WHO៖ ការរាតត្បាតនៃជំងឺកូវីត១៩ កាន់តែអាក្រក់ខ្លាំងឡើងៗ ហើយ

បើទោះជាប្រទេសមួយចំនួនត្រូវបានមើលឃើញថាមានការថយចុះអំពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារ កូវីត ១៩ ក៏ពិតមែន តែអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅតែដាល់តឿនឲ្យប្រទេសនីមួយៗ បន្ដប្រុងប្រយ័ត្ន ព្រោះថាបើគិតពីពិភពលោកទាំងមូលវិញ ជំងឺនេះគឺរាតត្បាតកាន់តែអាក្រក់ទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះក៏បញ្ជាក់ទៀតថា ករណីឆ្លងជាង ១៣៦,០០០ករណី ត្រូវបានរាយការណ៍មកកាន់ WHO កាលពីថ្ងៃទី០៧ ខែមិថុនា ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់ពិភពលោកទាំងមូល។ តាមរយៈតារាងស្ថិតិរបស់ខ្លួនបានឲ្យដឹងថា ប្រទេសជាច្រើននៅតែកំពុងប្រឈមមុខ ការកើនឡើងចំនួនករណីឆ្លង កូវីត១៩ យ៉ាងគំហុក ជាពិសេសតំបន់អាមេរិកឡាទីន និងអាស៊ីខាងត្បូង។

មែនទែនទៅ អង្គការ WHO ក៏ធ្លាប់បានប្រកាសកាលពីពេលកន្លងទៅថា បើទោះជាយើងកំពុងមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លង កូវីត១៩ តែទោះជាយ៉ាងណាយើងនៅតែអាចប្រឈមមុខនឹង «ការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាប្រទេសនីមួយៗ ខ្វះភាពប្រុងប្រយ័ត្ន និងលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេកក្នុងប្រទេសរបស់ខ្លួន។

បន្ថែមពីនេះ អង្គការ WHO ក៏បន្ដថា ពិភពលោកបច្ចុប្បន្ន កំពុងបន្តស្ថិតនៅចំកណ្ដាលនៃរលកទី ១ ស្របពេលតំបន់អាមេរិកឡាទីន ត្រូវបានគេមើលឃើញថា បានក្លាយជាចំណុចកណ្ដាលថ្មី​នៃការឆ្លងរាតត្បាតជំងឺ កូវីត១៩ ដ៏កាចសាហាវនេះ។ បែបនេះត្រូវតែ ប្រុងប្រយ័ត្នមែនទែន។

ជុំវិញបញ្ហាទាំងអស់នេះ អង្គការ WHO ក៏បានអំពាវនាវ ឲ្យប្រទេសទាំងឡាយ បន្តចាត់វិធានការប្រកបដោយភាពវិជ្ជមាន ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីត១៩ ។ ឈានចូលដល់ខែទី៦ហើយដែល កូវីត១៩ បានយាយីពិភពលោកទាំងមូល ដូច្នេះវាមិនជាពេលដែលប្រទេសណាមួយ ត្រូវដើរចេញពីវិធានការប្រយុទ្ធប្រឆាំងនោះឡើយ។

គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី ៩ ខែ មិថុនា នេះ  ចំនួនអ្នកឆ្លង កូវីត១៩ នៅទូទាំងពិភពលោកបានកើនដល់ ៧ ២១០ ៩៣១ ករណី និងច្រើនជាង ៤០៨ ៩៨០ នាក់បានស្លាប់។ ខណៈប្រទេសប្រេស៊ីល​កំពុងឈរនៅលេខ ២ បន្ទាប់ពី សហរដ្ឋអាមេរិក ​​ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេលើលោក៕

ដោយ៖ ស្រីពេជ្រ