WHO៖ ការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២នឹងកើតមានឡើង ប្រសិនបើប្រទេសទាំងអស់បន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេក

បើទោះជាបច្ចុប្បន្ន ករណីឆ្លងរីករាលដាលនៃជម្ងឺ កូវីត១៩ បានធ្លាក់ចុះនៅក្នុងបណ្ដាលប្រទេសមួយចំនួននៅជុំវិញពិភពលោកក៏ពិតមែន ក៏ប៉ុន្ដែអង្គការសុខភាពពិភពលោកនៅតែព្រមានជារឿយៗ ឲ្យមានការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសឲ្យសោះ។

ជុំវិញបញ្ហាទាំងអស់នេះ អង្គការសុខភាពបានថ្លែងប្រាប់ឲ្យដឹងថា បើទោះជាយើងកំពុងមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លង កូវីត១៩ តែទោះជាយ៉ាងណាយើងនៅតែអាចប្រឈមមុខនឹង «ការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាប្រទេសនីមួយៗ ខ្វះភាពប្រុងប្រយ័ត្ន និងលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេកក្នុងប្រទេសរបស់ខ្លួន។ នេះបើការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី ២៦ ខែ ឧសភា ឆ្នាំ២០២០។

យោងតាមការលើកឡើងរបស់ លោក Michael Ryan នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO ក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើទោះជាប្រទេសមួយចំនួនបានធ្លាក់ចុះការឆ្លងក៏ពិតមែន តែយើងត្រូវទទួលស្គាល់ ថា COVID-19 អាចនឹងរាតត្បាតឡើងវិញសាជាថ្មី ឬការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ ប្រសិនបើមិនយកចិត្តទុកដាក់ឲ្យមែនទែន។ បែបនេះហើយ យើងចាំបាច់ត្រូវតែបន្ត​ពង្រឹងសុខាភិបាលសាធារណៈ និងវិធានការសង្គម, តាមដាន, ធ្វើតេស្ដ និងយុទ្ធសាស្ត្រទប់ស្កាត់នានា ដើម្បីធានាឱ្យបានថា ករណីឆ្លងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង»

មែនទែនទៅ លោក Mike Ryan ក៏បានប្រាប់ឲ្យដឹងទៀតថា ពិភពលោកបច្ចុប្បន្ន កំពុងបន្តស្ថិតនៅចំកណ្ដាលនៃរលកទី ១ ស្របពេលតំបន់អាមេរិកឡាទីន ត្រូវបានគេមើលឃើញថា បានក្លាយជាចំណុចកណ្ដាលថ្មី​នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី ២៦ ខែ ឧសភា នេះ  ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនដល់ ៥ ៥៩០ ៣៥៨ ករណី និងច្រើនជាង ៣៤៧ ៩០៧ នាក់បានស្លាប់។ ខណៈខណៈប្រទេសប្រេស៊ីល​កំពុងឈរនៅលេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក​​ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេលើលោក៕

ដោយ៖ ស្រីពេជ្រ