ទំព័រដើម ព័ត៌មាន កម្ពុជា ជ្រើស...

កម្ពុជា ជ្រើសរើសក្រុមហ៊ុន សិង្ហបុរី ជាដៃគូសិក្សា-អភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី២។

កិច្ចប្រជុំនេះដែរ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ជាសមាជិក-សមាជិកា នៃក្រុមប្រឹក្សាជាតិ ភ័ស្តុភារកម្ម និងលោក លោកស្រី ជាសមាជិក-សមាជិកា នៃក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។

យ៉ាងណាមិញ កិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី ២ ធ្វើឡើងដើម្បីពិនិត្យលើ «ការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC)» ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម (ក.ជ.ភ)។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនឹងធ្វើឲ្យ កម្ពុជា យើងមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាមិញ លោក ក៏ធ្លាប់បានជំរុញមន្ដ្រីពាក់ព័ន្ធរួមគ្នាពិភាក្សាធ្វើយ៉ាងណា ប្រែក្លាយ កម្ពុជា ទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ព្រោះលោកបានមើលឃើញថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រអំណោយផលខ្លាំងមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូននៅ កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលភស្តុភារកម្ម គឺជាកន្លែងស្តុកទុកទំនិញ ដែលទុកសម្រាប់ការចែកចាយទំនិញនៅក្នុងប្រទេស និងបន្តចែកចាយទៅក្រៅប្រទេសផ្សេងៗ និងជាកន្លែងទុកសម្រាប់ប្រមូលផ្តុំការស្តុកទុកទំនិញពីប្រទេសក្រៅ ដើម្បីបង្កើតភាពងាយស្រួលក្នុងការចែកចាយទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ៕

ដោយ៖ ស្រីពេជ្រ

- Advertisment -

ព័ត៌មានថ្មីបំផុត