ជិត ៩ ខែឆ្នាំនេះ ការដាំដុះដំណាំស្រូវនៅ កម្ពុជា កើនឡើងជិត ១០០ ភាគរយ

គិតត្រឹមថ្ងៃនេះ ការដាំដុះស្រូវរបស់កសិករនៅ កម្ពុជា កើនឡើងជិត ១០០ ភាគរយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នាថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០។

លោក វេង សាខុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២០នេះ ការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករ បានកើនឡើងរហូតដល់ ៩៩.០៩% នៃផ្ទៃដីដាំដុះស្រូវសរុប។ រីឯការប្រមូលផលស្រូវវិញ ក៏បានកើនឡើងរហូតដល់ជាង៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប»

លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា «ដោយឡែក ការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវ ក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ»

ទន្ទឹមនេះ លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជា ឲ្យមានលក្ខណៈ ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។

លោករដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា ការទំនើបកម្មនេះ ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីដំណាក់កាលនៃការអភិវឌ្ឍ តាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម។

លោក វេង សាខុន បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវមហិច្ឆតានេះ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ លើការស្រាវជ្រាវ និងសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរ នាយកដ្ឋានវិស្វកម្មកសិកម្ម បានដាក់ឲ្យដំណើរនូវឧបករណ៍ និងគ្រឿងយន្តកសិកម្មមួយចំនួន បញ្ជ្រាបទៅក្នុងសហគមន៍កសិកម្ម និងកសិករដែលមានកម្រិត ជីវភាពមធ្យម ជាបណ្តើរៗ ស្របទៅតាមលក្ខណៈភូមិសាស្រ្ត ទំហំដីធ្លីរបស់កសិករ ធនធាន ដើម្បីឆ្លើយតបទៅនឹងការថមថយ នៃកំលាំងពលកម្ម ក្នុងវិស័យកសិកម្ម នាពេលបច្ចុប្បន្ន និងនាពេលអនាគត៕

ដោយ៖ ស្រីពេជ្រ

SHARE