ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមថ្មីនឹងបង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ

ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមថ្មី    ត្រង់ចំណុចព្រៃវល្លិ៍ ខេត្ត ស្វាយរៀង នឹងបើកឱកាសយ៉ាងទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-វៀតណាម ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ទំនិញ បង្កើនការវិនិយោគជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ នេះបើយោងទៅតាមការអះអាងរបស់  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងឱកាសដឹកនាំក្រុមការងារចំពោះកិច្ចចុះត្រួតពិនិត្យ វឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ និងពិនិត្យពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ច្រកទ្វារមួយនេះ ក៏អាចបង្កើតការងារធ្វើជូនពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ ដែលជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធីបើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្នកំពុងធ្វើឱ្យរាំងស្ទះខ្សែសង្វាក់ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះទៀតថា ការចុះត្រួតពិនិត្យ វឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍នេះ អាចប្រព្រឹត្តទៅបាន ដោយសារស្រុកមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការរស់រានមានជីវិតរបស់ប្រជាជាតិខ្មែរទាំងមូល ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈរ រហូតមកដល់ពេលនេះ។

យ៉ាងណាមិញ ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ ត្រូវបានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB) និងគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។

គួររំលឹកផងដែរ រាជរដ្ឋាភិបាល កម្ពុជា ក៏មានគម្រោងសាងសង់ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម (ហូជីមិញ) ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញ និងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីវៀតណាម-កម្ពុជា-ថៃ៕

ដោយ៖ ស្រីពេជ្រ