World Bank៖ កម្ពុជា គួរជំរុញបន្ថែមទៀតនូវការនាំចេញគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តទៅជប៉ុន

ធនាគារពិភពលោក (World Bank) ​បាន​លើកឡើងថា ប្រទេស​កម្ពុជា​គួរតែផ្ដោត និង​ជំរុញ​បន្ថែមទៀត​នូវ​ការនាំចេញ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត​ទៅកាន់​ប្រទេស ​ជប៉ុន បន្ទាប់ពីការនាំចេញសម្លៀកបំពាក់មានភាពកកកុញរាំងស្ទះ និងសម្រចការនាំចេញបានត្រឹម ៧,៥ភាគរយ ​ក្នុង​រយៈពេល៣ ខែ ដំបូងនៃឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១៧.៧ ភាគរយ​ បើប្រៀបធៀបដូចគ្នាកាលពី​ឆ្នាំមុន។

ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បាន​ឱ្យដឹងទៀតថា ទីផ្សារ​នាំចេញ​ធំជាងគេ​ពីរ​​របស់​កម្ពុជា បន្ទាប់ពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ​គឺ​ជប៉ុន ដែលការនាំចេញសម្រេចបាន ១,០៥ ពាន់​លាន​ដុល្លារ និង​អង់គ្លេស នាំចេញបាន ៩៤៥ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៩ ។

បន្ថែមពីនេះ ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា ទៅកាន់​ប្រទេស ​ជប៉ុន ​បាន​កើន​ឡើងដល់ ៧៧.៨ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដែល​មានចំនួនកើនឡើងលើសឆ្នាំ ២០១៨ ចំនួន ៣៩,៤ លាន​ដុល្លារ​អាមេរិក​។ មិនតែប៉ុណ្ណោះ ​ជប៉ុន ក៏ហាក់ដូច​ជាបង្ហាញនូវ​ក្តីសង្ឃឹម​ខ្លាំង ចំពោះ​ការនាំចេញបន្ថែមសម្រាប់​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​រថយន្ត ពី​កម្ពុជាផងដែរ ។

ដោយមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសគោលដៅ​សក្ដានុពលមួយ ជប៉ុន បានបោះទុន​វិនិយោគ​សរុបរហូត​ដល់ជាង ២ ពាន់លានដុល្លារអាមេរិក លើគម្រោងចំនួន ១៣៧  រួចមកហើយ នៅកម្ពុជា គិតពី ឆ្នាំ ១៩៩៤ រហូតដល់​ត្រីមាសទី ១ ឆ្នាំ២០១៩ ។

យោងតាមទិន្នន័យ JETRO បង្ហាញថា ផលិតផលសំខាន់ៗ​ ដែលកម្ពុជា​បាននំាចេញ​ទៅកាន់ទីផ្សារ ជប៉ុន រួម​មានដូចជា​ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ។ រីឯការនាំចូលពី ជប៉ុន មកវិញមាន ផលិតផលគ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រសម្រាប់​វិស័យកសិកម្ម​ និងគ្រឿង​បរិក្ខារ​សម្រាប់​លំនៅដ្ឋានជាដើម។

គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០១៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ នៃប្រទេស​ក្នុងតំបន់​អាស៊ាន ដែលមានការនាំចេញច្រើនបំផុតទៅកាន់ ប្រទេស ជប៉ុន៕

ដោយ៖ ស្រីពេជ្រ