Jane Robert៖ អ្នកជាអ្នកនិពន្ធសៀវភៅជីវិតរបស់អ្នក ដូច្នេះអ្នកអាចកែប្រែអ្វីៗ គ្រប់យ៉ាងបាន

លោកស្រី Dorothy Jane Robert កើតថ្ងៃទី ០៨ ខែ ឧសភា  ឆ្នាំ ១៩២៩ នៅទីក្រុង ញ៉ូយក ក្នុងទឹកដីសហរដ្ឋអាមេរិក។ លោកស្រី គឺជាអ្នកនិពន្ធ អ្នកតាក់តែងកំណាព្យ និងអ្នកនិយាយអប់រំដ៏ល្បីម្នាក់នាសម័យនោះ។  មុនទទួលមរណៈភាព នៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ១៩៨៤ ក្នុងវ័យ ៥៥ ឆ្នាំ លោកស្រី បានបន្សល់ទុកនូវស្នាដៃនិពន្ធច្រើនជាង ៥០ ក្បាល ទាំងសៀវភៅអប់រំខ្នាតខ្លី និងបែបប្រលោមលោក។

ជាមួយគ្នានេះ លោកស្រីក៏មិនខុសពីបុគ្គលល្បីផ្សេងទៀតដែរ លោកស្រីតែងតែចែករំលែកនូវចំណេះដឹងអប់រំជាច្រើន ជាពិសេសពាក្យលើកទឹកចិត្តដែលជួយឲ្យមនុស្សជាច្រើនមានកំលាំងដើម្បីតស៊ូក្នុងជីវិតរបស់ពួកគេ។ ហើយឃ្លាអប់រំរបស់ អ្នកតាក់តែងកំណាព្យរូបនេះ ដែលល្បី និងឧស្សាហ៍ត្រូវបានគេលើកឡើងមកនិយាយ និងរំលឹកនោះគឺ “អ្នកជាអ្នកនិពន្ធសៀវភៅជីវិតរបស់ខ្លួន ដូច្នេះអ្នកអាចកែប្រែអ្វីៗ គ្រប់យ៉ាងបាន”។

ត្រង់នេះចង់ Jane Robert ចង់បញ្ជាក់ប្រាប់ឲ្យអ្នករាល់គ្នាឲ្យបានដឹងថា មនុស្សទាំងអស់កើតមកមានស្ថានភាពជីវិតខុសគ្នា មាន ឬក្រ ទៅតាមគ្រួសារ តែអ្វីដែលសំខាន់ជីវិតវាស្ថិតក្នុងកណ្ដាប់ដៃរបស់អ្នក ថាតើអ្នកចង់ឲ្យជីវិតរបស់ខ្លួនក្លាយជាយ៉ាងណា?

មិនមែនអ្នកកើតមកក្រ អ្នកនឹងអន់អស់មួយជីវិតនោះទេ ហើយបើកើតមកជាអ្នកមានស្ដុកស្ដម្ភក៏មិនប្រាកដថាអ្នកជាមនុស្សដែលលេចធ្លោអស្ចារ្យជាងគេដែរ។ មែនទែនទៅ អ្នកជាអ្នកដែលសរសេរ តាក់តែងផ្លូវជីវិតរបស់ខ្លួន ប្រែទៅជាល្អ ឬអាក្រក់ វាស្ថិតនៅលើជម្រើសរបស់ខ្លួនអ្នក គ្មានអ្នកណាម្នាក់មកបង្ខិតបង្ខំអ្នកបានឡើយ។

ជាក់ស្ដែង គឺដំណើរជីវិត លោកស្រី Jane Robert ផ្ទាល់តែម្ដង កាលពីនៅតូចលោកស្រីតែងតែមានចំណាប់អារម្មណ៍ទៅលើការអានសៀវភៅ និងចង់ក្លាយខ្លួនជាអ្នកនិពន្ធម្នាក់។ ប៉ុន្ដែវាមិនស្រួលដូចការដែលធ្លាប់ប៉ងគិតនោះទេ លោកស្រី ត្រូវប្រឈមនឹងបញ្ហាគ្រួសារជាច្រើន ដោយឳពុក ម្ដាយ លែងលះគ្នា ហើយម្ដាយមានជំងឺប្រចាំកាយ ហើយបន្ទុកទាំងអស់ត្រូវធ្លាក់មកលើលោកស្រីទាំងវ័យក្មេង។ បែបនេះហើយ លោកស្រី មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសរសេរសៀវភៅអ្វីនោះទេ ពោលគឺត្រូវចេញទៅរកការងារផ្សេងៗ ជាច្រើនកន្លែង ដែលមានប្រាក់ខែសមរម្យ ដើម្បីមកផ្គត់ផ្គង់គ្រួសារ។ តែការលំបាកទាំងអស់នេះ​មិនបានធ្វើឲ្យទឹកចិត្តចង់ក្លាយជាអ្នកនិពន្ធរបស់ Jane Robert បាត់បង់ឡើយ មានតែប្រឹងប្រែងជំនះលើសដើម ព្រោះលោកស្រី មានជំនឿគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះឡើយ។ ណាមួយជីវិត លោកស្រី គឺខ្លួនឯងជាអ្នកក្ដោបក្ដាប់ ដូច្នេះត្រឹមមជ្ឈដ្ឋានខាងក្រៅ មិនអាចផ្ដួលធ្វើឲ្យចុះចាញ់ឡើយ អ្នកអាចកែប្រែគ្រប់យ៉ាងបានឲ្យតែអ្នកដាក់ចិត្តពិតប្រាកដ មិនមែនលំៗ បានត្រឹមតែសម្ដី។​

ជារួមមក ជីវិតរបស់អ្នក គឺខ្លួនអ្នកជាអ្នករៀបចំ ដូច្នេះ ឈប់រកលេស ទម្លាក់កំហុសឲ្យអ្នកដទៃ នៅពេលដែលជីវិតរបស់ខ្លួនធ្លាក់ដុនដាបទៀតទៅ អ្នកដទៃគ្រាន់តែជាផ្នែកមួយក្នុងជីវតរបស់អ្នក អ្វីដែលសំខាន់គឺជំហរផ្ទាល់ខ្លួន និងការតាំងចិត្តរបស់អ្នកទៅវិញទេ៕

អត្ថបទដោយ៖ ស្រីពេជ្រ