Mark Twain៖ ពេលដែលស្គាល់មនុស្សកាន់តែជាក់ច្បាស់ ខ្ញុំកាន់តែស្រឡាញ់ឆ្កែរបស់ខ្ញុំ

“ពេលដែលស្គាល់មនុស្សកាន់តែជាក់ច្បាស់ ខ្ញុំកាន់តែស្រឡាញ់ឆ្កែរបស់ខ្ញុំ” គ្រាន់តែឃើញសុភាសិតមួយនេះភ្លាមប្រហែលជាមានអ្នកលួចសើចទុកមុនបាត់ទៅហើយ ក៏ប៉ុន្ដែវាមិនមែនជាពាក្យសម្ដីលេងសើចដើម្បីឲ្យមនុស្សសប្បាយរីករាយនោះឡើយ ផ្ទុយមកវិញវាជាសម្ដីពិតដែលលើកឡើងដោយ អ្នកនិពន្ធអាមេរិកដែលមានឈ្មោះល្បីម្នាក់គឺលោក Mark Twain។

លោក Mark Twain កើតនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៨៣៥ និងស្លាប់នៅថ្ងៃ ២១ ខែ មេសា ឆ្នាំ ១៩១០។ ថ្វីបើទទួលមរណៈភាពអស់រយៈពេលយូរទៅហើយក្ដី តែស្នាដៃល្បីរបស់លោក និងពាក្យអប់រំនៅតែត្រូវបានគេយកមកប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ជាពិសេសគឺសុភាសិតមួយឃ្លាខាងលើនេះតែម្ដង។ មែនទែនទៅ ការលើកឡើងរបស់អ្នកនិពន្ធរូបនេះ មិនមានបំណងអាក្រក់ ឬក៏មើលងាយអ្វីឡើយ លោកគ្រាន់តែចង់បញ្ជាក់ប្រាប់ថា បើទោះ ឆ្កែ ត្រឹមជាសត្វធម្មតា ប៉ុន្ដែវាបែរជាមានភាពស្មោះត្រង់ ដែលមនុស្សមួយចំនួនគ្មាននៅក្នុងខ្លួនទៅវិញ។

ជាមួយគ្នានេះ លោកក៏ចង់បញ្ជាក់ឲ្យដឹងថា យើងពិតជាមិនអាចមើលដឹងពីចរិករបស់មនុស្សម្នាក់ៗ ត្រឹមតែសម្បកក្រៅបាននោះឡើយ ព្រោះពេលខ្លះវាត្រឹមតែជាការសម្ដែងបោកបញ្ឆោត ដើម្បីទទួលបានការទុកចិត្ត ក្រោយពេលដែលអ្នកអស់តម្លៃ និងប្រយោជន៍នឹងប្រើប្រាស់ហើយ ពួកគេនឹងបញ្ចេញធាតុដើមជាមិនខាន។ មិនតែប៉ុណ្ណោះ ត្រឹមលឺគេនិយាយ យើងពិតជាមិនអាចដឹងច្បាស់នោះដែរ លុះត្រាតែជួបផ្ទាល់ដោយខ្លួនឯង ទើបដឹងថាមនុស្សគួរឲ្យខ្លាចយ៉ាងណា។

ជាក់ស្ដែង លោក Mark Twain ផ្ទាល់តែម្ដង នៅពេលដែលលោកចាប់ផ្ដើមស្គាល់ពីសណ្ដានរបស់មនុស្សច្បាស់ ទើបលោកដឹងថាឆ្កែរបស់លោកគួរឲ្យស្រឡាញ់ប៉ុណ្ណា ព្រោះវាចេះដឹងគុណ ចំពោះអ្នកដែលបានធ្វើល្អចំពោះវា និងមិនទៅណាចោលម្ចាស់របស់ខ្លួនឡើយ បើទោះជាមានរឿងអ្វីក៏ដោយ វានៅតែស្ម័គ្រនៅក្បែរការពារ។ វាខុសពីមនុស្សមួយចំនួន ដែលគ្មានភាពស្មោះត្រង់់ មិនចេះដឹងគុណ ដល់អ្នកដែលធ្លាប់ប្រព្រឹត្តល្អដាក់ខ្លួន ថែមទាំងហ៊ានក្បត់ លួចចាក់ពីក្រោយដើម្បីផលប្រយោជន៍របស់ខ្លួន។ បុគ្គលខ្លះថែមទាំងមានអំណួតអួតក្អេងក្អាង ប្រើប្រាស់អំណាចមើលងាយអ្នកដទៃទៀតផង ដែលវាជាទង្វើគួរឲ្យស្អប់ខ្ពើម និងអាក្រក់មួយ។

អញ្ចឹងហើយ ទើបលោក Mark Twain មានគោលគំនិតថាសត្វឆ្កែ វាគ្រាន់បើជាងមនុស្សមួយចំនួន  ព្រោះយ៉ាងហោចណាស់ ឆ្កែវាមិនចេះក្បត់ម្ចាស់ ដូចមនុស្សក្បត់គ្នា ហើយធ្វើរឿងថោកទាបដាក់គ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រៀងខ្លួនឡើយ៕

អត្ថបទដោយ៖ ស្រីពេជ្រ