កម្ពុជា ស្នើឱ្យក្រុមហ៊ុនអាមេរិក ចូលរួមលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅ កម្ពុជា

កាលពីថ្មីៗ នេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនសំណង់នៅខាងអាមេរិក ជួយចូលរួមក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជា។

មែនទែនទៅ ការស្នើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង លោក ផាកទ្រីត ម៉ាហ្វី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្ន មានគម្រោងជាច្រើនដែលកំពុងសាងសង់ដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម ដែលគម្រោងទាំងនេះសុទ្ធសឹងតែត្រូវការជំនួយ និងការបណ្ដាក់ទុនពីអ្នកវិនិយោគ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើសុំឱ្យ ខាងអាមេរិកបញ្ជូនអ្នកជំនាញការ មកជួយបណ្តុះបណ្តាលទាក់ទិនទៅនឹងផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅ កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ថា ទោះបីក្នុងស្ថានភាព ដែលពិភពលោកកំពុងរាតត្បាតដោយ Covid-19 ក៏ក្រសួងនៅតែបន្តអនុវត្តនូវ ការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ គ្មានបង្អង់ដៃ ជាក់ស្តែងសកម្មភាព នៃការសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម នៅទូទាំងប្រទេស។

ទន្ទឹមនេះ លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានធ្វើការកត់សម្គាល់ និងស្ងើចសរសើរចំពោះសមិទ្ធិផលនានារបស់ក្រសួង និងទទួលយកទៅពិចារណាសំណើដែលបានលើកឡើង ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។

បន្ថែមពីនេះ លោកបន្តថា នាថ្ងៃទី ២១ ខែ កញ្ញា ខាងមុខនេះ នឹងមានការធ្វើទស្សនកិច្ចការងារនៅកម្ពុជាពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ផងដែរ។

សូមបញ្ជាក់ ទាក់ទងនឹងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពិតបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល នាំចេញទៅក្រៅប្រទេស៕

ដោយ៖ ស្រីពេជ្រ