ក្រោយ Facebook បិទព័ត៌មានដែលផ្សាយចេញពីប្រទេសអូស្ដ្រាលី ពេលនេះអូស្ដ្រាលីក៏តបវិញថា ទោះបីជាបិទ Facebook ទាំងមូលក៏ខ្លួនមិនកែប្រែច្បាប់អ្វីឡើយ

ដូចយើងដឹងហើយថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ Facebook បានរឹតបន្ដឹង រាល់ការចែកចាយព័ត៌មានដែលផ្សាយចេញពីប្រទេសអូស្ដា្រលី ក្រោយពេលដែលប្រទេសមួយនេះ បានដាក់ចេញនូវច្បាប់ថ្មីដែលតម្រូវឲ្យ Facebook បង់ថ្លៃទៅឲ្យអង្គភាពសារព័ត៌មានរបស់ពួកគេ។

ដោយឡែក នៅពេលនេះវិញយើងក៏ទទួលបានដំណឹងដ៏ក្ដៅគគុកមួយទៀតថា រដ្ឋាភិបាលនៃប្រទេស អូស្ដ្រាលីគឺបានឆ្លើយតបទៅកាន់ Facebook វិញថា បើទោះបីជាពួកគេបិទបណ្ដាញសង្គម Facebook មួយនេះចោលទាំងមូលក៏ដោយ ក៏ខ្លួនមិនខ្លាចរអារអ្វីដែរហើយថែមទាំងនឹងមិនមានការកែប្រែច្បាប់អ្វីទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់គេទំព័រ Reuters ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

តាមប្រភពដដែលខាងលើនេះបានបន្តឲ្យដឹងទៀតថា រដ្ឋាភិបាលអូស្ដា្រលីបានសង្កត់ធ្ងន់ថា ទោះមានរឿងអ្វីកើតឡើងក៏ដោយក៏ខ្លួនមិនធ្វើការកែប្រែច្បាប់ថ្មីឡើយ ហើយក្រុមហ៊ុនបណ្ដាញសង្គម ផ្សេងៗទៀតដែលមានវត្តមាននៅលើទឹកដីរបស់ខ្លួនគឺត្រូវតែបង់ប្រាក់ទៅឲ្យខាងអង្គភាពសារព័ត៌មានសម្រាប់ការបង្ហោះព័ត៌មានរបស់ពួកគេជាកំហិត។ ជាពិសេសគឺ Google និង Facebook នេះឯង ដែលជាបណ្ដាញសង្គមដ៏ធំជាងគេហើយបើទោះបីជាក្រុមហ៊ុនទាំងពីរនេះបានបង្ហាញចេញមកនូវភាពមិនពេញចិត្តចំពោះច្បាប់ថ្មីមួយនេះយ៉ាងណាក៏ដោយក៏ភាគីខាងអូស្ដា្រលីមិនថមថយដែរ។

ទាំងនេះក៏ដោយសារតែ គ្រាន់តែច្បាប់ថ្មីមួយនេះដាក់ចេញភ្លាម Facebook បានបិទព័ត៌មានដែលផ្សាយចេញពីប្រទេសអូស្ដ្រាលីទាំងអស់ និងបានធ្វើឲ្យប៉ះពាល់ទៅដល់ការប្រកាសដំណឹងសហជីពដែលត្រូវចេញផ្សាយដោយលោក Sally McManus ដែលជាលេខាធិការក្រុមប្រឹក្សាសហជីពនៃប្រទេសអូស្រ្ដាលី។

យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅកាន់ Facebook វិញ រដ្ឋាភិបាលអូស្ដ្រាលីក៏បានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នៅលើបណ្ដាញសង្គមមួយនេះ ជាពិសេសគឺការឃោសនាពីការចាក់វ៉ាក់សាំងការពារជំងឺឆ្លង Covid-19 ជាដើម ហើយការផ្សព្វផ្សាយព័ត៌មានទាំងនេះនឹងត្រូវផ្សាយនៅលើគេហទំព័រព័ត៌មានរបស់ប្រទេស អូស្ដ្រាលីដែលមានដូចជា ABC News ជំនួសវិញ។

សូមជម្រាបជូនថា គិតមកទល់ពេលនេះក្រុមហ៊ុន Facebook និងប្រទេសអូស្រ្ដាលី គឺមិនទាន់មានដំណោះស្រាយដ៏សមប្រកបជាមួយគ្នានៅឡើយទេហើយភាពចម្រូងចម្រាសក៏កាន់តែខ្លាំងទៅៗ ហើយយើងក៏មិនទាន់ស្មានដឹងថាភាគីខាងណាជាអ្នកឈ្នះនោះដែរ៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត