ចង់រកស៊ីអនឡាញ អស់ទុនតិច តើអ្នកត្រូវត្រៀមខ្លួន និងយល់ដឹងអ្វីខ្លះ មុនចេះរកស៊ី?

បើយើងរំលឹកពីអតីតកាល នៅពេលដែលនរណាម្នាក់ចង់បើកអាជីវកម្ម គឺត្រូវមានដើមទុនច្រើន និង​ មានហាងផ្ទាល់ខ្លួន ឬក៏ជួលគេនៅតាមផ្សារ។ ប៉ុន្តែ បើយើងក្រលេកមកមើលនាពេលបច្ចុប្បន្ននេះ ដោយមានបច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះការរកស៊ីគឺមានភាពងាយស្រួលខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ដោយអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើន ឬ ក៏ត្រូវមានជួលហាងអ្វីដែរ។ ពោលគឺ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន៖

១. តើអ្នកចង់លក់អ្វី?

អ្នកត្រូវដឹងថា សេដ្ឋកិច្ចទីផ្សាររបស់ខ្លួនមានតម្រូវការអ្វី។ ពេលខ្លះ គឺមិនមែនការត្រូវការបន្លែ តែអ្នកបែរជាត្រូវការខោអាវទៅវិញ។ ដូច្នេះ តម្រូវឲ្យអ្នកមានការតាមដាន និងស្វែងយល់ពីតម្រូវរបស់អ្នកប្រើប្រាស់ឲ្យបានច្បាស់លាស់។

២. តើផលិតផលតម្រូវឲ្យអតិថិជនរងចាំដែរទេ?

ត្រង់ចំណុចនេះគឺទាក់ទងនឹងការមិនចំណាយដើមទុន ពោលគឺទាល់តែអតិថិជនដាក់ការកម្មង់ទើបអ្នកបញ្ជាទិញ។ ដូច្នេះហើយ ធ្វើឲ្យអតិថិជនមានការរង់ចាំពី១ទៅ២ អាទិត្យតាមកន្លែង។ កន្លែងនេះដែរ អ្នកអាចបញ្ជាក់ប្រាប់ពួកគេទុកជាមុន មុននឹងទទួលការកម្មង់។ វាមិនមានអ្វីនោះទេចំពោះរឿងមួយនេះ។

៣. តើអតិថិជនប្រភេទណា ដែលត្រូវនឹងផលិតផលអ្នក?

អ្នកត្រូវមើលលើផលិតផលរបស់ខ្លួន តើភ្ញៀវប្រភេទណាដែលអាចប្រើ ឬក៏ ទិញរបស់អ្នក វ័យជំទង់ កណ្តាល ក្មេង ឬ មនុស្សចាស់។ យ៉ាងណាមិញ ការធ្វើបែបនេះអ្នកអាចមានភាគរយច្រើនក្នុងការទាក់ទាញភ្ញៀវ។ ឧទាហរណ៍ អតិថិជនអ្នកជាមនុស្សចាស់ ប៉ុន្តែ អ្នកបែរជាលក់ខោអាវយុវវ័យ សួរថាតើអ្នកសង្ឃឹមប៉ុន្មានភាគរយថា គាត់នឹងទិញរបស់អ្នក?

៤. តើផលិតផលមានការទទួលស្គាល់ត្រឹមត្រូវដែរឬទេ?

ត្រង់នេះផងដែរ បើអ្នកលក់ម្ហូបអាហារ ឬ ខោអាវវាមិនថ្វីនោះទេ។ ប៉ុន្តែ បើអ្នកលក់គ្រឿងសំអាងគឺអ្នកត្រូវតែមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ព្រោះបើមិនដូច្នេះទេ វាអាចមានផលប៉ះពាល់ទៅដល់អតិថិជន។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវឲ្យមានការឆ្លងកាត់ក្រសួងសុខាភិបាលត្រឹមត្រូវចាំដាក់លក់។

៥. តើអ្នកត្រូវមានហាងផ្ទាល់មែនទេ?

ចំណុចនេះជាបញ្ហា ដែលមនុស្សគ្រប់គ្នាចោទសួរទៅលើខ្លួនឯង និង ជាបន្ទុកសម្រាប់ការដោះស្រាយ។ យ៉ាងណាមិញវាមិនមានអ្វីដែលជាបញ្ហាចោទនោះទេ ព្រោះថា បច្ចេកវិទ្យាកាន់តែទំនើប ដូចនេះហើយអ្នកអាចដាក់លក់លើប្រព័ន្ធ្ Facebook, Instagram, website, ឬក៏កម្មវិធីផ្សេងៗទៀតដែលមានមនុស្សចូលចិត្តលេង និង ចូលចិត្តមើល។

៦. តើអ្នកត្រូវរៀបចំហាងដូចម្តេច?

ចំពោះការរៀបចំនេះដែរ អ្នកគ្រាន់តែបង្កើត Page​ មួយដែលមានស្តង់ដា និង ការរៀបចំឲ្យបានសមរម្យ។ ហើយការរៀបចំមានដូចជា ការដាក់ទីតាំង លេខទូរសព្ទ សេវាកម្មការដឹកជញ្ជូន និង ព័ត៌មានដែលទាក់ទងទៅនឹងផលិតផលរបស់អ្នក។ សម្រាប់ការ Post​ ក៏ដូចគ្នាបើសិនជាអ្នកលក់ខោអាវគឺអ្នកត្រូវតែ Post អ្វីដែលទាក់ទងនឹងរបស់នោះប៉ុណ្ណោះ មិនមែនចេះតែនឹងឃើញអី Post នោះទេ។

៧. តើអ្នកត្រូវចំណាយដើមទុនដើម្បីស្តុកអីវ៉ាន់ឬទេ?

អ្នកអាចទាក់ទង ឬ ជ្រើសរើសដៃគូរកស៊ីណាដែលមិនត្រូវឲ្យអ្នកចំណាយដើមទុនក្នុងការស្តុកអីវ៉ាន់ច្រើន។ ដូចនេះ អ្នកអាចស្នើរសុំទៅកាន់ដៃគូដោយមានការកម្មង់ពីអតិថិជនសិន ទើបដាក់ការកម្មង់ទៅលើអីវ៉ាន់។ កត្តាទាំងនេះហើយដែលវាបង្កើតនៅភាពងាយស្រួលដល់អ្នក ដោយមិនចាំបាច់ស្តុកអីវ៉ាន់ទុក។

៨. តើអ្នកត្រូវធ្វើដូចម្តេចនៅពេលដែលអតិថិជនទិញអីវ៉ាន់រួចហើយ?

ការដែលអ្នកចេះសួរសុខទុក្ខទៅកាន់អតិថិជន វាជារឿងមួយដែលបង្ហាញថា អ្នកមានការយកចិត្តទុកដាក់លើពួកគេ។ អ្នកអាចឆាតសួរពីការប្រើប្រាស់ ឬ ពីគុណភាពរបស់ផលិតផល តើមានអ្វីដែលត្រូវកែលំអរបន្ថែមទៀត?

៩. តើរូបភាពសមនឹងគុណភាព ឬ តម្លៃឬទេ?

មានអ្នករកស៊ីមួយចំនួន Post រូបដាក់ក្នុង Page មើលទៅស្អាត និង មានភាពគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកមើល។ ប៉ុន្តែ នៅពេលដែលភ្ញៀវកម្មង់ទិញបែរជាគុណភាពមិនដូចនឹងក្នុងរូបទៅវិញ។ កត្តានេះហើយដែលធ្វើឲ្យអតិថិជនមានរាងចាលក្នុងការទិញអីវ៉ាន់របស់អ្នក។ ចំពោះតម្លៃក៏ដូចគ្នា បើអ្នកដាក់តម្លៃលើរូបដែលបាន Post​ តែគុណភាពវាបែរជាមិនសមនឹងតម្លៃទៅវិញ(គំនិតគួរពិចារណា)។

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត