ចំណុចសំខាន់ ៣យ៉ាងដែលជម្រុញឲ្យការដឹកនាំរបស់ម្ចាស់អាជីវកម្មកាន់តែមានប្រសិទ្ធភាពជាងមុន

ការដឹកនាំពិតប្រាកដមិនមែនជារឿងងាយស្រួលដូចការនិយាយឡើយ។​ មិនថានៅក្នុងសង្គមគ្រួសារ ការងារ ឬសង្គមជាតិឡើយអ្នកដឹកនាំគឺមានតួនាទីសំខាន់ជាងគេបំផុត។ អ្នកដឹកនាំ ជាអ្នកសម្រេចជោគវាសនាគ្រួសារ ក្រុមហ៊ុន​ឬសង្គមជាតិ។ ក្នុងក្រុមហ៊ុន​ សង្គមជាតិមានអាចរីកចម្រើនរុងរឿង ឬអាប់ឱន គឺអាស្រ័យសំខាន់លើអ្នកដឹកនាំ។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវប្រកាន់នូវគោលការណ៍មួយចំនួនដូចខាងក្រោម ដើម្បីក្លាយខ្លួនជាមេដឹក​នាំ​ល្អ៖

១. មានគោលដៅច្បាស់លាស់

ក្នុងការធ្វើអ្វីមួយគឺទាមទារឲ្យមានគោលដៅច្បាស់លាស់ ព្រោះការកំណត់គោលដៅពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រួលដល់ការរៀបចំផែនការ និងជម្រុញកម្លាំងចិត្តដើម្បីសម្រេចកិច្ចការ។​ ប្រសិន​បើអ្នកដឹកនាំគ្មានគោលដៅច្បាស់លាស់ធ្វើអ្វីដោយងងឹតងងុល ច្បាស់ណាស់អ្នកក្រោមបង្គាប់ប្រាកដជាមានចិត្តសង្ស័យ​ មិនមានទំនុកចិត្ត ធ្វើការដោយស្រពិចស្រពិល។ ដូច្នេះលទ្ធផលការងាររបស់ពួកគេក៏ពុំសូវទទួលបានផលល្អដែរ។

២. មានទំនួលខុសត្រូវ

ទំនួលខុសត្រូវគឺជាភាពថ្លៃថ្នូរមួយរបស់មនុស្សជាពិសេសចំពោះអ្នកដឹកនាំ។ ក្នុងការសម្រេចកិច្ចការផ្សេងៗមេដឹកនាំគឺត្រូវទទួលខុសត្រូវខ្ពស់រាល់គ្រប់បញ្ហា និងដំណោះស្រាយ មិនត្រូវរត់គេចពីបញ្ហា ឬទម្លាក់កំហុសឲ្យអ្នកដទៃឡើយ។ ការហ៊ានប្រឈមមុខនឹងការពិតគឺជាចំណុចល្អមួយដែលអាចឲ្យមនុស្សជុំវិញខ្លួនមានការគោរពទុកចិត្ត និងខិតខំធ្វើការអស់ពីកម្លាំងកាយចិត្តដើម្បីមនុស្សដែលពួកគេគោរពស្រឡាញ់។

៣. ប្រើមនុស្សកុំសង្ស័យច្រើន បើសង្ស័យកុំប្រើ

ក្នុងនាមជាអ្នកដឹកនាំការប្រើប្រាស់មនុស្សគឺពិតជាមានសារៈសំខាន់ណាស់។ អ្នកដឹកនាំដែលឆ្លាតវៃគេតែងតែប្រើមនុស្សទៅតាមសមត្ថភាពរៀងៗខ្លួនប្រកបដោយទំនុកចិត្ត។​ ការធ្វើបែបនេះអាចធ្វើឲ្យអ្នកដែលទទួលកិច្ចការមានការប្រឹងប្រែងព្យាយាម ស្មោះស្ម័គ្រចំពោះការងារនិងម្ចាស់របស់ខ្លួន។​ ប៉ុន្តែប្រសិនបើ ប្រើមនុស្សដោយមានការសង្ស័យច្រើន ​គ្មានទំនុកចិត្តក្នុងការប្រគល់ការងារឲ្យធ្វើ ពេលនោះអ្នកទទួលកិច្ចការនឹងគ្មានកម្លាំងចិត្តធ្វើវាឲ្យអស់ពីចិត្តឡើយ។ ហើយជួនកាលអាចធ្វើឲ្យពួកគេមានចិត្តចង់ងាករេ ក៏ព្រោះតែពួកគេយល់ថាបើទោះជាពួកគេខិតខំឲ្យអស់ពីចិត្តក៏មិនអាចទទួលការទុកចិត្តពីចៅហ្វាយខ្លួនដែរ។

អត្ថបទដោយ៖ ម៉ីហ័ង