គំនិតអប់រំ៖ ធ្វើជាមនុស្សត្រូវចេះធ្វើឆ្លាត និងរឹតតែចេះធ្វើល្ងង់

ជាទូទៅ គេមិនអាចសម្គាល់បានថា មនុស្សម្នាក់ជាមនុស្សល្ងង់ ឬជាមនុស្សឆ្លាតបាននោះទេ ព្រោះ​មនុស្ស​ម្នា​ក់ៗមានទេពកោសល្យរៀងៗខ្លួន។ តែ​ចាស់​​បុរាណតែងសម្គាល់ និងវិនិច្ឆ័យមនុស្ស​ដោយ​​ផ្អែកតាមសកម្មភាព ការនិយាយស្ដី ការបញ្ចេញមតិ ទម្លាប់ និងអាកប្បកិរិយារបស់ពួកគេ ហើយធ្វើ​ការ​​វិនិច្ឆ័យថា ម្នាក់នេះជាមនុស្សល្អ ហើយម្នាក់នោះជាមនុស្សអាក្រក់។

មែនទែនទៅ ទស្សនៈបុរាណបែបនេះ វាមិនអាចរត់ទាន់សម័យកាលនាពេលបច្ចុប្បន្ននេះបាននោះ​ទេ។ នៅក្នុងសមរភូមិនៃការរៀនសូត្រ នៅក្នុងកន្លែងការងារ ក្នុងទីសាធារណៈ សកម្មភាព និងការ​បញ្ចេញមតិមួយចំនួនភាគច្រើនសុទ្ធតែជារឿងដែលបំភ័ន្នភ្នែក និងបោកបញ្ឆោតទាំងអស់។ មនុស្ស​ដែល​​តាំងខ្លួន​ជា​អ្នកឆ្លាត ភាគច្រើនសុទ្ធតែជាមនុស្សល្ងង់ តែសម្រាប់មនុស្ស​ដែលតាំងខ្លួនជាអ្នក​ល្ងង់​ភាគ​ច្រើនត្រូវបានគេឲ្យតម្លៃថាជាមនុស្សឆ្លាតទៅវិញ។

ជាងនេះទៅទៀត មនុស្សដែលត្រូវបានគេចាត់ទុកថាជាមនុស្សឆ្លាត គឺជាមនុស្សដែលពូកែមើល​កាលៈទេសៈ និងដឹងថាពេលណា ទើបធ្វើខ្លួនជាមនុស្សល្ងង់ ហើយពេលណាចាំធ្វើជាមនុស្សឆ្លាត។ ជនដែលមានប្រាជ្ញា គឺជាមនុស្សដែលពូកែដាក់ខ្លួន នេះជាទំនោរពីបុរាណ ហើយវាក៏នៅតែជាបញ្ញតិ​មួយដែលមនុស្សយកមកកត់សម្គាល់ ថាអ្នកនេះពូកែ ហើយអ្នកនោះយកមុខមាត់។

ជាការពិ​ត​ណាស់ នៅពេលដែលយើងស្ថិតនៅក្នុងចំណោមមនុស្សឆ្លាត នោះយើងត្រូវចេះធ្វើល្ងង់ ហើយនៅ​ពេលដែលយើងស្ដិតក្នុងចំណោមមនុស្សល្ងង់ នោះយើងត្រូវចេះធ្វើឆ្លាត។ ដោយហេតុថា នៅពេល​ដែល​អ្នកស្ថិតក្នុងចំណោមមនុស្សដែលមានចំណេះដឹងច្រើនជាងអ្នក ដែលភាគច្រើន​ពួក​គេ​​​ម្នាក់ៗ​​នឹ​ង​មាន​អំនួត និង​សប្បាយនឹង​ការបង្ហាញចេញមកក្រៅកាន់តែច្រើននូវចំណេះដឹងរបស់​ពួក​​គេ​ប្រាប់​ទៅ​អ្នក​ដទៃឲ្យ​បាន​​​ដឹងឮក្នុងន័យអួតសរសើរ តែវាជាឳកាសដ៏ល្អចំពោះអ្នកក្នុងការ​រៀន​សូត្រ​ពី​គេ និង​ស្ទាប​ស្ទង់មើលកាលៈ​ទេសៈ​ដែល​ត្រូវបញ្ចេញ។ អ្នកមិនចាំបាច់បញ្ចេញនូវទស្សនៈ​របស់​អ្នក​ច្រើន​​នោះទេ ដែលវានឹងក្លាយជារឿងដែលមិនបានការ នៅចំពោះមុខពួកគេ និងមិន​មាន​ការ​ទទួល​ស្គាល់ពីពួកគេផងដែរ។ តែ​ចូរ​អ្នកកុំភ្លេចថា សមត្ថភាពរបស់​មនុស្ស​​គឺមាន​កម្រិត។ នៅ​ពេល​ដែលពួកគេ​បានបញ្ចេញវា​មកអស់​ហើយ នោះជាវេនរបស់អ្នកក្នុង​ការបញ្ចេញ​សមត្ថភាព​ដើម្បី​ដោះ​ស្រាយបញ្ហា ដែលពួកគេដោះ​ស្រាយ​មិនទាន់ចេញ និងជាមនុស្ស​ដែល​កើប​ផល​ប្រ​យោជន៍​ចុង​ក្រោយ​​បង្អស់។ មនុស្សប្រភេទនេះ ប្រៀបដូចជាព្រួញពិស ដែល​ពោរពេញ​ទៅ​ដោយ​ពិសពុល។

គួរ​បញ្ជាក់​ថា ពាក្យ​ថា​ ល្ងង់នៅទីនេះ គឺចង់សំដៅ​លើអ្នក​ដែល​មានចំ​ណេះដឹងតិច​ជាង​អ្នក។ ហើយ​ពាក្យ​ថា ល្ងង់នេះគឺជាពាក្យដែលនាំ​អ្នកឆ្លាត ឲ្យកាន់តែឆ្លាតថែមទៀត។​ ប្រសិនបើអ្នកតាំងខ្លួនជា​មនុស្ស​ឆ្លាតហើយ នោះនឹងគ្មាន​នរណាម្នាក់មកបង្រៀនអ្នកបាននោះទេ តែបើអ្នកតាំងខ្លួន​ជា​មនុស្ស​ល្ងង់​ នោះអ្ន​កនឹងអាចរៀនសូត្រ​បានយ៉ាងច្រើន និងជារៀងរហូតពីមនុស្សនៅជុំវិញខ្លួនអ្នក។

​ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលចំណេះដឹងតិចជាងអ្នក នោះអ្នកត្រូវតែបញ្ចេញនូវ​សក្ដានុពលរបស់អ្នក ដោយហេតុថា អ្នកនឹងបានក្លាយជាមេដឹកនាំ ឬជាមនុស្សមានបុណ្យដែល​ទេវតាបញ្ជូនមកដើម្បីជួយពួកគេ នោះពួកគេនឹងចងចាំអ្នកមួយជីវិត។

បើដឹងថាខ្លួនជាមនុស្សឆ្លាតហើយ ចូរធ្វើខ្លួនស្ថិតក្នុងភាពស្ងប់ស្ងាត់ មិនក្រអឺតក្រទម មិនមានអំនួត​អួតអាង នោះអ្នកផងទាំងពួកគេនឹងឲ្យតម្លៃ ដែលគេនឹងចាត់ទុកថាជាអ្នកចេះដឹងពិតប្រាកដ ដែលមាន​ទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ ចំពោះនៅកន្លែងការងារវិញ អ្នកមិនត្រូវធ្វើខ្លួន​ឲ្យឆ្លាតហួសពីចៅហ្វាយនាយរបស់អ្នកឡើយ តែអ្នកត្រូវធ្វើខ្លួនជាប្រយោជន៍សម្រាប់ចៅហ្វាយ​នាយ​និងអង្គភាពទាំងមូល ទើបជាមនុស្សឆ្លាត។

ជារួមមក មនុស្សដែលឆ្លាតពិតប្រាកដ ជាមនុស្សដែលដឹងថាពេលណាត្រូវធ្វើល្ងង់ ពេលណាត្រូវធ្វើ​ឆ្លាត។ មិនឆ្លាតដោយភាពងុបងុលនឹងខ្លួនឯង មិនល្ងង់ទាំងទទឹងទិស។ ពេលខ្លះភាពឆ្លាតរបស់អ្នក​អាចនឹងនាំអន្តរាយដល់អ្នកផងក៏មិនដឹង ដូច្នេះហើយចូរប្រយ័ត្នប្រយែងឲ្យបានខ្ពស់ ដូចពាក្យមួយ​គេនិយាយថា ប្រសិនបើអ្នកមិននិយាយ ក៏គ្មាននរណាម្នាក់ថាអ្នកគនោះដែរ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE