WHO ៖ វ៉ាក់សាំងប្រឆាំង COVID-19 រាប់រយលានដូស អាចនឹងត្រូវផលិតរួចរាល់ នៅមុនឆ្នាំ ២០២១

គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅតែបន្ដកើនឡើងនៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងសរុបប្រមាណ ៨ ៥៩៩ ២៨៧ និងស្លាប់ ៤៥៦ ៧២៧ នាក់។ មែនទែនទៅ ទាក់ទិននឹងបញ្ហានេះវានៅតែជាក្ដីបារម្ភសម្រាប់មនុស្សដែលរស់នៅគ្រប់បណ្ដាប្រទេស។ បែបនេះហើយ ទើបក្រុមអ្នកស្រាវជ្រាវនៅតែប្រឹងប្រែងឥតឈប់ឈរទៅលើការផលិតវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

យោងតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង COVID-19 រាប់រយលានដូស អាចនឹងត្រូវបានផលិតរួចរាល់នៅមុនឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន medicalxpress នាថ្ងៃសុក្រ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ម្សិលមិញ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ហ៊ានធ្វើការសន្និដ្ឋានដូច្នេះ ក៏ដោយសារតែពិនិត្យមើលទៅស្ថានភាពជាក់ស្ដែង ដោយមានក្រុមហ៊ុនថ្នាំជាច្រើន កំពុងតែប្រញាប់ប្រញាល់ក្នុងការផលិតថ្នាំវ៉ាក់សាំង។ ហើយថ្នាំវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ២ ពាន់លានដូស ត្រូវបានរំពឹងថានឹងផលិតបាន នៅមុនដំណាច់ឆ្នាំ ២០២១ ខាងមុខផងដែរ។

ប្រសិនបើថ្នាំវ៉ាកសាំងនេះអាចផលិតបានដូចអ្វីដែលបានរំពឹងទុក អ្នកដែលអាច នឹងទទួលបានថ្នាំនេះមុនគេ គឺមានបីក្រុម ដែលសុទ្ធតែជាប្រភេទក្រុមមនុស្សងាយរងគ្រោះជាងគេបំផុត ។ ក្រុមទី ១ ជាអ្នកធ្វើការជួរមុខ ដូចជាបុគ្គលិកសុខាភិបាល និងមន្ត្រីនគបាល។ រីឯក្រុមទី ២ គឺ មនុស្សចាស់ជរា ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ហើយក្រុមចុងក្រោយ គឺប្រជាជនទាំងឡាយណាដែលរស់នៅក្នុងតំបន់ដែលប្រឈមនឹងការឆ្លងខ្ពស់ ដូចជានៅសំណង់អាគារអនាធិបតេយ្យ ឬនៅតាមផ្ទះថែទាំជាដើម។

តាមរយៈ លោកស្រី Soumya Swaminathan ដែលប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO ឲ្យដឹងថាបបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការតេស្តយ៉ាងមមាញឹកទៅលើវ៉ាក់សាំងប្រឆាំងនឹង COVID-19 ចំនួនច្រើនជាង ២០០ប្រភេទ ទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស។ លោកស្រី Soumya បានបញ្ជាក់ថែមទៀតថា «ប្រសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០នេះ»៕

ដោយ៖ ស្រីពេជ្រ