ជំនាញទាំង ៥ ដែលសហគ្រិនកម្ពុជាគ្រប់រូបត្រូវការ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម

សព្វថ្ងៃ សហគ្រិនភាពមានភាពកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសហគ្រិនវ័យក្មេងដែលទើបចាប់ផ្ដើម​​​​​​​​​​​​​​​​​​​​​​​​​​​​អាជីវកម្មថ្មីថ្មោង។ ក្នុងនោះដែរ សហគ្រិនវ័យក្មេងគួរពង្រឹងជំនាញរបស់ខ្លួនបន្ថែមក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ដើម្បីជោគជ័យក្នុងជំនួញរបស់ខ្លួននិងឈរជើងបានយូរអង្វែងលើទីផ្សារ។

ខាងក្រោមនេះ ជាជំនាញទាំង ៥ ដែលសហគ្រិនគ្រប់រូបត្រូវការ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម៖

១. ពង្រឹងសមត្ថភាពនិយាយជាសាធារណៈ

ជាការពិតណាស់​ ការនិយាយជាសាធារណពិតជាមានសារៈសំខាន់ជាច្រើនសម្រាប់មនុស្សទូទៅ ដូចជា សិស្ស និងគ្រូបង្រៀនត្រូវធ្វើបទបង្ហាញនៅក្នុងថ្នាក់។ ជាពិសេស វាពិតជាសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគ្រិន​ អ្នកជំនួញ និងអ្នកទីផ្សារ ព្រោះពួកគាត់ត្រូវធ្វើការត្រូវធ្វើការទំនាក់ទំនងជាមួយដៃគូសហការ និងអតិថិជន ក្នុងការបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគាត់។ ដូចនេះ​ សហគ្រិនគ្រប់រូបត្រូវពង្រឹងជំនាញនិយាយជាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីធ្វើផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យអ្នកដទៃចាប់អារម្មណ៍ និងក្លាយជាអតិថិជនរបស់អ្នក។

២. បង្កើនទំនុកចិត្តលើខ្លួនឯង

ការមានទំនុកចិត្តលើខ្លួនឯង ជាកត្ដាដ៏សំខាន់បំផុតក្នុងការទាក់ទាញអ្នកដទៃឲ្យមានការជឿជាក់មកលើយើង។ វាក៏ជាកាតាលីករមួយ ដែលធ្វើឲ្យបាត់បង់នូវភាពភ័យខ្លាចនិងជួយជម្រុញឲ្យមានសេចក្ដីក្លាហានក្នុងការធ្វើកិច្ចការអ្វីមួយ។ ក្នុងនាម ជាសហគ្រិនមួយរូបត្រូវមានទំនុកចិត្តលើខ្លួនឯងនិងលើអ្វីដែលខ្លួនបានធ្វើ នោះអ្នកនឹងមិនមានភាពភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ។ មួយវីញទៀត ការមានទំនុកចិត្តលើខ្លួនឯង ធ្វើឲ្យអ្នកដទៃមានស្គាល់ពីភាពខ្លាំងរបស់អ្នកនិងមានទំនុកចិត្តលើរូបអ្នក។ ដូច្នេះ វាជាផ្នែកមួយក្នុងការធ្វើអ្នកដទៃជឿជាក់លើផលិតផលនិងសេវាកម្មរបស់អ្នកផងដែរ។

៣. ស្គាល់ច្បាស់ពីខ្លួនឯង និងអ្វីដែលខ្លួនកំពុងធ្វើ

ការស្គាល់ខ្លួនឯងច្បាស់ ជាប្រទីបបំភ្លឺទៅរកភាពជោគជ័យក្នុងជីវិត ព្រោះអ្នកដឹងថាខ្លួនពូកែ និងមានទេពកោសល្យខាងផ្នែកអ្វីមួយហើយព្យាយាមធ្វើវាអស់ពីសមត្ថភាព។ បន្ថែមទៀតនោះ អ្នកត្រូវតែមានភាពច្បាស់លាស់នូវអ្វីដែលខ្លួនបានធ្វើ ដើម្បីឲ្យអ្នកដឺងថា តើយើងចង់ធ្វើវាក្នុងគោលបំណងអ្វី ហើយត្រូវធ្វើអ្វីក្នុងការសម្រេចវា?

៤. ស្ដាប់ដោយការពិចារណា

ការស្ដាប់ គឺវិធីសាស្រ្ដនៃការរៀនសូត្រដ៏ល្អមួយក្នុងការជួយបង្កើននូវចំនេះដឹងថ្មីៗ​ ដែលបានមកពីការចែករំលែកនូវបទពិសោធន៍ មេរៀន និងទស្សនៈផ្សេងរបស់បុគ្គលជោគជ័យដែលទាក់ទងនឹងអាជីវកម្មរបស់ខ្លួន។ យ៉ាងណាមិញ បុគ្គលគ្រប់រូបជាពិសេសសហគ្រិនគួរស្ដាប់នូវបទពិសោធន៍ និងទស្សនៈទាំងដោយពិចារណញ្ញាណ ព្រោះមិនមែនឲ្យតែទស្សនៈរបស់បុគ្គលជោគជ័យសុទ្ធតែត្រូវ និងប្រើប្រាស់មានប្រសិទ្ធភាព១០០%នោះទេ។ បន្ថែមទៀតនោះ សហគ្រិនត្រូវចេះវិនិច្ឆ័យ និងប្រើប្រាស់នូវវិធីផ្សេងៗឲ្យត្រូវទៅនឹងបរិបទនៃការប្រព្រឹត្តិរបស់ខ្លួន និងសង្គមផងដែរ។

៥. គ្រប់គ្រងពេលវេលាឲ្យបានខ្ជាប់ខ្ជួន

ពេលវេលាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាមិនអាចត្រឡប់ថយក្រោយបាននោះទេ។ មនុស្សម្នាក់ៗ មានពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា ប៉ុន្ដែមនុស្សម្នាក់ៗមានការប្រើប្រាស់ពេលវេលាខុសៗគ្នា ហើយវាក៏ជាកត្ដាដែលធ្វើឲ្យមនុស្សមានភាពជោគជ័យនិងបរាជ័យទៅតាមហ្នឹងដែរ។ ក្នុងកត្ដានេះ អ្នកអាចសិក្សារៀនសូត្រពីរបៀបនៃបែងចែកពេលវេលាតាមបុគ្គលជោគជ័យមួយចំនួនដូចជា Jack Ma, Bill Gates, និង Warren Buffet ជាដើម។

៦. ពង្រឹងជំនាញក្នុងការគ្រប់គ្រងមនុស្ស

សហគ្រិនគ្រប់រូប ត្រូវយល់ច្បាស់នូវចរិកលក្ខណៈរបស់មនុស្សបែបណា ដែលត្រូវជាមួយនឹងបរិបទនៃការរកស៊ីរបស់ខ្លួន ព្រោះបុគ្គលិកជាអ្នកធ្វើការដោយផ្ទាល់ជាមួយនឹងអតិថិជន។

អត្ថបទដោយ៖ រស្មី