ទំព័រដើម ព័ត៌មាន ចុងខែវិច្ឆិកា...

ចុងខែវិច្ឆិកានេះ គម្រោងផ្លូវ ៣៨ ខ្សែ ក្នុងខេត្ត សៀមរាប នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ

បន្ទាប់ពីអាកខានក្នុងការបើកការដ្ឋានសាងសង់គម្រោងផ្លូវ ៣៨ ខ្សែក្នុងខេត្ត សៀមរាប កាលពីពាក់កណ្ដាលខែ វិច្ឆិកា កន្លងទៅនេះ ឥលូវកាលបរិចេ្ឆទថ្មីសម្រាប់ការបើកការដ្ឋាននៃគម្រោងមួយនេះបានបង្ហាញជាផ្លូវការហើយ។ ដោយត្រៀមនឹងបើកនៅថ្ងៃទី ៣០ ខែវិច្ឆិកា នេះតែម្ដង ក្រោមអធិបតីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា។

តាមរយៈលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ នឹងត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ AC ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០ សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧ សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥ សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

លោកទេសរដ្ឋមន្ដ្រីបានបន្ដថា គម្រោងនេះនឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន ៦អង្គភាព បែងចែកជាកំណាត់ៗប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ ពេលវេលាតាមការគ្រោងទុក។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាម លក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

គួររំលឹកសារជាថ្មី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ៕

ដោយ៖ ស្រីពេជ្រ

- Advertisment -

ព័ត៌មានថ្មីបំផុត