ:នៃភាពជាអ្នកដឹកនាំល្អដែលពោរពេញទៅដោយសេចក្តីក្លាហាន និងទំនួលខុសត្រូវខ្ពស់របស់លោកផងដែរ។ ខាងក្រោមនេះ គឺជាសិល្បះនៃការដឹកនាំរបស់លោកដែលធ្លាប់បានចែករំលែក៖

១. ចង់​ក្លាយ​ជា​មេ​ដឹកនាំ​ដែលល្អ​​ អ្នកត្រូវរៀនរស់នៅដោយ​ពឹងលើខ្លួន​ឯង

​ដោយឡែកស្របពេលដែលពិភពលោក កំពុងតែមានការប្រែប្រួលជារៀងរាល់ថ្ងៃ អ្នកមិនគួររស់នៅរំពឹងទៅលើនរណាម្នាក់ឲ្យលើសពី ៥ឆ្នាំនោះទេព្រោះថាគ្មាននរណាម្នាក់អាចរស់នៅជាមួយអ្នកបានជារៀងរហូតនោះដែរ។ ហេតុនេះអ្នកត្រូវមានភាពរឹងមាំ និងមានការតស៊ូព្យាយាមដ៏ត្រឹមត្រូវ ទៅលើអ្វីដែលអ្នកបានជួបប្រទះ   ព្រមទាំងចេះដឹកនាំដំណើរជីវិតដោយខ្លួនឯងជៀសជាងស្តាប់តាមបង្គាប់របស់គេគ្រប់ពេលវេលា។​

២. ក្នុងនាមជាមេដឹកនាំ ត្រូវតែមានសមត្ថភាព និងជាអ្នកដែលត្រួសត្រាយផ្លូវ

ក្នុងនាមជាអ្នកដឹកនាំម្នាក់  ត្រូវតែជាមនុស្សដាច់ស្រេច និងមានគំនិតច្នៃប្រឌិតខ្ពស់ ចេះដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ។ ជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងការដឹកនាំ ហើយ​ក៏ជាអ្នកសម្រេចលើកិច្ចការផ្សេងៗនៅក្នុងស្ថាប័នផងដែរ។ ជាក់ស្ដែង មេដឹកនាំដែលល្អ និងត្រូវ​បានគេមើលឃើញថាជាគំរូល្អ គឺជាអ្នកដែលត្រួសត្រាយផ្លូវសម្រាប់ឲ្យមេដឹកនាំជំនាន់ក្រោយមកទៀត​​​បានបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងមានភាពរីកចម្រើន។

៣. អ្នកដឹកនាំត្រូវចេះប្រើសិល្បះក្នុងការគ្រប់គ្រង ទើបទទួលបានជោគជ័យ

មែនទែនទៅ  នៅក្នុងពិភព​ការងារមានអ្នកដឹកនាំជាច្រើនប្រភេទ ដែលមានលក្ខណៈខុសៗគ្នា។ លក្ខណៈខុសគ្នានេះ​​​​​​​ គឺចង់សំ​ដៅដល់វិធីក្នុងការដឹកនាំ ការដោះស្រាយបញ្ហា និងការអនុវត្ដការងារជាដើម។ ក៏ប៉ុន្ដែអ្នកដឹកនាំទាំងនោះភាគច្រើនគេនឹងមិនធ្វើខ្លួនឲ្យក្លាយជាចំណុចខ្សោយរបស់អង្គភាព​​​​  និងបង្ហាញ​ពីភាពទន់ជ្រាយដល់មនុស្សនៅជុំវិញខ្លួនមើលឃើញនោះទេ។ ដូចពាក្យមួយថា ចង់ធ្វើជាអ្នកដឹក​នាំ​កំពូល​បាន​ត្រូវ​​តែចេះបោក ចេះប្រើល្បិច និងចេះបត់បែនបានគ្រប់កាលៈទេសៈ។​

ដូច្នេះហើយ អ្នកដឹកនាំត្រូវតែជាមនុស្សដែលមានសមត្ដភាព និងមិនត្រូវចុះញ៉មជាមួយនឹងបញ្ហាដោយ​ងាយៗនោះទេ។​​ មេដឹកនាំម្នាក់ៗតែងមានវិធីក្នុងការដឹកនាំរៀងៗខ្លួន ហើយអ្វីដែលសំខាន់នោះគឺលទ្ធផល ទោះបីជាប្រើវិធីសាស្ត្របែបណាក៏ដោយឲ្យតែអង្គភាពមានការលូតលាស់ ហើយមនុស្សនៅជុំវិញខ្លួនមានការរីកចម្រើន៕

អត្ថបទដោយ៖ ឡាយ ឧត្ដម