ទំព័រដើម ព័ត៌មាន ការស្ថាបនាផ្ល...

ការស្ថាបនាផ្លូវ ៣៨ខ្សែ តម្លៃ ១៥០ លានដុល្លារនៅសៀមរាប នឹងចូលរួមលើកកម្ពស់ខេត្តនេះ និងទាញយកភ្ញៀវទេសចរ

ការស្ថាបនាផ្លូវ៣៨ខ្សែ​ តម្លៃ ១៥០​ លានដុល្លារនៅសៀមរាប  នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង។

ទាក់ទិននឹងគម្រោងសាងសងនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការអន្តរក្រសួងនៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក៏បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងទាំង ៣៨ ដើម្បីរៀបចំលើកគម្រោងស្ថាបនាស្របតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៤ ខែកញ្ញា។

សម្រាប់ការចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងទាំង ៣៨ ខ្សែនៅក្រុងសៀមរាបនេះ មានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែងទាំង ៣៨ខ្សែ ខាងលើនេះ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងស្ថានីយបូមទឹកកខ្វក់ផងដែរ។

គួររំលឹកផងដែរ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។ ជាមួយគ្នានេះ សម្តេចក៏ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ គណៈកម្មការនេះដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាអនុប្រធាន និង លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ជាអនុប្រធានអចិន្រ្តៃយ៍។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ។

ទន្ទឹមនេះ កាលពីសប្តាហ៍មុនអាជ្ញាធរខេត្តសៀមរាប បានជូនដំណឹងដល់ពលរដ្ឋមួយចំនួន ដែលបានសាងសង់លំនៅដ្ឋាននៅចំណីផ្លូវដោយខុសច្បាប់ រុះរើសំណង់របស់ខ្លួនចេញ ដើម្បីខេត្តធ្វើការសាងសងផ្លូវទំាង៣៨ខ្សែនោះ។ អាជ្ញាធរបានទុកពេល១០ថ្ងៃឲ្យពលរដ្ឋក្នុងការរុះរើគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនចាប់ពីពេលចេញសេចក្តីជូនដំណឹង គឺថ្ងៃទី២៣កញ្ញាទៅ។

គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា៕

ជាមួយគ្នានេះដែរ រដ្ឋាបាល ខេត្តសៀមរាប បាននឹងកំពុងរៀបចំសេចក្ដីព្រាងផែនការមេសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់អង្គរ ធនធានធម្មជាតិ និងសំដៅទាក់ទាញភ្ញៀវទេសចរ។

បើតាមរយៈឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប ក៏បានគូសបញ្ជាក់ថា គម្រោងផ្លូវ ៣៨ ខ្សែនេះ ក៏ជាផ្នែកមួយនៃផែនការនេះ ដែលជាសូចនាករដ៏សំខាន់ ក្នុងការតម្រង់ទិសលើកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្រោយការបញ្ចប់នូវវិបត្តិជំងឺកូវីដ-១៩ ហើយក៏ជាមូលដ្ឋានគ្រឹះរបស់ខេត្តទេសចរណ៍យើងផងដែរ៕

ដោយ៖ ស្រីពេជ្រ

- Advertisment -

ព័ត៌មានថ្មីបំផុត