Frank Ocean៖ ចូរធ្វើកិច្ចការរបស់អ្នកដោយស្ងៀមស្ងាត់ ហើយទុកឲ្យភាពជោគជ័យជាអ្នកបង្កើតភាពភ្ងាក់ផ្អើល

លោក Frank Ocean គឺជាអ្នកនិពន្ធ និងតារាចម្រៀងមួយរូប ដែលមានភាពប៉ិនប្រសប់ម្នាក់។ លោកកើតនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៨៧ នៅសហរដ្ឋអាមេរិក។ មិនត្រឹមតែមានជំនាញផ្នែកខាងតែងនិពន្ធ លោកក៏ជាបុគ្គលម្នាក់ដែលចូលចិត្តនិយាយនូវពាក្យលើកទឹកចិត្តជាច្រើនសម្រាប់មនុស្ស ក៏ដូចជាអ្នកគាំទ្ររបស់រូបលោកផ្ទាល់។

ក្នុងនោះផងដែរ លោកក៏ធ្លាប់បាននិយាយនូវពាក្យពេចន៍មួយឃ្លាយ៉ាងដូច្នេះថា៖ «ចូរធ្វើកិច្ចការ​របស់​អ្នក​ដោយស្ងៀមស្ងាត់ ហើយទុក​ឲ្យ​ភាព​ជោគជ័យ​ជាអ្នកបង្កើតភាពភ្ងាក់ផ្អើល»។ សម្រង់សម្ដីរបស់ លោកមួយនេះ ពិតជាមានអត្ថន័យបង្កប់នូវភាពអប់រំ ព្រោះលោកចង់ក្រើនរលឹកប្រាប់ថា​ អ្នកមិនចាំបាច់ដើរអួតគេឯងគ្រប់គ្នាថា ពេលនេះខ្ញុំកំពុងតែធ្វើរឿងធំដុំនោះទេ ចាំទុកឲ្យទង្វើ និងលទ្ធផលជាអ្នកបកស្រាយវិញ។ ការដែលនិយាយច្រើន មិនប្រាកដថាជាមនុស្សដែលអស្ចារ្យពូកែជាងគេនោះទេ។

មែនទែនទៅ មនុស្សខ្លះបានតែនិយាយស្ដីឥតប្រយោជន៍ លឺនិយាយតែរហូត ខ្ញុំនឹងធ្វើវាឲ្យបានជោគជ័យចេញជាលទ្ធផលអស្ចារ្យ ប៉ុន្ដែផ្ទុយទៅវិញដូចជាគ្មានឃើញបានផលអ្វីសោះ ដោយហេតុថារវល់តែអួត ហើយភ្លេចរឿងដែលខ្លួនត្រូវធ្វើ។ ម៉្យាងទៀត គ្មានមនុស្សណាមានពេលទំនេរមកស្ដាប់អ្នកអួតនោះទេ ប៉ុន្ដែបើសកម្មភាពអ្នកធ្វើប្រហែលជាអ្នកដទៃបានឃើញខ្លះ ដូច្នេះចូរធ្វើវាដោយស្ងៀមស្ងាត់វាប្រសើរជាង។

ជាក់ស្ដែង លោក Frank Ocean ផ្ទាល់តែម្ដង លោកធ្លាប់បានលើកឡើងថា នៅពេលដែលលោកធ្វើការម្ដងៗ ដូចជាពេលនិពន្ធបទចម្រៀង លោកតែងតែសំងំធ្វើដោយស្ងៀមស្ងាត់ជាទីបំផុត លុះត្រាតែលោកបង្កើតបានចេញនូវអ្វីមួយដែលមើលទៅស្ដង់ដារអាចទទួលយកបាន ទើបលោកបញ្ចេញវាមកក្រៅឲ្យមនុស្សគ្រប់គ្នាមានការភ្ងាក់ផ្អើលចំពោះស្នាដៃរបស់លោក។

លោកក៏បានបន្ថែមថា ប្រឹងស្ងាត់ៗ ជោគជ័យរឿងនេះមួយ ស្ងាត់ៗ ជោគជ័យរឿងនោះមួយ វាគ្រាន់បើជាងដើរប្រកូកប្រកាសគ្រប់ទីកន្លែងតែលទ្ធផលមិនដឹងជានៅឯណា ដែលមិនត្រឹមតែខាតពេលវេលា និងបង់ប្រយោជន៍ទេ ថែមទាំងនាំក្ដីអាម៉ាស់ដល់ខ្លួនឯងទៀត។ បែបនេះហើយ គួរតែគិតពិចារណាឡើងវិញនូវចំនុចនេះ ហើយផ្ដោតអារម្មណ៍របស់ខ្លួនឲ្យងាកមកខិតខំប្រឹងប្រែងធ្វើការវិញនោះទើបអ្នកអាចដើរទៅដល់ផែនការដែលបានគ្រោងទុក៕

អត្ថបទដោយ៖ ស្រីពេជ្រ