ក្រុមហ៊ុនសឹង្ហបុរី គ្រោងវិនិយោគគម្រោងអភិវឌ្ឍចម្រុះថ្មីមួយនៅ ភ្នំពេញ លើដីជាង ១,២ ហិកតា

ក្រុមហ៊ុនសឹង្ហបុរី Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (Hong Lai Huat) គ្រោងវិនិយោគសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ លើផ្ទៃដីប្រមាណជាង ១,២ ហិកតា។ នេះបើយោងការសារព័ត៌មានសឹង្ហបុរី Business Times ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។

យ៉ាងណាមិញ ដើម្បីអាចធ្វើឲ្យគម្រោងអភិវឌ្ឍមួយនេះអាចផ្ដើមចេញទៅបាន កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងទៅ ក្រុមហ៊ុនសឹង្ហបុរីនេះ ក៏បានព្រមព្រៀងលើការទិញលក់ជាមួយ ឡៅ ចាន់ណារ៉ា ដែលជាអ្នកជំនួញក្នុងស្រុកម្នាក់ ដើម្បីទិញដីនៅតំបន់ខណ្ឌទួលគោក។

សម្រាប់ការទិញដីដែលមានតម្លៃ ២២.៥ លានដុល្លារអាមេរិក ត្រូវបានក្រុមហ៊ុន HLH Group អះអាងថា គឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។

តាមការបញ្ជាក់ពីក្រុមហ៊ុន ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ តែយ៉ាងណាមិញ វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នោះឡើយ។

ថ្វីបើបច្ចុប្បន្ន ក្រុមហ៊ុន HLH Group មិនទាន់បានបង្ហាញអំពីព័ត៌មានលម្អិត ទាក់ទងនឹងការសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះ ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគក្ដី តែគម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចចាប់ផ្ដើមនាពេលឆាប់ៗ ខាងមុខនេះហើយ។

ក្រៅពីគម្រោងអភិវឌ្ឍចម្រុះថ្មីនេះ កាលពីដើមខែ កញ្ញា  ក្រុមហ៊ុនក៏បានចុះហត្ថលេខាលើជាមួយក្រុមហ៊ុន ដាណឺម៉ាក ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិកម្មមួយផងដែរ នៅកម្ពុជា ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ បច្ចុប្បន្ន HLH Group ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហបុរី​ក៏បានអភិវឌ្ឍគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមាន គម្រោង Royal Platinum នៅភ្នំពេញ និងគម្រោង D’Seaview នៅក្រុងព្រះសីហនុជាដើម៕

ដោយ៖ ស្រីពេជ្រ