កំពុងរៀននៅមហាវិទ្យាល័យតែចង់បើកអាជីវកម្ម អ្នកត្រូវឆ្លងកាត់ ៥ចំណុចខាងក្រោមនេះសិន

មានមនុស្សជាច្រើនដែលចង់មានបាន ចង់ក្លាយជាអ្នកមាន មានអាជីវកម្មដោយខ្លួនឯង ប៉ុន្តែពួកគេមិនដឹងថា តើគួរធ្វើវាដោយវិធីណា ឬទៅតាមផ្លូវណា? យ៉ាងណាមិញពួកគេ ក៏ស្ថិតនៅក្នុងវ័យសិក្សាផង ដូច្នេះហើយវាគឺជាបញ្ហាមួយសម្រាប់ពួកគេដែល។ តែវាមិនថ្វីនោះទេបើអ្នកអនុវត្តន៍ទៅតាមវិធីសាស្ត្រខាងក្រោមនេះ វាអាចនឹងជួយអ្នកឲ្យសម្រេចគោលបំណងបាន៖

១. ការគ្រប់គ្រងពេលវេលាឲ្យត្រឹមត្រូវ៖

ការបង្កើតអាជីវកម្ម ឬ ធ្វើជាម្ចាស់អាជីវកម្មម្នាក់ គឺគ្មានពេលវេលាទំនេរនោះទេជាពិសេសអ្នកដែលកំពុងសិក្សា និង បង្កើតអាជីវកម្មក្នុងពេលតែមួយ។ ដូចនេះហើយ អ្នកមិនត្រូវចំណាយពេលវេលាឥតប្រយោជន៍នោះទេ អ្នកគួរតែផ្តោតទៅលើអ្វីដែលសំខាន់បំផុត។ អ្នកត្រូវបែងចែកកាលវិភាគឲ្យបានច្បាស់លាស់ នឹងចែកឲ្យដាច់រវាងពេលវេលារៀនសូត្រ និង ការធ្វើការងារ។

២. មានមហិច្ចតាធំក្នុងការបង្កើតអ្វីមួយ៖

មហិច្ចតាកើតឡើងពីការចង់បានអ្វីមួយដែលជាកត្តាជំរុញចិត្តឲ្យបុគ្គលម្នាក់នោះមានការគិតស៊ីជម្រៅ ដើម្បីសម្រេចបំណងរបស់ពួកគេ។ ហើយពេលខ្លះ គឺកម្លាំងចិត្តទាំងនោះ អាចបានមកពីការមើលងាយពីមនុស្សជុំវិញខ្លួនដែលជាហេតុធ្វើឲ្យពួកគេផ្លាស់ប្តូរ និងកែប្រែចិត្តគំនិតរបស់ខ្លួន។ ដូច្នេះហើយភាពឈឺចាប់គឺជាគន្លឹះមួយដែលធ្វើឲ្យមនុស្សសម្រេចបំណងប្រាថ្នា។ ដូចពាក្យមួយឃ្លាបានលើកឡើងថា បើអ្នកអាចយកភាពឈឺចាប់មកធ្វើជាកម្លាំងចិត្តបាន នោះអ្នកនឹងជោគជ័យ។

៣. រៀបចំឥរិយាបថឲ្យបានល្អ៖

ឥរិយាបថជាភាពសំខាន់មួយចំពោះការធ្វើអាជីវកម្ម ព្រោះមិនថាអ្នកមានឱកាសច្រើនយ៉ាងក៏ដោយតែវាអាចធ្លាក់ទៅលើមនុស្សដែលមានគេគោរពស្រលាញ់ច្រើនជាង។ ដូច្នេះហើយយើងត្រូវមានភាពស្មោះត្រង់ ពាក្យសម្តីសមរម្យ រៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនឯង គិតវិជ្ជមាន ខំធ្វើការងារ និង មានភាពស៊ូទ្រាំខ្ពស់មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

៤. រក្សាសច្ចធម៌របស់ខ្លួនឯងជានិច្ច៖

សច្ចធម៌ធ្វើឲ្យទំនាក់ទំនង់របស់អ្នកកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរ៍ភាព អ្នកត្រូវបង្ហាញពីភាពស្មោះត្រង់របស់អ្នក ដោយគិតប្រយោជន៍រួមជាធំ ពោលពាក្យពិត ការគោរពពាក្យសម្តីដែលខ្លួនបានសន្យា និងមិនប្រើល្បិចកលលើនរណាម្នាក់ ដើម្បីទទួលបានផលប្រយោជន៍ឡើយ។ ដូចនេះហើយភាពស្មោះត្រង់វាសំខាន់ទាំងក្នុងការងារ និងក្នុងអាជីវកម្ម។ ជាការពិតណាស់ មនុស្សមិនមានភាពស្មោះត្រង់អាចរកប្រាក់បានលឿនជាងមនុស្សស្មោះត្រង់ ប៉ុន្ដែមនុស្សស្មោះត្រង់អស្ចារ្យត្រង់ថាគេអាចរកប្រាក់បានយូរជាង។

៥. ប្រើប្រាស់បទពិសោធន៍មកបង្កើតអាជីវកម្ម៖

ជាធម្មតានៅពេលដែលយើងធ្វើការងារឲ្យក្រុមហ៊ុនមួយ យើងតែងទទួលបាននៅបទពិសោធន៍ ប្រាក់កាក់ ជំនាញ និង ចំណោះដឹងផ្សេងៗ។ ដូច្នេះហើយយើងអាចប្រើប្រាស់ចំនេះដឹង និង ជំនាញនេះដើម្បីបង្កើតអាជីវកម្មមួយបានសម្រាប់ខ្លួនឯង។ ប៉ុន្តែទោះបីជាយើងអាចបង្កើតអាជីវកម្មបានដោយខ្លួនឯងហើយក៏ដោយ ក៏យើងនៅតែត្រូវសិក្សាស្វែងយល់បន្ថែមអំពីចំណេះដឹងអាជីវកម្ម ដើម្បីឲ្យអាជីវកម្មរបស់យើងដើរទាន់សម័យកាល និងមិនបរាជ័យ។

អត្ថបទដោយ៖ មាលា