Mark Cuban៖ ដោយសារគេបណ្ដេញចេញពីការងារ ទើបខ្ញុំមានឱកាសចេញរកស៊ី

លោក Mark Cuban ​ត្រូវបានគេស្គាល់ថា​ជា​អ្នក​ជំនួញ​ដ៏ប៉ិនប្រសប់ និង​ជោគជ័យ​ម្នាក់​នៅ​សហរដ្ឋអាមេរិក។ លោក​កើត​នៅ​ថ្ងៃ​ទី​ ៣១ ខែ​ កក្កដា​ ឆ្នាំ ​១៩៥៨ និងមានដើមកំណើតមកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោក​ជា​ម្ចាស់​ក្រុមហ៊ុន​​ Dallas Mavericks និងមានទ្រព្យសម្បត្តិច្រើនជាង ៤.៣ ពាន់លានដុល្លារ។ កាលពីដើមឡើយ លោកមិនមែនជាអ្នកជំនួញអ្វីនោះទេ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ លោក​បាន​ចាប់យកអាជីពជាអ្នកលក់កុំព្យូទ័រនៅក្រុមហ៊ុនក្នុងស្រុកមួយកន្លែង។ ប៉ុន្តែក្រោយមកសំណាងមិនល្អ លោកក៏ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុន ដោយសារធ្វើឲ្យបាត់បង់ប្រាក់ចំណូលពីការលក់យ៉ាងច្រើនក្នុងឆ្នាំ ១៩៨០។

មែនទែនទៅ មនុស្សគ្រប់គ្នាប្រហែលជាគិតថា ការដែលត្រូវគេបណ្ដេញចេញពិតជារឿងមួយដ៏អាម៉ាស់ និងបាក់ទឹកចិត្តជាខ្លាំង។ ប៉ុន្ដែអ្នកត្រូវចងចាំថា នូវពេលដែលអ្នកបាត់បង់អ្វីមួយ អ្នកនឹងរកឃើញអ្វីផ្សេងមួយទៀតសម្រាប់ជីវិតរបស់ខ្លួន។ ជាក់ស្ដែង លោក Mark Cuban មានឱកាសឈានជើងប្រឡូកក្នុងវិស័យជំនួញ ក៏ព្រោះតែលោកបាត់បង់ការងារជាអ្នកលក់នេះហើយ។

មហាសេដ្ឋីវ័យ ៦១ ឆ្នាំ រូបនេះ ក៏ធ្លាប់បានលើកឡើងតាមរយៈប្រភពពត៌មាន Business Insider ថា “លោកបានកំណត់សម្គាល់ឃើញថា ខ្លួនឯង មាន​ចំណង់​ចំណូល​ចិត្ត និងចាប់អារម្មណ៍ទៅ​លើ​ជំនួញ​ជាជាង ធ្វើជាអ្នកលក់កុំព្យូរទ័រ ដូច្នេះហើយទើបក្រោយពីឈប់ធ្វើការបានមួយ​រយៈ លោក​ក៏​ចាប់​ផ្តើមហ៊ានប្រថុយចេញរកស៊ី និងបង្កើតក្រុមហ៊ុន​ដំបូង​របស់​ខ្លួនដែលមានឈ្មោះថា MicroSolutions ហើយពង្រឹងពង្រីកខ្លួនជាបន្ដបន្ទាប់ រហូតបើកក្រុមហ៊ុនមួយចំនួនទៀត ដែលសព្វថ្ងៃលោក​រក​បាន​ចំណូល​​ដល់ខ្ទង់ពាន់​លាន​ដុល្លារ ហើយ​បាន​ក្លាយ​ជា​មហាសេដ្ឋី​​ដ៏​ល្បី​ម្នាក់ដែលវាជារឿងនឹកស្មានមិនដល់មួយ”

បន្ថែមពីនេះ លោកក៏លើកទឹកចិត្តដល់ក្មេងៗ ជំនាន់ក្រោយថា “មិនត្រូវបោះបង់ចោលឡើយ បើទោះបីជាលំបាកយ៉ាងណា ហើយត្រូវចេះឲ្យតម្លៃ និងស្រលាញ់អ្វីៗ​ គ្រប់យ៉ាងដែលមានវត្តមានក្នុងជីវិតរបស់ខ្លួន។ ជាពិសេស នៅពេលដែលបាត់បង់អ្វីមួយ កុំមានអារម្មណ៍ថាអស់សង្ឃឹមឲ្យសោះ ពីព្រោះវាអាចជាឱកាសថ្មីមួយ ដែលនាំអ្នកឲ្យទៅជួបរឿងអស្ចារ្យណាមួយក្នុងជីវិតដែលអ្នកមិនធ្លាប់បានរំពឹងទុក”៕

អត្ថបទដោយ៖ ស្រីពេជ្រ