ការកើតនូវជំងឺស្រ្ដេស៍សឹងតែថា ជារឿងមួយដែលធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់យុវវ័យ ឬអ្នកដែលមានទំនួលខុសត្រូវច្រើន។ ក៏ប៉ុន្ដែ អ្នកមិនអាចមើលងាយនូវជំងឺមួយនេះបាននោះទេ ព្រោះនៅពេលអ្នកមានបញ្ហាទាក់ទងនឹងការស្ដ្រេស៍នេះ ភាពច្នៃប្រតិដ្ឋក៏ដូចជាសមត្ថភាពនៅក្នុងការធ្វើកិច្ចការងារផ្សេងៗក៏មានការថមថយចុះទៀត។ ដូចនេះ ប្រសិនបើអ្នកមានអាការៈស្រ្ដេស៍ធម្មតាដោយសារកត្តាការងារ និងសម្ពាធអ្វីមួយភ្លាមៗនោះ អ្នកគួរតែរកវិធីសាស្រ្ដ នៅក្នុងការកាត់បន្ថយវា ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើកិច្ចការរបស់អ្នក។
ទាក់ទិននឹងបញ្ហានេះ លោក Tony Robbins ដែលជាអ្នកជំនាញផ្នែកការនិយាយលើកទឹកចិត្តមនុស្ស ក៏ដូចជាការដោះស្រាយនូវបញ្ហាផ្លូវចិត្តផងដែរនោះ បានលើកឡើងថា ខួរក្បាលរបស់មនុស្សបានផ្ទុកនូវរឿងរ៉ាវជាច្រើនទាំងល្អ និងមិនល្អ ទាំងការបារម្ភ ការសប្បាយ និងការកើតទុក្ខផ្សេងៗ ដែលធ្វើឲ្យមានការស្រ្ដេស៍ដោយមិនដឹងខ្លួនក៏មាន។ ក៏ប៉ុន្ដែ យើងមិនត្រូវទុកវាចោលនោះទេ គឺត្រូវតែរកវិធីសាស្រ្ដកាត់បន្ថយវា។
នៅក្នុងនោះ Tony Robbins ក៏បានបង្ហាញពី ក្បួន ៩០ វិនាទី នៅក្នុងការកាត់បន្ថយស្ដ្រេស៍ ដែលមាន៣ ដំណាក់កាល៖
ដំណាក់កាលទី១៖ កំណត់នូវឥទ្ធិពលពីការស្ដ្រេស៍នោះ មកលើសកម្មភាព និងរាងកាយរបស់អ្នក។
ដំណាក់កាលទី២៖ អ្នកត្រូវព្យាយាមរកឲ្យឃើញនូវបញ្ហាចម្បង ដែលធ្វើឲ្យអ្នកស្រ្ដេស៍។
ដំណាក់កាលទី៣៖ ប្រសិនបើអ្នករកវាមិនឃើញទេ កត្តាចុងក្រោយគឺធ្វើការស្រមៃមើលថា តើអ្នកបានជួបនូវហេតុការណ៍អ្វីខ្លះ ដើម្បីឲ្យដឹងថាវាពិតជាបានប៉ះពាល់ដល់ខួរក្បាលរបស់អ្នក ដែលបង្កឲ្យមានស្រ្ដេស៍នោះ។ នៅពេលដែលអ្នកដឹងថា អ្នកស្ត្រេស៍ដោយសារអ្វីហើយ អ្នកគួរតែសង្រួមចិត្ដ ហើយគិតពីដំណោះស្រាយដោយគំនិតវិជ្ជមាន។ ចាប់ផ្ដើមបន្ទូរអារម្មណ៍ទទួលយកការពិត និងពិនិត្យមើលរឿងហេតុទាំងនោះ តើមានអ្វីដែលអាចឲ្យអ្នកប៉ះប៉ូវបានទេ បើមានអ្នកគួរតែធ្វើវាភ្លាម។ អ្វីដែលសំខាន់អ្នកកុំរត់គិតពីបញ្ហា អ្នកគួរតែប្រឈមមុខនឹងវា ព្រោះនៅពេលដែលរត់គិតពីវា វានឹងតាមលងបន្លាចអ្នកជារៀងរហូត។
លោក Tony Robbins បានបន្ថែមទៀតថា អ្នកមិនត្រូវខ្វល់ពីអ្នកដទៃគិតអ្វីអំពីអ្នក ឬអ្នកមានប្រាក់ឬអត់នោះទេ ព្រោះការខ្វាយខ្វល់នោះមិនបានជួយអ្វីដល់អ្នកឡើយ វាមានតែបន្ថែមភាពស្មុគស្មាញតែប៉ុណ្ណោះ។ ហើយអ្វីដែលអ្នកត្រូវធ្វើគឺការខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់អ្នកឲ្យបានល្អបំផុតនោះ ជាការជោគជ័យបំផុតហើយ៕
អត្ថបទដោយ៖ ច័ន្ទរស្មី
Tony Robbins ៖ ថ្នាំ៦គ្រាប់នេះ អ្នកលេបហើយ នឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានភាពល្អប្រសើរ