ការពិត ៣យ៉ាងកំពុងតែលាក់ខ្លួនក្នុងអាជីវកម្ម ហើយក៏ជាមូលហេតុនៅពីក្រោយការបរាជ័យនៃអាជីវកម្មថ្មោងថ្មី

ការធើ្វជាសហគ្រិនម្នាក់ដែលជោគជ័យ គឺត្រូវទាមទារអោយអ្នកមានភាពស៊ូទ្រាំ និងអំណត់អត់ធន់ខ្ពស់ ព្រមទាំងមានការយល់ដឹងខ្ពស់ទៅលើវិស័យមួយនេះ ទើបធ្វើឲ្យអ្នកក្លាយជាសហគ្រិនម្នាក់ដែលជោគជ័យបាន។ ម្យ៉ាងវិញទៀត មិនមែនគ្រប់អាជីវកម្មទាំងអស់សុទ្ធតែជោគជ័យនោះទេ បើសិនជាអ្នកមិនទាន់យល់ពីវិស័យមួយនេះច្បាស់ទេ នោះអ្នកមុខជាបរាជ័យជាមិនខាន។ ខាងក្រោមនេះជាមូលហេតុធំៗ ៣ ដែលមិនអាចឲ្យអ្នកក្លាយជាសហគ្រិនដែលជោគជ័យ ៖

. មានដើមទុនមួយមុខមិនគ្រប់គ្រាន់នោះទេ

អ្នកប្រាកដជាធ្លាប់បានដឹងហើយថា បើសិនជាយើងចង់ចាប់ផ្ដើមធ្វើអាជីវកម្មមួយលុះត្រាតែយើងមានដើមទុនសមល្មមក្នុងការបើកដំណើរការអាជីវកម្មនោះ។ ប៉ុន្ដែជាក់ស្ដែង ដើមទុនសម្រាប់ការចាប់ផ្ដើមអាជីវកម្មវាគ្រាន់តែជាផ្នែកមួយនៃទុនផ្សេងៗទៀតប៉ុណ្ណោះ នៅមានទុនជាច្រើនទៀតដែលអ្នកគួរមាន និងរៀនសូត្របន្ថែម។ មនុស្សជាច្រើនមិនដឹងទេថា ការបើកអាជីវកម្មមួយគឺទាមទារឲ្យម្ចាស់អាជីវកម្មសិក្សារឲ្យបានស៊ីជម្រៅទៅលើដំណើរការអាជីវកម្មទាំងមូល តម្រូវការទីផ្សារ និងគោលបំណងនៃការបើកដំណើរអាជីវកម្មរបស់ខ្លួនឲ្យបានកាន់តែច្បាស់ ទើបពួកគេអាចទទួលបានជោគជ័យ ។

. មិនទាន់យល់ច្បាស់ពីអត្ថន័យអាជីវកម្ម

សហគ្រិនជាច្រើន មានទស្សនៈរវើរវាយទាក់ទងនឹងការក្លាយខ្លួនជាម្ចាស់អាជីវកម្ម ដោយគិតថាវាការជាសប្បាយ និងអាចរកចំណូលបានច្រើន។ ជាការពិត ការធ្វើអាជីវកម្មវាអាចបង្កើនប្រាក់ចំណូលរបស់អ្នកពិតមែន ប៉ុន្ដែវាមិនមែនសប្បាយរាល់ថ្ងៃនោះទេ។ ពេលខ្លះអ្នកក៏ត្រូវជួបជាមួយបញ្ហា និងហានិភ័យ ដែលកើតមានឡើងភ្លាមៗ។ អ្វីដែលអ្នកគួរតែយល់ឲ្យកាន់តែច្បាស់ គឺការស្វែងយល់ពីទីផ្សារ និងសេវាកម្មដែលអ្នកបម្រើទៅកាន់អតិថិជន ថាតើអ្វីដែលអ្នកកំពុងផ្ដល់ជូនវាសមស្របជាមួយនឹងតម្រូវការរបស់ពួកគេដែរទេ។ ដូច្នេះអ្នកគួរតែត្រៀមខ្លួនក្នុងការទទួលយករឿងទាំងនេះ និងទទួលស្គាល់ពីអត្ថន័យនៃការធ្វើជាម្ចាស់អាជីវកម្ម ។

. លក់ផលិតផលដែលគ្មានទីផ្សារ

ផ្នែកមួយដែលសំខាន់បំផុតសម្រាប់សហគ្រិនផងដែរនោះគឺ ការធ្វើតេស្ដសាកល្បងដើម្បីឲ្យដឹងពីតម្រូវការទីផ្សារចំពោះផលិតផល ឬសេវាកម្មរបស់ខ្លួន ។ នៅពេលដែលអ្នកចាប់ផ្ដើមដំបូងអ្នកគួរតែជ្រើសយកផលិតផល ឬសេវាកម្មណាដែលមានទ្រង់ទ្រាយតូចសិនដើម្បីប្រាកដថា រាល់ផលិតផល ឬសេវាកម្មរបស់អ្នកជាអ្វីដែលអតិថិជនត្រូវាការ ។ ការធ្វើបែបនេះ វាអាចជួយឲ្យអ្នកជៀសផុតពីការដួលរលំ ឬក្ស័យធនបាន ជាពិសេសវាក៏ជាពេលវេលាមួយដ៏ល្អសម្រាប់អ្នកក្នុងការស្វែងយល់ និងសំលៀងជំនាញអាជីវកម្មរបស់អ្នកឲ្យកាន់តែល្អប្រសើ ។

ជារួមមក នៅពេលដែលអ្នកចង់បើកអាជីវកម្មមួយមិនប្រាកដថា ពេលដែលអ្នកមានដើមទុនគ្រប់គ្រាន់អ្នកអាចធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យបាននោះទេ អ្នកត្រូវសិក្សារទៅលើកត្តាផ្សេងៗមួយចំនួនទៀតដើម្បីឲ្យអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យ ៕

អត្ថបទដោយ ៖ ចន្ថា