គួរយល់ដឹង! ហេតុអ្វី ប្រព័ន្ធ World Wide Web (WWW) និងប្រព័ន្ធ Internet ជាប្រព័ន្ធពីរដាច់ដោយឡែកពីគ្នា?

នៅក្នុងពេលបច្ចុប្បន្ន សង្គមកាន់តែមានភាពរីកចម្រើន វិទ្យាសាស្ដ្រក៏កាន់តែជឿនលឿន ចំណែកឯអ្នកដែលប្រើប្រាស់បណ្ដាញអ៊ីនធើណេតក៏កាន់តែច្រើន។ បើយើងគិតទៅ មានមនុស្សមិនតិចជាងខ្ទង់ពាន់លាននាក់ទេដែលកំពុងប្រើប្រាស់ប្រព័ន្ធ World Wide Web ឬយើងហៅម្យ៉ាងទៀតថា (WWW) ប៉ុន្ដែប្រសិនបើយើងសួរទៅកាន់ពួកគេថា តើប្រព័ន្ធ (WWW) មួយនេះគឺជាអ្វី? ពួកគេប្រាកដជាឆ្លើយថា វាជាប្រព័ន្ធអ៊ីនធើណេត (Internet)។ តែជាក់ស្ដែងវាមិនដូចអ្វីដែលពួកគេគិតនោះទេ ប្រព័ន្ធ World Wide Web (WWW) និងប្រព័ន្ធ Internet គឺវាខុសដាច់ស្រឡះពីគ្នា។

ប្រព័ន្ធ World Wide Web (WWW) ត្រូវបានរកឃើញក្នុងកំឡុងពេលដែលលោក Tim Berners Lee បានសិក្សាស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍របស់លោក នៅថ្ងៃទី១២ ខែមិនា ឆ្នាំ១៩៨៩ ហើយបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមករា ឆ្នាំ១៩៩២។ ប្រព័ន្ធ WWW មួយនេះបានដាក់ឲ្យដំណើរការដំបូងបំផុតនៅក្នុងក្រុមហ៊ុន NeXT computer របស់អាមេរិក បើគិតមកដល់ពេលបច្ចុប្បន្នវាបានបង្ហាញវត្តមានជាសកលអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

អស់រយៈកាលជាង ៣ទសវត្សរ៍មកនេះ ក្រុមអ្នកស្រាវជ្រាវក៏បានចងក្រងប្រព័ន្ធមួយនេះ និងបង្កើតបានទៅជាបណ្ដាញមួយដ៏ធំដែលមនុស្សគ្រប់គ្នាតែងហៅថា គេហទំព័រ ឬវេបសាយ (WWW)។ ខាងក្រោមនេះផងដែរ គឺជារឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធជាមួយនឹង The World Wide Web៖

. The Internet និង The World Wide Web ជាប្រព័ន្ធពីរដែលមានលក្ខណៈខុសគ្នាដាច់ស្រឡះ

តាមពិតទៅប្រព័ន្ធ World Wide Web និងប្រព័ន្ធ Internet គឺជាប្រព័ន្ធពីរដែលដាច់ដោយឡែកពីគ្នា។ ដោយប្រព័ន្ធ WWW គឺជាទីប្រមូលផ្ដុំនៃការស្វែងរកឯកសារ រូបថតឌីជីថល និងគំនូរជីវចលជាដើម ចំណែកឯប្រព័ន្ធ Internet គឺជាបណ្ដាញសម្រាប់តភ្ជាប់នូវឧបករណ៍អេឡិចត្រូចនិចមួយចំនួនដូចជា កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចជាច្រើនលានគ្រឿងទៀតនៅក្នុងពេលតែមួយ បើទោះបីនៅកន្លែងខុសគ្នាក៏ដោយ។

ប្រព័ន្ធទាំងពីរនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ដោយប្រព័ន្ធ WWW គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធ Internet ហើយវាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ព្រោះវាបានជួយសម្រួលដល់ការផ្ទេរទិន្នន័យទៅវិញទៅមកនៃក្រុមហ៊ុនន៏មួយៗនៅទូទាំងពិភពលោក។

. ការជ្រើសរើសឈ្មោះ

សម្រាប់ឈ្មោះ The World Wide Web គឺមិនមែនជាឈ្មោះទីមួយដែលលោក Tim Berners Lee បានជ្រើសរើសសម្រាប់ដាក់ក្នុងគម្រោងរបស់គាត់នោះទេ។ តាមពិត ដំបូងឡើយស្ថាបនិករូបនេះបានដាក់ឈ្មោះប្រព័ន្ធ WWW នេះថា Information Mesh, Mine of Information និងInformation Mine។ ឈ្មោះទាំងបីនេះ ជាឈ្មោះដំបូងដែលលោកបានជ្រើសរើស ប៉ុន្ដែដោយសារឈ្មោះទាំងអស់នោះមិនសូវមានការចាប់អារម្មណ៍ លោកក៏បានធ្វើការសម្រេចចិត្តផ្លាស់ប្ដូរម្ដងទៀតហើយក៏យកឈ្មោះ The World Wide Web (WWW) នេះប្រើជាផ្លូវការរហូតមកដល់សព្វថ្ងៃ។

. រូបភាពដែលបានបង្ហោះដំបូងគេនៅលើ The World Wide Web

អ្នកទាំងអស់គ្នាប្រហែលជាគិតថា សម្រាប់រូបភាពដែលបានបង្ហោះដំបូងគេគឺជាបណ្ដុំព័ត៌មាន ប៉ុន្ដែផ្ទុយទៅវិញរូបភាពដែលបានបង្ហោះនោះ គឺជារូបភាពរបស់ការប្រគុំតន្ដ្រីមួយដែលមានឈ្មោះថា Les Horribles Cernettes។ ការប្រគុំតន្ដ្រីនោះគឺជាការប្រគុំតន្ដ្រីបែបរ៉ក (Rock) ដែលសម្ដែងឡើងដោយក្រុមក្មេងស្រីនៅក្នុងឆ្នាំ១៩៩២។

. ចំនួនអ្នកដែលប្រើប្រាស់អ៊ីនធើណេត

បើយោងតាមការចុះផ្សាយរបស់គេហេទំព័រ Digital 2020 reports ដែលបានចុះផ្សាយកាលពីដើមខែមករា នាឆ្នាំ២០២០នេះកន្លងទៅបានបញ្ជាក់ឲ្យដឹងថា សម្រាប់បច្ចុប្បន្នប្រជាជនដែលប្រើប្រាស់បណ្ដាញអ៊ីនធើណេត (The World Wide Web) ​មានចំនួនច្រើនជាង ៤.៥ពាន់លាននាក់ ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងៗមានចំនួនប្រមាណជាង ៣.៨ពាន់លាននាក់៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត