Hermann Hasse៖ មនុស្សមួយចំនួនគិតថាការអោបក្រសោបជាប់ធ្វើឲ្យខ្លួនមើលទៅខ្លាំង តែពេលខ្លះការព្រមព្រលែងដៃទៅវិញទេ ដែលបង្ហាញថាអ្នកខ្លាំងពិតប្រាកដ

លោក​ Hermann Hesse កើតនៅថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៨៧៧ នៅប្រទេស​ អាល្លឺម៉ង់។ លោកគឺជា អ្នកនិពន្ធ អ្នកតាក់តែងកំណាព្យ និងវិចិត្រករដ៏ល្បីល្បាញមួយរូប។ មិនតែប៉ុណ្ណោះ លោកធ្លាប់ទាំងបានទទួលនូវពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ ណូបែល ផ្នែកអក្សរសាស្រ្ដ ថែមទៀមផង។ លោកបានទទួលមរណៈភាពនៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ១៩៦២ ក្នុងអាយុ ៨៥ ឆ្នាំ។

ថ្វីបើទទួលមរណៈភាពទៅហើយក្ដី តែអ្នកនិពន្ធដ៏ល្បីរូបនេះ បានបន្សល់ទុកនូវស្នាដៃជាច្រើន ជាពិសេសសៀវភៅល្បីៗ របស់លោក មានដូចជា​ Demian: The Story of Emil Sinclair’s Youth, SteppenWolf, Siddhartha  និង The Glass Bead Game ជាដើម។ បន្ថែមពីនេះ ឃ្លាអប់រំជាច្រើនរបស់លោកក៏ត្រូវបានមនុស្សជាច្រើន នៅតែយកមកប្រើប្រាស់ជាប្រចាំថ្ងៃ ដើម្បីជួយជំរុញលើកទឹកចិត្តរបស់ពួកគេឲ្យមានក្ដីសង្ឃឹមក្នុងការឈានដើរទៅមុខ។

មែនទែនទៅ លោកក៏ធ្លាប់បានលើកឡើងនូវពាក្យមួយឃ្លា ដើម្បីអប់រំមនុស្សទាំងអស់យ៉ាងដូច្នេះថា៖ «មនុស្សមួយចំនួនគិតថាការអោបក្រសោបជាប់ធ្វើឲ្យខ្លួនមើលទៅខ្លាំង តែពេលខ្លះការព្រមព្រលែងដៃទៅវិញទេ ដែលបង្ហាញថាអ្នកខ្លាំងពិតប្រាកដ»។ ត្រង់នេះ លោកចង់ឲ្យមនុស្សទាំងអស់គិតពិចារណាឡើងវិញ ពេលខ្លះមិនចាំបាច់អោបក្រសោបរឿងរ៉ាវទាំងអស់ជាប់ខ្លួនពេកទេ បើព្រលែងបាន ក៏ព្រមព្រលែងដោះដៃទៅ ព្រោះបើនៅតែរឹងរូសចង់ចាប់វាឲ្យជាប់ មានតែខ្លួនអ្នកទេដែលជាអ្នករងនូវការឈឺចាប់ និងរែកពន់នូវបន្ទុកគ្រប់យ៉ាង។

ដោយឡែក រឿងខ្លះមិនសមនឹងឲ្យអ្នកអោបក្រសោបវាជាប់នោះទេ តែមនុស្សជាច្រើននៅតែប្រឹងចាប់វាមិនព្រមលែង ដោយសារតែភាពរឹងរូស ចង់ឈ្នះ និងចង់ឲ្យអ្នកដទៃមើលទៅគិតថា អ្នកជាមនុស្សខ្លាំងក្លាអាចមានអំណាច។ ជាការពិត មនុស្សជាច្រើនប្រហែលជាអាចលួចកោតសរសើរអ្នកថា ជាមនុស្សអស្ចារ្យដែលអាចទ្រាំទ្រជាមួយនឹងរឿងទាំងអស់នោះបាន តែ​​ពួកគេមិនបានដឹងពីទុក្ខលំបាកដែលអ្នកមាននោះឡើយ។ កុំព្រោះតែអញ្ចឹងហើយ ធ្វើបាបខ្លួនឯងឲ្យសោះ។

មនុស្សចំនួនគិតថា ការព្រមព្រលែងដៃនឹងធ្វើឲ្យពួកគេមើលទៅអន់ ហើយថែមទាំងទទួលរងនូវការអាម៉ាស់ទៀតផង ដូច្នេះហើយគឺមិនព្រមចុះចាញ់ឡើយនៅតែបន្ដធ្វើវា ទាំងដែលដឹងច្បាស់ថាធ្វើហើយមិនបានអ្វីមកវិញ។ អ្នកមិនចាំបាច់ធ្វើជាមនុស្សខ្លាំងគ្រប់ពេលវេលាពេកនោះទេ ពេលខ្លះធ្វើអន់ខ្លះទម្លាក់ចោលខ្លះក៏ល្អ ព្រោះជីវិតអ្នកប្រហែលជាអាចប្រសើរ និងធូរស្រាលជាងមុនបន្ដិច។

ជារួមមក មិនមែនទាល់តែអោបក្រសោបជាប់ទើបជាមនុស្សខ្លាំងនោះទេ ហើយព្រមព្រលែងខ្លះក៏មិនបញ្ជាក់ថាអ្នកជាមនុស្សដែលអន់។ ចេះបត់បែនតាមកាលៈទេសៈ និងស្ថានភាពជាក់ស្ដែងទើបជាអ្នកខ្លាំងពិតប្រាកដ ដោយហេតុថា អ្នកអាចយកឈ្នះនូវចិត្តរបស់ខ្លួន មិនឲ្យប្រព្រឹត្តនូវអំពើដែលល្ងង់ខ្លៅ ឬផ្ដល់ទុក្ខទោសដល់មនុស្សជុំវិញ និងខ្លួនឯង៕

អត្ថបទដោយ៖ ស្រីពេជ្រ