គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម តម្លៃជិត ៣០ លានដុល្លារ នឹងចូលរួមអភិវឌ្ឍន៍វិស័យ SME នៅ កម្ពុជា

គម្រោងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)  មានតម្លៃជិត ៣០ លានដុល្លារ​ ដែលគ្រោងចាប់ផ្ដើមការសាងសង់នាខែ តុលា ខាងមុខនេះ ខណៈគ្រោងចាប់ដំណើរការជាផ្លូវការនៅខែមេសា ឆ្នាំ ២០២១  នឹងចូលរួមអភិវឌ្ឍន៍វិស័យ​ SME នៅ កម្ពុជា។

ជាមួយគ្នានេះ គម្រោង SME Cluster ត្រូវបានបង្កើតឡើងដោយ លោក Charles Esterhoy នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd។ ហើយមានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១ ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល ជិតគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣។

យ៉ាងណាមិញ គម្រោងមួយនេះ ត្រូវបានចាត់ទុកថា ជាគម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។

បើយោងទៅតាមការបញ្ជាក់របស់ លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group បានឲ្យដឹងយ៉ាងដូច្នេះថា «គម្រោងនេះត្រូវបានចំណាយទុនវិនិយោគប្រហែល២៨ទៅ ៣០លានដុល្លារអាមេរិក។ ហើយសកម្មភាពបង្កើតនេះ គឺជាការព្យាយាមកសាងប្រព័ន្ធអេកូមួយ ដើម្បីជួយគាំទ្រទៅលើវិស័យ SME នៅកម្ពុជាទាំងមូលតែម្តង។ ផ្ទៃដីដែលត្រូវបានរៀបចំជាបឋមនេះ មានទំហំជាង ៦ហិកតា ប៉ុន្តែគេគ្រោងនឹងពង្រីកបន្ថែមទៀត បើសិនជាក្នុងករណីវាមានការរីកចម្រើន»។

លោកឧកញ៉ា ក៏បានបញ្ជាក់បន្ថែមថា «យើងព្យាយាមធ្វើយ៉ាងម៉េចកសាងតំបន់មួយ ដើម្បីឲ្យអ្នកដែលកំពុងតែបាន និងផលិត SME ចាស់ៗ អាចរកទីតាំងណាមួយ ដែលគាត់គិតថា គាត់អាចបង្កើនផលិតកម្មរបស់គាត់។ និយាយដោយឡែក យើងឲ្យគាត់មកនៅទីនេះ នៅពេលដែលមានអ្នកផលិតផ្សេងទៀត ដែលមកពីក្រៅស្រុកមកនៅក្បែរគាត់ គាត់អាចសិក្សាពីគេ រៀនពីគេ ហើយគាត់នឹងពង្រីកចង្វាក់ផលិតកម្មគាត់ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត»

ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគាំទ្រចំពោះគម្រោង SME Cluster ហើយលោកបានចាត់ទុកថា នេះជាការចាប់ផ្តើមមួយដ៏ល្អផងដែរ។ ជាការចាប់ផ្តើមដ៏ល្អដោយសារនៅពេលគេមានតំបន់ SME ជាក់លាក់មួយ ធ្វើឲ្យពួកសហគ្រិន នឹងចូលមកនៅកន្លែងតែមួយ មិនធ្វើឲ្យពួកគេផលិតតាមផ្ទះ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គម។

បន្ថែមពីនេះ លោកឧកញ៉ា តែ តាំងប៉ ថែមទាំងមានឆន្ទៈ ចង់កៀរគរដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមទាំងអស់ ចូលមកក្នុងតំបន់ SME Cluster ដែរ បើសិនជាតម្លៃសមរម្យ៕

ដោយ៖ ស្រីពេជ្រ