Jeff Bezos៖ បើចង់ជោគជ័យទៅលើអាជីវកម្ម គឺត្រូវផ្ដោតសំខាន់លើអ្វីមួយមិនផ្លាស់ប្ដូរ

មនុស្សជាច្រើនប្រហែលជាបានស្គាល់លោក Jeff Bezos រួចទៅហើយ ដោយហេតុថា លោកគឺជាសហគ្រិនដ៏លេចធ្លោមួយរូប និងជាស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​ Amazon ដែលមានឈ្មោះល្បី ហើយត្រូវបានមនុស្សជាច្រើនទទួលស្គាល់នៅជុំវិញពិភពលោក។

ដោយមើលឃើញពីសម្មិតផលដ៏អស្ចារ្យដែលមហាសេដ្ឋី Jeff Bezos បានសាងឡើង លោកតែងតែត្រូវមនុស្សជាច្រើន​ចោទសួរ​ថា៖ «តើ​អ្វីទៅដែលធ្វើឲ្យរូបលោកទទួលបាននូវភាពជោគជ័យដូច្នេះ»?​​ដើម្បីជាការឆ្លើយតប លោកក៏បានប្រាប់ថា សម្រាប់លោកផ្ទាល់ អ្វីដែលធ្វើឲ្យលោកទទួលបាន​ជោគជ័យ​ក្នុងអាជីវកម្ម​ដូចសព្វថ្ងៃនេះគឺ ​​ផ្ដោត​លើ​អ្វី​មួយដែលមិនផ្លាស់ប្ដូរ មិនមែន​លើ​​អ្វី​ដែល​​ផ្លាស់ប្ដូររហូតឥតឈប់ឈរនោះទេ។

ជាមួយគ្នានេះ លោកក៏ធ្លាប់បានលើកឡើងយ៉ាងដូច្នេះ នៅ​ក្នុង​វេទិកា​បច្ចេកវិទ្យា​​ដ៏​ធំ​មួយ​នៅ​ទីក្រុង LAS VEGAS កាលពីពេលកន្លងទៅ​ថា៖« ក្នុងមួយជីវិតលោក សំនួរដែលលោកតែងតែត្រូវបានគេចោទសួរច្រើនជាងគេនោះ តើ​នឹង​មាន​អ្វី​ផ្លាស់ខ្លះដែលអាចនឹងផ្លាស់ប្ដូរ​នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ ? ប៉ុន្ដែលោកបែរជាឆ្ងល់ថា ហេតុអ្វីបានជាគ្មានអ្នកសួរថា តើមានអ្វីខ្លះដែលមិនផ្លាស់ប្ដូរក្នុងរយៈពេល ១០ ឆ្នាំខាងមុខ?»

លោកក៏បានបន្ដទៀតថា បើទោះជា ១០ ឆ្នាំទៅមុខទៀត ហើយរឿងជាច្រើននៅជុំវិញមានការប្រែប្រួលឥតឈប់ឈរ ក៏តម្រូវការរបស់មនុស្សនៅតែចង់បានទំនិញដែលមានតម្លៃថោកគុណភាពល្អ មានជម្រើសច្រើន និងមានសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត។ លោកក៏ជឿថា គ្មានអតិថិជនរបស់ Amazon មួយណានឹងនិយាយថា លក់ឲ្យថ្លៃបន្ដិចទៅ ដឹកជញ្ជូនមកឲ្យយឺត ក៏មិនអីដែរ វាមិនអាចទៅរួចទេ។

បន្ថែមពីនេះ លោកក៏បានប្រាប់ថា «អ្វីដែលអ្នកត្រូវធ្វើគឺត្រូវដឹងពីតម្រូវការរបស់អតិថិជនរបស់ខ្លួនច្បាស់អ្វីដែលពួកគេចង់បានពីអ្នកពិតប្រាកដ នៅ​ពេលដែល​ម្ចាស់​អាជីវកម្ម​ទាំងអស់​អាច​កំណត់​វាបាន មិនចាំបាច់ប្ដូរយុទ្ធសាស្រ្តច្រើនពេកទេ តែគួរតែផ្ដោតលើអ្វីដែលពួកគេចង់បាន។ ការ​ផ្ដោត​លើ​អ្វី​ដែល​មិន​ផ្លាស់គឺសំដៅទៅលើ តើ​យើងដែលជាម្ចាស់សហគ្រិន​អាច​ធ្វើ​អ្វី​ខ្លះ ​ដើម្បីលក់​ផលិតផល​ទាំងអស់នោះក្នុង​តម្លៃ​ទាប​មួយដែលពួកគាត់ចង់បាន​? មានវិធីណាទៀតដែលអាច​ដឹក​ជញ្ជូន​បាន​ឆាប់​រហ័ស​ជាង​មុន ដើម្បីឲ្យអតិថិនជនកាន់តែមានទំនុកចិត្ត?»។

ជាចុងក្រោយ មហាសេដ្ឋីរូបនេះក៏បានបញ្ជាក់ទៀតថា សហគ្រិនជាច្រើនប្រហែលជាគិតរឿងផ្លាស់ប្ដូរយុទ្ធសាស្ដ្រដើម្បីធ្វើឲ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើនឆាប់រហ័ស និងទទួលបានសម្មិតផលជាទីគាប់ចិត្ត។ ប៉ុន្ដែពេលខ្លះ មិនប្រាកដថា ប្ដូរយុទ្ធសាស្ត្ររហូតជារឿងល្អនោះទេ ហើយអ្នកក៏មិនចាំបាច់ផ្លាស់ប្ដូរវារហូតដែរ ព្រោះបែបនេះវាធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែស្មុគស្មាញទៅវិញទេ៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភព៖​ theladder

SHARE