Mark Cuban ប្រាប់ពីកំហុសធំៗចំនួន ៣ចំនុចដែលសហគ្រិនគួរចៀសវាងកំឡុងពេលធ្វើអាជីវកម្ម

ការបង្កើតអាជីវកម្មមួយ អ្នកណាក៏អាចធ្វើបានដែរ ឲ្យតែពួកគេមានដើមទុនល្មមគ្រប់គ្រាន់ និងដឹងថាមានគោលដៅចង់ធ្វើអ្វី ប៉ុន្ដែរឿងថាដើរទៅមុខដោយរលូន ឬធ្វើឲ្យបានសម្រេចក៏អត់ គឺមិនទាន់ជាក់ច្បាស់ ព្រោះវាអាស្រ័យទៅលើភាពប៉ិនប្រសប់របស់មនុស្សម្នាក់ៗ។ ជាមួយគ្នានេះ តាមបទពិសោធធ្លាប់បានឆ្លងកាត់ដោយខ្លួនឯងផ្ទាល់ លោក Mark Cuban  ​ដែលត្រូវបានគេស្គាល់ថា​ជា​អ្នក​ជំនួញ​ដ៏ប៉ិនប្រសប់ និង​ជោគជ័យ​ម្នាក់​នៅ​សហរដ្ឋអាមេរិក បានលើកយកចំណុច ៣ យ៉ាងសំខាន់ៗ ដែលជាកំហុសដ៏ធំបំផុតដែលសហគ្រិនគួរចៀសវាងឲ្យបាន៖

១.មិនទាន់យល់ច្បាស់ពីមូលដ្ឋានគ្រឹះធ្វើអាជីវកម្ម

បើចេញធ្វើអាជីវកម្មទាំងមិនយល់ពីមូលដ្ឋានគ្រឹះធ្វើអាជីវកម្ម នេះពិតជាកំហុសធំមួយរបស់សហគ្រិនគ្រប់រូបដែលគួរចៀស។ ជាក់ស្ដែង លោកក៏បានលើកថា សហគ្រិនភាគច្រើនបែងចែកមិនដាច់សូម្បីតែ ផលិតផល (Product) និង រូបរាង (Feature)។ ទំនិញគឺបង្កើតមកបំពេញតម្រូវការ ជួយដោះស្រាយបញ្ហារបស់អតិថិជន ហើយអតិថិជននឹងទិញវា តែ រូបរាង វិញ គឺជាលក្ខណៈមួយដែលជួយបន្ថែមភាពទាក់ទាញ និងតម្លៃដល់ផលិតផលឲ្យកាន់តែខ្ពស់។ ដូច្នេះហើយទើប មហាសេដ្ឋីរូបនេះ​បានក្រើនរំលឹកថា គួរតែស្គាល់ឲ្យច្បាស់ពីមូលដ្ឋានគ្រឹះធ្វើអាជីវកម្មសិន ទើបអ្នកមិនចាញ់ប្រៀបគេ។

២.ភាពជោគជ័យពឹងផ្អែកទៅលើបុគ្គលិកឆ្នើមម្នាក់

បើអ្នកនៅតែប្រកាន់គោលគំនិតថា ភាពជោគជ័យទាំងមូលកើតមានឡើងដោយសារតែមានបុគ្គលឆ្នើមម្នាក់នោះ គឺអ្នកកំពុងយកលុយរបស់ខ្លួនទៅបោះចោលហើយ។ លោកបានសង្កេតឃើញថា សហគ្រិន ភាគច្រើនតែមានក្ដីរំពឹងខ្ពស់ទៅមនុស្សដែលមានសមត្ថភាពម្នាក់ ពោលគឺពួកគេព្យាយាមជួលបុគ្គលិកដែលមានសមត្ថភាពខ្ពស់ និងប៉ិនប្រសប់ខ្លាំង ដើម្បីមកដោះស្រាយបញ្ហា ហើយទប់ជំហរក្រុមហ៊ុនទាំងមូល។ ចំពោះលោកវិញ ទង្វើបែបនេះជាកំហុសដ៏ធំមួយ ព្រោះបើសិនជាថ្ងៃមួយគ្មានវត្តមានរបស់ពួកគេក្នុងក្រុមហ៊ុនរបស់អ្នក តើអ្នកនឹងធ្វើដូចម្ដេច? លោកក៏បានបន្ថែមទៀតថា ការជោគជ័យរបស់ក្រុមហ៊ុនមួយមិនបានពឹងផ្អែកទៅលើមនុស្សតែម្នាក់ឡើយ តែវាបានមកពីការរួមសាមគ្គីគ្នារបស់បុគ្គលិក គ្រប់រូបចាប់តាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើ។ មិនបាច់ជ្រើសយក អ្នកដែលលេចធ្លោពេកនោះទេ តែជ្រើសមនុស្សដែលមានចក្ខុវិស័យតែមួយដូចអ្នក។

៣. គូប្រជែងមានប្រៀបជាងអ្នកជានិច្ច

ត្រង់ចំណុចនេះ លោក Mark Cuban ក៏បានបញ្ជាក់ហើយ បញ្ជាក់ទៀត កុំមានគំនិតបែបនេះឲ្យសោះ ព្រោះបើអ្នកហ៊ានតែគិតដូច្នេះនឹងអស់ទឹកចិត្តជាមិនខាន។ លោកទទួលស្គាល់ថា ចង់បង្កើតអ្វីមួយឲ្យមានភាពទាក់ទាញ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងឈរជើងជាប់ក្នុងទីផ្សារពិតជាមិនងាយស្រួលឡើយ ប៉ុន្ដែបើបន្ដគិតថាអ្នកអន់ជាងគេ នោះអាជីវកម្មរបស់អ្នកនឹងស្ថិតនៅក្រោមសម្ពាធហើយ ជាប់គាំងជាមិនខាន។ អ្វីដែលអ្នកត្រូវធ្វើគឺប្រឹងប្រែងបន្ដកុំអស់សង្ឃឹម ហើយព្យាយាមស្វែងយល់បន្ថែម និងរកវិធីសាស្ដ្រដើម្បីចងចិត្តអតិថិជនរបស់ខ្លួន វាប្រសើរជាង ដេកភ័យខ្លាចប្រណាំងមិនឈ្នះគេ៕

អត្ថបទដោយ៖ ស្រីពេជ្រ