ចំណុចពិសេស ៣ ដែលធ្វើឲ្យលោក Elon Musk ទទួលបានសមិទ្ធិផលដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ

លោក Elon Reeve Musk កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧១ នៅទីក្រុង Pretoria ប្រទេសអាព្រិចខាងត្បូង។ រហូតមកដល់ពេលនេះ លោក Elon Musk មានអាយុត្រឹមតែ៤៩ឆ្នាំ តែប៉ុណ្ណោះ។ លោកជាអ្នកជំនួញដ៏មានឥទ្ធិពល និងល្បីល្បាញម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ព្រមទាំងជាស្ថាបនិកក្រុមហ៊ុន Boring សហស្ថានិកក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Neuralink ។ ខាងក្រោមនេះ ជាចំណុចពិសេសដែលធ្វើឲ្យលោកទទួលបានលទ្ធផលដ៏មហាសាលដល់សព្វថ្ងៃនេះ៖

១. គ្មានពេលវេលាសម្រាប់ការដើរកំសាន្ត៖

មនុស្សគ្រប់គ្នា​តែងតែគិតថា នៅពេលដែលពួកគេមានការងារ និង មានបញ្ហាច្រើនគឺចូលចិត្តដើរចេញក្រៅលំហែកាយ។ ប៉ុន្តែ វាផ្ទុយពីលោក Elon Musk វិញគឺតែងគិតថាពេលឈប់សម្រាកជាពេលដែលលោកត្រូវធ្វើការស្រាវជ្រាវទៅវិញ។ វាអាចជាប្លែកពីមនុស្សទូទៅបន្តិច តែយ៉ាងណាមិញនៅពេលដែលខ្លួនអ្នកមានគោលដៅច្បាស់លាស់ក្នុងការធ្វើអ្វីមួយនោះ អ្នកនឹងដាក់កំហិតខ្លួនឯងចំពោះការបំពេញវា។

២. ចូលចិត្តអានសៀវភៅ ៖

បើយើងនិយាយពីបុគ្គលជោគជ័យនៅលើពិភពលោកភាគច្រើន គឺពួកគេចូលចិត្តអានសៀវភៅ។ ចំណែកលោក  Elon Musk វិញក៏ដូចគ្នាលោកចូលចិត្តអាននឹងស្រាវជ្រាវ ដើម្បីបង្កើតនៅអ្វីដែលថ្មីៗសម្រាប់តម្រូវការមនុស្សគ្រប់គ្នា ឬ អាចពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

៣.​ ហ៊ានធ្វើអ្វីដែលមនុស្សគ្រប់គ្នាគិតមិនដល់ និង មិនអាចទៅរួច៖

ការបង្កើតរបស់ថ្មីវាជារឿងដែលអស្ចារ្យ ប៉ុន្តែ វាងាយជួបនឹងហានិភ័យខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានមហិច្ឆតាធំនឹងផ្តាច់ជ្ញាក្នុងការបំពេញ នោះវានឹងចេញលទ្ធផលសម្រាប់អ្នកនៅថ្ងៃណាមួយ។ យ៉ាងណាមិញ ថ្មីៗនេះយើងឃើញហើយថាលោក Elon Musk​ បានធ្វើរឿងដ៏អស្ចារ្យមួយដែលមនុស្សគ្រប់គ្នាគិតថាវាមិនអាចទៅរួចនោះគឺ ការដាក់ការសាកល្បងលើសត្វជ្រូកមួយក្បាលឈ្មោះ Gertrude ជាមួយបន្ទះឈីបកុំព្យួទ័រដែលមានទំហំប៉ុនកាក់នៅក្នុងខួរក្បាលរបស់វា ដើម្បីបង្ហាញពីមហិច្ឆតារបស់គាត់ក្នុងការបង្កើតម៉ាស៊ីនដំណើរការផ្ទាល់ជាមួយខួរក្បាល។ នេះហើយដែលយើងមើលឃើញថា នៅពេលអនាគតបន្ទះមួយនេះនឹងធ្វើរឿងដែលអស្ចារ្យសម្រាប់មនុស្សគ្រប់គ្នា។

៤. ជាមនុស្សអត់ធ្មត់នឹងរឿងគ្រប់យ៉ាងមិនថា គ្រួសារ និង ការងារ៖

​បុគ្គលគ្រប់រូបតែងមានភាពអំណត់ក្នុងបំពេញការងារ ប៉ុន្តែ នៅពេលមួយដែលមានភាពលើសពីប្រក្រតីខ្លាំងពេកវានឹងធ្វើឲ្យយើងត្រូវឃ្លាតឆ្ងាយពីគ្រួសារ ឬ ក៏អាចត្រូវបាត់បង់ពួកគេក៏មាន។ ហេតុផលទាំងនេះហើយដែលធ្វើឲ្យបុគ្គលមួយចំនួនមិនសម្រេចគោលដៅរបស់ខ្លួន។ តែយ៉ាងណាមិញបើយើងនិយាយពីលោក Elon Musk វិញគឺផ្ទុយពីមនុស្សគ្រប់គ្នា។ ពោលគឺ ពេល​ដែលលោក​ចាប់ផ្តើម​ធ្វើ​អ្វីមួយ តែងចាប់ផ្តើម​បង្កើត​ចំណាប់អារម្មណ៍​លើ​វា​ដែល​ខុស​ពី​មនុស្ស​ដទៃ​។ លោកអាច​ធ្វើ​អ្វីមួយ​ជាប់​រហូត​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដើម្បី​សម្រេច​វា​ឲ្យ​បានហើយ​​លោកក៏​ជា​មនុស្ស​ដែល​អាច​នៅ​ម្នាក់ឯង​ ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ។​ ដូចនេះហើយ ទើបធ្វើឲ្យលោកបរាជ័យលើរឿងស្នេហា ព្រោះតែ លោកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេ។

ជារួមមក បើទោះបីជាអ្នកចង់ទទួលបានលទ្ធផលយ៉ាងណាក៏ដោយ អ្នកក៏ត្រូវឲ្យតម្លៃពេលវេលាសម្រាប់គ្រួសារផងដែរ។ ព្រោះថា ប្រាក់នឹងមិនអាចផ្តល់សេក្តីសុកឲ្យអ្នកគ្រប់ពេលវេលានោះទេ។ ដូចជាពាក្យមួយឃ្លាបានលើកឡើងថា មនុស្សដែលជោគជ័យពិតប្រាកដគឺ ជោគជ័យទាំងរឿងការងារនិងរឿងគ្រួសារ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត