ក្រុមហ៊ុនចិនបង្ហាញប្លង់គំរូ ៣ សម្រាប់គម្រោងផ្លូវល្បឿនលឿន ១២០គម/ម៉ោង ភ្នំពេញ-បាវិត

បន្ទាប់ពីសិក្សាយ៉ាងលម្អិតអស់រយៈពេលជាច្រើនខែ កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញប្លង់គំរូ ៣ សម្រាប់សម្រាប់គម្រោងផ្លូវល្បឿនលឿន១២០គម/ម៉ោង ភ្នំពេញ-បាវិត។

យ៉ាងណាមិញ យោងទៅតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនដែលបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០គម/ម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។

នៅក្នុងឱកាសនោះ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ លើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា។ ជាពិសេសក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការជ្រើសរើសយកជម្រើសណាមួយនោះ ត្រូវផ្ដោតជាសំខាន់លើក្របខ័ណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់ និង​បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុតដើម្បីឱ្យការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃសិក្សាគម្រោងផ្នែកបច្ចេកទេស នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធបន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យវឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួន ដែលក្រុមហ៊ុនមិនអាចដោះស្រាយបាន សំដៅឱ្យគម្រោងនេះមានដំណើរការដោយរលូន។

សូមបញ្ជាក់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ គ្រោងចំណាយថវិកាប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក ក្នុងការស្ថាបនា និងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដែលទិសដៅត្រូវចេញដំណើរគឺពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕

ដោយ៖ ស្រីពេជ្រ