ជីវប្រវត្តិរបស់ស្ថាបនិកប៊្រេនល្បីឈ្មោះ Gucci ដែលកែប្រែខ្លួនពីបុគ្គលសាមញ្ញ ក្លាយជាអ្នកច្នៃម៉ូតដ៏ល្បី

Gucci ជាម៉ាកយីហោដ៏ល្បីល្បាញមួយ ដែលត្រូវបានស្ថាបនាឡើងដោយលោក Guccio Gucci។ ប្រ៊េនមួយនេះ​មានភាពល្បីល្បាញ ដោយសារការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់នូវគុណភាពនៃស្បែករបស់ផលិតផល និងភាពច្នៃប្រឌិតក្នុងការរចនាម៉ូត។ ក្នុងនោះ Gucci មានផលិតផលនិងសម្ភារសម្រាប់លំអរកាយជាច្រើនប្រភេទដូចជា សម្លៀកបំពាក់ ខ្សែក្រវ៉ាត់ ក្រវ៉ាត់ក កាបូប និងសម្ភារៈជាច្រើនទៀត។ មួយវិញទៀត Logo របស់Gucci ត្រូវបានដាក់នៅលើគ្រប់ផលិតផលទាំងអស់ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ប្រ៊េន។

លោក Guccio Gucci កើតនៅថ្ងៃទី ២៦ មិនា ឆ្នាំ ១៨៨១ ក្នុងគ្រួសារនៃសាមញ្ញជននៅ Florence ទីក្រុង Tuscany នៃប្រទេសអ៊ីតាលី។ នៅឆ្នាំ ១៨៩៨ គាត់បានផ្លាស់ប្ដូរទីលំនៅទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង និងបន្ទាប់មកទៅរស់នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដើម្បីកែប្រែជីវភាពរស់នៅរបស់គាត់។ នៅទីនោះ គាត់បានធ្វើការជាអ្នកលើកអីវ៉ាន់នៅសណ្ឋាគារមួយកន្លែងនៅទីក្រុងឡុងដ៍។ នៅពេលនោះដែរ Gucci មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលក្ខណៈនៃការរស់នៅបែបស៊ីវិល័យរបស់មនុស្ស ដែលចូលចិត្តចំណាយប្រាក់របស់ខ្លួនទៅលើសម្ភារនិយម និងមានតម្លៃថ្លៃ។

ក្រោយមក គាត់បានវិលត្រឡប់ទៅស្រុកកំណើតគាត់វិញ ដោយចាប់ផ្ដើមធ្វើជំនួញជាអ្នកធ្វើកែបនិងកាបូបដាក់អីវ៉ាន់សម្រាប់អ្នកធ្វើដំណើរដោយជិះសេះ ជាមួយឪពុករបស់លោក។ ដោយសារតម្រូវការទីផ្សារនៃការបញ្ជាទិញកែបសម្រាប់ដាក់លើខ្នងសេះមានការថយចុះ គាត់បានព្យាយាមរិះរកមធ្យោបាយផ្សេង ដើម្បីរក្សាមុខជំនួញរបស់លោក។ ពេលនោះ គាត់បាននឹកឃើញដល់ជីវភាពរស់នៅរបស់ពួកមូលធននិយមនៅឡុងដ៍ ក៏នាំជាគំនិតដែលឲ្យគាត់បង្កើតនូវប៊្រេន Gucci នេះឡើងដើម្បីបំពេញតម្រូវការសម្រាប់អ្នកនិយមសម្ភារប្រណិត។

លោក​ Gucci បានបង្កើតប៊្រេនផ្ទាល់ឈ្មោះ Gucci នេះឡើងដោយដាក់ឈ្មោះរបស់លោកផ្ទាល់ក្នុងឆ្នាំ ១៩២១។​ ការបង្កើតផលិតផលរបស់ប៊្រេននេះ ចាប់ផ្ដើមដំបូងពីកាបូបដៃ ដែលមានដាក់ឈ្មោះប៊្រេន Gucci នៅពីលើ។ ពេលនោះ វាគ្រាន់ជាមុខជំនួញជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ និងមានការសហការការលក់ជាមួយនឹងហាងលក់សម្ភារមួយនៅអ៊ីតាលី។ ដោយមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទៅលើគុណភាពនៃផលិតផលរបស់ Gucci ជំនួញរបស់លោកមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងឆ្នាំ ១៩៥១ លោកបានបើកសាខានៅ Milan និងបន្ទាប់មកមានហាងផ្សេងៗនៅ ញ៉ូយក (New York) និងបានពង្រីករហូតក្លាយជាម៉ាកយីហោលំដាប់ពិភពលោក។

លោក Guccio Gucci បានទទួលមរណៈភាពនៅឆ្នាំ ១៩៥៣ នៅខណៈពេលដែលក្រុមហ៊ុនរបស់លោកមានការរីកចម្រើន និងភាពជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ។ នៅកំឡុងទសវត្សឆ្នាំ១៩៦០ ប៊្រេន Gucci បានផ្លាស់ប្ដូរស្លាកសញ្ញារបស់ខ្លួន ដោយប្រើអក្សរ GG ដើម្បីតំណាងឲ្យឈ្មោះរបស់លោកផងដែរ។

សព្វថ្ងៃ ម៉ាកយីហោ Gucci មានការពេញនិយមខ្លាំងក្នុងសំណាក់អ្នកប្រើប្រាស់ ជាពិសេសបណ្ដាអ្នកចូលចិត្តសម្ភារប្រណិត។ បច្ចុប្បន្ន Gucci មានការចរាចរលក់និងមានហាងរបស់ខ្លួនប្រមាណ ៥២០ ហាងនៅជុំវិញពិភពលោក។ យើងអាចសង្កេតបានថា មានជនល្បីល្បាញ អភិជន អ្នកមានស្ដុកស្តម្ភ និងបណ្ដាអ្នកសិល្បៈជាច្រើននិយមប្រើប្រាស់ផលិតផលនៃប៊្រេនមួយនេះ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ រស្មី

- Advertisment -

ព័ត៌មានថ្មីបំផុត