គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែខេត្តសៀមរាប ត្រៀមបើកការដ្ឋានសាងសង់នៅចុងខែកញ្ញានេះ

តាមរយៈកិច្ចប្រជុំជាលើកដំបូងរបស់គណៈកម្មការសាងសង់ផ្លូវក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ត្រៀមបើកការដ្ឋានសាងសង់នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះហើយ។

កិច្ចប្រជុំនេះ បានដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា ពាក់ព័ន្ធដទៃទៀត។

ទាក់ទិននឹងគម្រោងសាងសង់នេះផងដែរ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹក បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង ៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងកំលុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកសម្រាប់ខេត្តសៀមរាប។ ការសម្រេចនេះ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ថវិកាជាតិ ដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅក្នុងក្រុងសៀមរាប ព្រមទាំងបានផ្តល់ទំនុកចិត្តដល់សម្តេចក្នុងការដឹកនាំគម្រោងនេះដោយផ្ទាល់ ដោយមានការចូលរួមជ្រោមជ្រែងពីក្រសួងជំនាញ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប បើទោះមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនយ៉ាងណាក្តី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចចិត្តលូកដៃសិក្សា និងរៀបចំគម្រោងក្នុងការកែលំអរផ្លូវក្នុងក្រុងសៀមរាប ដើម្បីជួយលើកកម្ពស់សម្រស់សោភ័ណភាពក្នុងខេត្តទេសចរណ៍វប្បធម៌ដ៏ល្បាញល្បីរបស់កម្ពុជា។

បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ដែរថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ គឺជាការបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងពុះពារឧបសគ្គ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ នៅក្នុងកិច្ចប្រជុំដដែលនេះ អន្តរក្រសួងក៏បានសម្រេចកំណត់រយៈពេលសាងសង់នៃគម្រោងនេះពី ១២ ទៅ ១៤ ខែ ពោលគឺអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២១នេះ៕

ដោយ៖ ស្រីពេជ្រ