គម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ភ្ជាប់ភ្នំពេញ-កំពត សម្រេចការសាងសង់បាន ៨០ ភាគរយហើយ

បន្ទាប់ពីដំណើរការសាងសង់បានរយៈពេលប្រមាណជាពីរឆ្នាំកន្លងមកនេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅដល់ក្រុងកំពត សម្រេចការសាងសង់បានជាង ៨០ភាគរយហើយ ។ ខណៈបច្ចុប្បន្នក្រុមការងារសាងសង់បាននិងកំពុងធ្វើសួនទ្រូងផ្លូវពីរង្វង់មូលចោមចៅ ទៅបែកគូសផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបង្ហាញក្តីរំពឹងថា បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរកំណាត់ផ្លូវជាតិលេខ៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

យ៉ាងណាមិញ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត។ ខណៈចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។

គម្រោងកែលំអរកំណាត់ផ្លូវជាតិលេខ៣នេះ ចែកចេញជាពីរកំណាត់ ដោយកំណាត់ទី១ ចាប់ពីរង្វង់មូលចោមចៅ ដល់បែកគូស ខេត្តតាកែវ មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។

ដោយឡែក កំណាត់ទី២ ចាប់ពីបែកគូស ខេត្តតាកែវ ដល់ក្រុងកំពត ប្រវែងជិត ៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។

សូមបញ្ជាក់ ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ផងដែរ។ ហើយផ្លូវមួយនេះ ក៏ជាចំណែកនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់បណ្តាញផ្លូវអាស៊ានហាយវ៉េ ពីប្រទេសថៃ មកប្រទេសកម្ពុជា និងបន្តទៅប្រទេសវៀតណាមផងដែរ៕

ដោយ៖ ស្រីពេជ្រ