តើអ្នកដឹងទេថា ក្រុមហ៊ុន IBM មានប្រវត្តិយ៉ាងណាខ្លះទេ?

IBM មកពីពាក្យថា International Business Machine គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយក្នុងពិភពលោក ដោយក្រុមហ៊ុននេះមានភាពល្បីល្បាញដោយសារផលិតផលប្រើប្រាស់ក្នុងការិយាល័យដូចជា អង្គលីលេខ ម៉ាស៊ីនគិតលេខ កុំព្យូទ័រយូរដៃ និងការរកឃើញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ បច្ចុប្បន្ននេះក្រុមហ៊ុនលក់សេវាកម្ម និងកម្មវិធីទៅអោយក្រុមហ៊ុនធំៗដទៃទៀត។ ថ្ងៃនេះ Dr. business នឹងបង្ហាញពីប្រវត្តិនៃការបង្កើតក្រុមហ៊ុន IBM​ ៖

ប្រវត្តិ៖

លោក ​Thomas J. Watson ជាស្ថាបនិកនៃក្រុមហ៊ុន IBM នឹងកើតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨៧៤។ លោកបានសិក្សានៅសាលាពាណិជ្ជកម្ម Elmira ក្នុងទីក្រុង New York។ នៅឆ្នាំ១៨៩៥ លោក ​Thomas​ បានធ្វើជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន National Cash Register Company នៅទីក្រុងDayton នៃរដ្ឋOhio ក្រោយមកលោកបានឡើងឋានៈជាប្រធានផ្នែកលក់ទូទៅរបស់ក្រុមហ៊ុនដោយមានការជួយជ្រោមជ្រែងពីប្រធានរបស់លោកគឺ John Henry Patterson ។ មិនយូរប៉ុន្មាន លោក Thomas​​ និងលោក Patterson​ បានពាក់ព័ន្ធនឹងរឿងខុសច្បាប់មួយដែលបណ្តាលឲ្យមានការផ្តន្ទាទោសចំពោះលោកទាំងពីរ ហើយធ្វើឲ្យលោក Thomas​ ចាកចេញពីក្រុមហ៊ុននៅឆ្នាំ១៩១៣។

ការចាប់ផ្តើម៖

នៅឆ្នាំ១៩១៤ លោកបានក្លាយជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធកុំព្យូទ័រប្រើ punch-card computing systems ។ បន្ទាប់មក នៅឆ្នាំ ២៩២៤ លោកបានប្តូរឈ្មោះក្រុមហ៊ុនទៅជាសាជីវកម្ម IBM។

ភាពរីកចម្រើន៖

ក្រុមហ៊ុន IBM ជាអ្នកធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងពិភពកុំព្យូទ័រ នឹងបានធ្វើឲ្យដៃគូប្រជែងជាច្រើនក្ស័យធនដោយសារផលិតផលខ្លួនផងដែរ។ អ្វីៗទាំងអស់នេះចាប់ផ្ដើមឡើងដោយម៉ាស៊ីនគិតលេខរបស់ IBM ដែលបានបញ្ចេញមកក្នុងទីផ្សារនៅឆ្នាំ១៩៤៤ ក្រុមហ៊ុនក៏បានបញ្ចេញកុំព្យូទ័រឈ្មោះថា HARVARD MARK​ ១ ដែលវាមានសមត្ថភាពក្នុងការគណនាលេខដែលមានភាពស្មុគស្មាញខ្លាំង​ នឹង IBM ៧០១ EDPM ត្រូវបានគេប្រើប្រាស់នៅក្នុងការពិសោធន៍វិទ្យាសាស្ត្រ។ ក្នុងឆ្នាំដដែល លោក Robert Dennard ដែលជាអ្នកស្រាវជ្រាវនៅ IBM បានបង្កើតឡើងនូវ DRAM ដែលវាមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មកុំព្យូទ័ររហូតដល់សព្វថ្ងៃនេះ។

នៅឆ្នាំ១៩៨១ IBM​ ចាប់ផ្ដើមផលិតកុំព្យូទ័រផ្ទាល់ខ្លួនក្រោយមានការសហការណ៍ជាមួយ Microsoft ក្នុងការផលិតកម្មវិធីឲ្យកុំព្យូទ័រ តែផលិតផលនេះត្រូវបានបញ្ចប់ការផលិតនៅក្នុងខែមេសាឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៩២ IBM ចាប់ផ្ដើមបង្កើតកុំព្យូទ័រយួរដៃវិញម្ដងដោយវាមានឈ្មោះថា ThinkPad ហើយក្រុមហ៊ុនដាក់លក់ដំបូងចំនួន៣ម៉ូដែល។

ជារួមមកក្រុមហ៊ុន IBM ក្លាយជាក្រុមហ៊ុនមួយដែលគេឲ្យតម្លៃ​ និងទុកចិត្តបំផុតនៅក្នុងវិស័យ IT ហើយបច្ចុប្បន្ននេះមានបុគ្គលិកជាងបីលានអ្នកនៅប្រទេសជាច្រើនទូទាំងពិភពលោក៕

អត្ថបទដោយ៖ មាលា