ក្រសួងរ៉ែ និងថាមពល ប្រកាសបើករុករករ៉ែក្នុងតំបន់សម្បទានថ្មី ក្នុងខេត្តចំនួន ២

ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសជូនដំណឹង ស្ដីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក។ នេះបើតាមសេចក្ដីប្រកាសដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

តាមរយៈសេចក្ដីជូនដំណឹងនោះ បានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឲ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន២តំបន់ ដូចមាន «ផែនទីទីតាំង និងកូអរដោណេ» ជូនភ្ជាប់មកជាមួយ ចាប់ពីពេលនេះតទៅ។

តំបន់សម្បទានស្វែង រុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចខាងក្រោម៖

១៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១០៧,១០ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
២៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

សាធារណជន បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំ «ពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែដែលមានការបោះត្រាត្រឹមត្រូវ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្ដីការក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរួចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិត ដោយការខ្នងថា «ឯកសារស្នើសុំប្រកួត ប្រជែង» រួចដាក់មកក្រសួងតាម «ការិយាល័យច្រកចេញចូលតែមួយ» របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរ បំផុតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី។

សូមបញ្ជាក់ កាលពីខែ មិនា កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល ក៏បានប្រកាសបើកទទួលពាក្យដេញថ្លៃទទួលបានអាជ្ញាបណ្ណស្វែងរុករក ក្នុង ៤តំបន់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង មណ្ឌលគិរី ផងដែរ។ ហើយមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣៩ បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែ៕

ដោយ៖ ស្រីពេជ្រ