Wayne Huizenga៖ អ្នកមានក្ដីស្រមៃចង់ជោគជ័យ ខណៈអ្នកដទៃងើបពីព្រឹកធ្វើវាឲ្យជោគជ័យកើតឡើង

Former Miami Dolphins owner, H. Wayne Huizenga stands on the field before an NFL football between the Miami Dolphins and New York Jets, game Sunday, Jan. 1, 2012, in Miami. (AP Photo/Lynne Sladky)

មិនខ្វះឡើយមនុស្សដែលនិយាយថា “ខ្ញុំចង់ជោគជ័យ ខ្ញុំនឹងជោគជ័យដូចគេ ជីវិតខ្ញុំនឹងអស្ចារ្យជាងនេះ” តែមែនទែនទៅ មានតែមួយចំនួនប៉ុណ្ណោះ ដែលធ្វើបានដូចសម្ដីរបស់ខ្លួន។ អ្នកខ្លះ មានក្ដីស្រមៃ តែបានត្រឹមដេកស្រមៃរហូត ខណៈជីវិតជាក់ស្ដែងមិនព្រមបញ្ចេញសកម្មភាពណាមួយដែលអាចនាំខ្លួនឲ្យដើរដល់គោលដៅធ្លាប់បានព្រាងទុក។ និយាយពាក្យដដែលៗ តែជីវិតគ្មានឃើញរីកចម្រើនអ្វីសោះ។

បែបនេះហើយ ទើបលោកមហាសេដ្ឋីអាមេរិក Wayne Huizenga បានលើកឡើងនូវចំណុចចាក់ដោតមួយថា  “មនុស្សជាច្រើនមានក្ដីស្រមៃចង់ជោគជ័យ ខណៈមានតែមួយចំនួន​ងើប​ពី​ព្រឹក​ធ្វើ​ឲ្យ​ជោគជ័យ​កើត​ឡើង​”។ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះគឺចង់ដាស់តឿនឲ្យមនុស្សគ្រប់គ្នា មានទំនួលខុសត្រូវលើជីវិតរបស់ខ្លួន បើចង់សម្រេចនូវអ្វីមួយ មិនគួរបានតែនិយាយ និងគិតឡើយ តែអ្នកត្រូវធ្វើផង។ ជាពិសេស តាំងស្មារតី ហើយក្រោកពីសុបិន្ដមករស់នៅក្នុងជីវិតពិត ឈប់គិត ហើយងាកមកបញ្ចេញសកម្មភាពផ្ទាល់វិញ ទើបអ្នកអាចនឹងខិតទៅជិតអ្វីដែលអ្នកប៉ងប្រាថ្នាចង់បាន។

ជាក់ស្ដែង លោក David Karp ស្ថាបនិកក្រុមហ៊ុន Tumblr លោកគឺជាក្មេងប្រុសម្នាក់ដែលមានក្ដីស្រមៃចង់ក្លាយខ្លួនទៅជា អ្នកសរសេរកូដ កម្មវិធីកុំព្យូទ័រ និងជាសហគ្រិនបច្ចេកវិទ្យាដ៏អស្ចារ្យមួយរូប។ ដូច្នេះហើយ លោកបានសម្រេចចិត្តទៅធ្វើការងារជាអ្នកសរសេរកូដ និងធ្វើវេបសាយក្រៅម៉ោងឲ្យគេ រៀនសូត្របណ្ដើរធ្វើការបណ្ដើរ និងបន្ដអភិវឌ្ឍខ្លួនដោយបន្ដស្វែងរកការងារដែលទាក់ទងនឹងជំនាញសរសេរកូដ។ មិនតែប៉ុណ្ណោះ ឆ្លៀតពេលបង្កើតវេបសាយដែលជារបស់ខ្លួនឯងថែមទៀតផង ព្រោះតែក្ដីស្រមៃមួយនេះ លោកត្រូវក្រោកពីគេងទាំងព្រលឹម និងធ្វើការគ្មានពេលទំនេរ ថែមទាំងត្រូវបាត់បង់នូវជីវិតយុវវ័យដ៏រីករាយទៀតផង។ ត្រង់នេះហើយ ដែលធ្វើឲ្យលោកទទួលបានជោគជ័យដូចសព្វថ្ងៃ និងក្លាយសេដ្ឋីវ័យក្មេងមួយរូប ពីព្រោះថាលោកមិនមែនមានត្រឹមតែក្ដីស្រមៃ ប៉ុន្ដែលោកមានភ្ជាប់មកជាមួយនូវក្ដីសង្ឃឹម ទឹកចិត្តដ៏មោះមុត ការអនុវត្តជាក់ស្ដែង ដែលមនុស្សភាគច្រើនធ្វើមិនបាន។

ជារួមមក មានត្រឹមក្ដីស្រមៃមិនអាចធ្វើឲ្យជីវិតរបស់អ្នកបានជោគជ័យឡើយ រីឯនិយាយត្រឹមតែមាត់ក៏មិនអាចឲ្យអ្វីដែលអ្នកបានគិតលេចចេញជារូបរាងបានដែរ។ អញ្ចឹងហើយ បើដឹងថាខ្លួនមានក្ដីស្រមៃអ្វីហើយនោះ កុំចាំយូរពេក ក្រោកពីព្រលឹមជារៀងរាល់ថ្ងៃធ្វើវាភ្លាមទៅ៕

អត្ថបទដោយ៖ ស្រីពេជ្រ