កម្ពុជា បានត្រៀមថវិកាជាង ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការកាត់ផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុប និងជំងឺកូវីដ១៩

តាមរយៈលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជា បានត្រៀមថវិកាជាង ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សភាពអឺរ៉ុប (EU) និងជំងឺកូវីដ១៩។

ទាក់ទិននឹងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះផងដែរ លោក មាស សុខសេនសាន បានឲ្យដឹងទៀតថា ក្រសួងសេដ្ឋកិច្ច បានត្រៀមថវិកាតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ពោលគឺមុនពេលមានកូវីដ១៩ទៅទៀត យុទ្ធសាស្ត្រទាំងអស់ដែលបានរៀបចំមុនពេលកូវីដយើងនៅប្រើ ហើយបូកថែមនឹងកូវីដ១៩ទៀត។ សំខាន់បំផុតក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺយើងត្រៀមថវិការាប់លាន ដើម្បីទប់ទល់នឹង EBA ប៉ុន្តែបើសិនយើងគិតទាំង EBA និងកូវីដ១៩ មានថវិកា១១៦៤លានដុល្លារ។

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ថា ការដកចេញផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA នេះ មិនមែនជាការបាត់បង់ទីផ្សារនៅអឺរ៉ុបនោះទេ។ អឺរ៉ុបនៅតែជាទីផ្សារបស់កម្ពុជា គ្រាន់តែមុខទំនិញមួយចំនួន ដែលពីមុនធ្លាប់តែអនុគ្រោះពន្ធ មកជាបង់ពន្ធវិញប៉ុណ្ណោះ។

លោកបានគូសបញ្ជាក់បន្ថែមថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះគ្រាន់តែជាការដំឡើងពន្ធ ក្នុងរង្វង់ប្រហែល២០ភាគរយនៃផលិតផល ដែលកម្ពុជានាំចេញទៅអឺរ៉ុប ដែលការដំឡើងពន្ធនេះ មានបច្ច័យដល់រោងចក្រខ្លះបង្វែរសង្វាក់ផលិតកម្ម ទៅកន្លែងដែលមិនជាប់ពន្ធ និងរោងចក្រខ្លះទៀត នៅតែអាចដំណើរការនាំចេញបាន។

យ៉ាងណាមិញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោមហេតុផល កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលំអរនូវចំណុចទាំងអស់នេះ ខណៈការចូលជាធរមាននេះមានរយៈពេល៦ខែ បន្ទាប់។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើផលិតផល៤0មុខរបស់កម្ពុជា។

សូមបញ្ជាក់ផងដែរ បើតាមការគ្រោងទុកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ គឺជាថ្ងៃកំណត់ដែលប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហគមន៍អឺរ៉ុប (EU) ផ្តល់ឲ្យកម្ពុជា នឹងចូលជាធរមាន៕

ដោយ៖ ស្រីពេជ្រ